គ្រឿងញៀន និង សារធាតុ​ផ្សំ​ជិត ៥០០​គីឡូក្រាម​ត្រូវ​បាន មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាប​និង ចាប់ខ្លួន​ជន​បរទេស​ចំនួន ៤​នាក់​

ភ្នំពេញ​៖ តាម​បញ្ជា ឯកឧត្តម នាយ ឧត្ដម សេនី​យ៍ ស ថេ ត អគ្គស្នងការ នគរបាល ជាតិ , ឯកឧត្តម នាយ ឧត្ដម សេនី​យ៍ ម៉ក់ ជី តូ និង ឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការ រង ទទួល ផែន ប្រឆាំង បទល្មើស គ្រឿងញៀន និង ក្រោម ការ បញ្ជា ដឹកនាំ ផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹ ង សា រ៉ាត់ នាយក មន្ទីរ ប្រឆាំង បទល្មើស គ្រឿងញៀន ។​

​ការបង្ក្រាប​នេះ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៣ កម្លាំង​ជំនាញ (​ក​១១) ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ទោ ស៊ី ផល្លា​, លោក ជាវ តុលា នាយករង​មន្ទីរ សហការ​ជាមួយ​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ដោយ​មាន​ការដឹកនាំ​សម្របសម្រួល​ពី​លោក ស៊ន មុនី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដំណើរការ​ស្រាវជ្រាវ បង្ក្រាប​ករណី ជួញដូរ រក្សាទុក​គ្រឿងញៀន នៅ​ពីរ​គោលដៅ​ផ្សេងគ្នា ទី​១៖ នៅតាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​តា​ឡុង​៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ទី​២៖ បុរី​មួយកន្លែង ក្នុង​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់​៖ ១. ឈ្មោះ XIE JIE ភេទ​ប្រុស ជនជាតិ​ចិន កើត​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​១៩៩៦, ២.​ឈ្មោះ LE MINH HUY ភេទ​ប្រុស ជនជាតិ​វៀតណាម កើត​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០០២, ៣.​ឈ្មោះ TRAN NGOC PHAT ភេទ​ប្រុស ជនជាតិ​វៀតណាម កើត​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២០០១ និង​៤. ឈ្មោះ ZANG PEIPEI ភេទ​ប្រុស ជនជាតិ​ចិន កើត​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​១៩៩០​។​

​សម្រាប់​វត្ថុតាង​ដែល​ចាប់​យក​បាន​រួម​មាន​៖ សារធាតុ​ញៀន​អ៊ិច​ស្តា​ស៊ី (MDMA) ទម្ងន់ ២៦ គីឡូក្រាម និង​៤៦​ក្រាម​, សារធាតុ​ញៀន​មេតំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ២៨ គីឡូក្រាម និង ៣៨០​ក្រាម​, សារធាតុ​ញៀន​កេតា​មីន (Ketamine) ទម្ងន់ ៨៣២ ក្រាម​, សារធាតុ​ញៀន​នី​មេ​តា​ហ្សេ​ប៉ាម ទម្ងន់ ២ គីឡូក្រាម ៩៦៦​ក្រាម​។ សរុប​គ្រឿងញៀន ទម្ងន់ ៥៨ គីឡូក្រាម និង​២២៤ ក្រាម ជាមួយ​សារធាតុ​ផ្សំ​បង្កើន​បរិមាណ ទម្ងន់ ៣៣៦.៤០ គីឡូក្រាម និង​សារធាតុ​មិន​ច្បាស់ ៣ គីឡូក្រាម និង​៩៦៦ ក្រាម​។​

​បច្ចុ​ប្ប ន្ន​ជនសង្ស័យ និង​វត្ថុតាង​រឹបអូស​បាន ត្រូវ​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​។​

​សូមជម្រាបថា នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ បាន​ដាក់ចេញ​នូវ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ និង​ណែនាំ​ឱ្យ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ធ្វើការ​បោសសម្អាត​ឧក្រិដ្ឋជន​គ្រឿងញៀន​ឱ្យអស់​។​ដោយ​ទទួលបាន​បទបញ្ជា​នេះ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដែល​ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បាន​ប្តេជ្ញាចិត្ត​ថា​នឹង​ចុះ​បង្ក្រាប​គ្រឿងញៀន តាម​បណ្ដា​រាជធានី​-​ខេត្ដ យ៉ាង​សស្រាក់សស្រាំ​ដូច​ភ្លៀងរលឹម និង​បង្ក្រាប​ឱ្យ​ដល់​ឫសគល់​។​

​ជាក់ស្តែង​រយៈពេល​ចុងក្រោយ​នេះ ករណី​ជួញដូរ​គ្រឿងញៀន​ធំៗ ជាច្រើន​ត្រូវ​បាន​បង្ក្រាប ជាមួយនឹង​ឧក្រិដ្ឋជន​ជាច្រើន​នាក់ ត្រូវបាន​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​៕​