
ឯកឧត្តម ហ៊ុន ម៉ានី សូមឱ្យមានការជឿជាក់ថា ប្រព័ន្ធជ្រើសរើសក្លាយជាមន្ត្រីរាជការស៊ីវិល មិនចាំបាច់អស់លុយ ក្រៅពីការចុះឈ្មោះតែប៉ុណ្ណោះ
នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយការអនុវត្តនិយាមនីតិវិធីប្រតិបត្តិ និងចែករំលែកបទពិសោធ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល» ជូនក្រសួង ស្ថាប័ន។
ថ្លែងក្នុងសុន្ទរកថាបើកសិក្ខាសាលា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “ផ្អែកលើមូលដ្ឋានដែលបានកំណត់ក្នុងវិធានការគន្លឹះទាំង៣ និងជាពិសេសការកែលម្អឱ្យកាន់តែប្រសើរឡើង នូវការជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្នុងដំណើរការរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដែលមានរយៈពេលជាង២០ខែកន្លងទៅនេះ ក្រសួងមុខងារសាធារណៈ បានដឹកនាំ និងសម្របសម្រួលការរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការ ស្របតាមគោលការណ៍ជ្រើសរើសប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ស្របតាមអនុសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» និងរើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ។
តាមរយៈគោលការណ៍ថ្មី យន្តការថ្មី និងបែបបទនីតិវិធីថ្មី ដែលមានកំណត់ក្នុងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តនីតិប្រតិបត្តិសម្រាប់ការជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្រសួងមុខងារសាធារណៈ បានដឹកនាំ និងសម្របសម្រួលការរៀបចំប្រឡង ចំនួន ៨ក្រសួង ស្មើនឹង ៤២លើក។”
ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមថា “សិក្ខាសាលានៅក្នុងថ្ងៃនេះ មិនមែនត្រឹមតែជាការចែករំលែកបទពិសោធទេ តែជាការជម្រាបជូនក្រសួង ស្ថាប័ន ដោយសារយើងត្រូវធ្វើការជាមួយគ្នាបន្តទៅអនាគត។ អ្វីដែលផ្សព្វផ្សាយនាថ្ងៃនេះ ក៏ជាព័ត៌មានមូលដ្ឋាននៃការសហការជាមួយគ្នា ដើម្បីធ្វើកិច្ចការងារទាំងអស់នេះ។”
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំណូមពរឱ្យសិក្ខាកាមទាំងអស់ចូលរួមផ្សព្វផ្សាយបន្ត ប្រសិនបើមានបុគ្គលណាប្រាប់ថា ពឹងលើគេបាន ឱ្យលុយគេទៅ ដើម្បីឱ្យគេជួយប្រឡងជាប់ នេះមិនមានទេ ហើយថ្ងៃក្រោយប្រសិនបើមានគេថា លុយហ្នឹងរៀបចំទុកឱ្យឯកឧត្តម ហ៊ុន ម៉ានី គឺគ្មានទេ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវបន្ថែម “សូមឱ្យមានការជឿជាក់ថាប្រព័ន្ធជ្រើសរើសក្លាយជាមន្ត្រីរាជការស៊ីវិល មិនចាំបាច់អស់លុយ ក្រៅពីការចុះឈ្មោះ ២ម៉ឺនរៀលតែប៉ុណ្ណោះ” ។
បើទោះបីរៀបចំច្រើនលើក និងជ្រើសរើសបានមន្ដ្រីជាង ៣ពាន់នាក់ តាមគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាពក្ដី ក៏នៅបន្តមានការលើកឡើងពីការរត់ការឱ្យជាប់ក្របខណ្ឌ។
ឆ្លើយតបនឹងពាក្យចចាមអារ៉ាម ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ប្រាប់ទៅប្រជាពលរដ្ឋ កុំឱ្យចាញ់បោករឿងរត់ការជួយឱ្យជាប់ជាមន្ត្រីជាដាច់ខាត។
ឯកឧត្តមថា ការប្រឡងគឺមាននិយាមនីតិវិធីប្រតិបត្តិច្បាស់លាស់ រាល់ដំណើរការ ទាំងមុនការប្រឡង ការប្រឡង និងក្រោយប្រឡង គឺធានាបានភាពត្រឹមត្រូវ ភាពសុក្រឹត្យ និងយុត្តិធម៌សម្រាប់គ្រប់បេក្ខជនទាំងអស់។
សូមជម្រាបថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន២ រួមមាន៖
ទី១.ផ្សព្វផ្សាយអំពីការអនុវត្តនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលស្ថិតក្រោមច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ។
ទី២.ចែករំលែកបទពិសោធរបស់ក្រសួងមុខងារសាធារណៈក្នុងការដឹកនាំគណៈកម្មការរៀបចំការប្រឡងប្រជែង ដោយអនុវត្តតាមនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការប្រឡងប្រជែងនានាកន្លងមក៕