ជំនួប​សម្តែង​ការគួរសម​រវាង​គណៈ​ប្រតិភូ​គណៈ​អធិការកិច្ច​វិន័យ​បក្ស​កុម្មុយនីស្ត​ចិន ខេត្ត​យូ​ណាន និង​លោក ប្រធាន​មន្ទីរ​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​ខេត្ត​ព្រះសីហនុ​

​ព្រះសីហនុ​៖ លោក អេង តែ​ត​តា ប្រធាន​មន្ទីរ​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​ខេត្ត​ព្រះសីហនុ បាន​ទទួល​ជួប​សម្ដែង​ការគួរសម​ជាមួយ​គណៈ​ប្រតិភូ​គណៈ​អធិការកិច្ច​វិន័យ​បក្ស​កុម្មុយនីស្ត​ចិន ខេត្ត​យូ​ណា​ន​និង​គណៈ​ត្រួតពិនិត្យ​កិច្ចការរដ្ឋ​ចិន ខេត្ត​យូ​ណា​ន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​រសៀល​ថ្ងៃ​ទី ២៣ ខែ​មេសា​ឆ្នាំ ២០២៥ នៅ​មន្ទីរ​អធិការកិច្ច​ខេត្ត​ព្រះសីហនុ​។​

​ក្នុង​ជំនួប​នេះ លោក ប្រធាន​មន្ទីរ​អធិការកិច្ច​ខេត្ត បាន​លើកឡើង​អំពី​កត្តា​ភូមិសាស្ត្រ​ក្នុង​ខេត្ត​ក៏ដូចជា​សក្កា​នុព​ល​របស់​ខេត្ត​ព្រះសីហនុ​ក្រោម​ការដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា ដែល​បាន​ធ្វើឲ្យ​ប្រទេស​មាន​សុខ​សន្តិភា​ពមាន​ការអភិវឌ្ឍន៍​រីកចម្រើន​ដូច​នាពេល​បច្ចុប្បន្ន​។​

​ខេត្ត​ព្រះសីហនុ​គឺជា​ខេត្ត​ដែល​មាន​សក្តានុពល​ក្នុង​ការរួមចំណែក​អភិវឌ្ឍន៍​សង្គម​និង​សេដ្ឋកិច្ច​ជាតិ​ដូចជា វិស័យ​សំណង់ អចលនទ្រព្យ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ កសិឧស្សាហកម្ម​និង​វិស័យ​គមនាគមន៍​និង មាន​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ ផ្លូវគោក ផ្លូវទឹក ផ្លូវដែក ផ្លូវអាកាស មាន​ផ្លូវ​ល្បឿន​លឿន​ក្នុងការ​ត​ភ្ជាប់​ទៅ​កាន់​បណ្ដា​រាជធានី​ខេត្ត និង​មាន​កំពង់ផែ​ទឹក​ជ្រៅ​ដែល​មាន​ភាព​ងាយ ស្រួល​ក្នុង​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​ទៅ​មក​ជាមួយ​បណ្ដា​ប្រទេស​នានា​ទូទាំង​ពិភពលោក​ផងដែរ​។

​លោក​ក៏​បាន​លើកឡើង​អំពី​ភារកិច្ច​សំខាន់ៗ របស់​មន្ទីរ​អធិការកិច្ច​ខេត្ត ស្របតាម​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន ពាក់ព័ន្ធ ការងារ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់ ការងារ​អធិការកិច្ច ការងារ​តាមដាន​ការអនុវត្ត​ច្បាប់ និង​ការងារ​ទទួលដោះស្រាយ​បណ្ដឹង​។​

​ជាមួយគ្នា​នោះ​លោក​ប្រធាន​មន្ទីរ បាន​ពាំនាំ​ការ​ផ្ដាំផ្ញេ​ី​របស់​ឯកឧត្ដម ម៉ា​ង ស៊ី​ណេត អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​សូម​ឲ្យ​គណៈប្រតិភូ​ខេត្ត​យូ​ណា​ន​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះសីហនុ​នាពេល​នេះ​បន្ត​ផ្សព្វផ្សាយ​អំពី​សក្កា​នុព​ល​របស់​ខេត្ត​និង​ជំរុញ​អ្នកវិនិយោគ ភ្ញៀវ​ទេសចរណ៍ មក​កាន់​ខេត្ត​ព្រះសីហនុ ដើម្បី​មាន​ការអភិវឌ្ឍន៍​ពី​ចម្រើន​កាន់តែ​ខ្លាំង​ឡើង​បន្ថែម​ទៀត​ផង​ដែរ​។​

​មានប្រសាសន៍ នា​ឱកាស​នោះ​លោក Lei Gang ប្រធាន​គណៈប្រតិភូ​និង​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈ​ត្រួតពិនិត្យ​កិច្ចការរដ្ឋ​ចិន ខេត្ត​យូ​ណាន បាន​កោតសរសើរ​ចំពោះ​ការអភិវឌ្ឍន៍​រីកចម្រើន​របស់​ខេត្ត​ព្រះសីហនុ និង​ការទទួល​ស្វាគមន៍​ពី​មន្ទីរ​អធិការកិច្ច​ខេត្ត​ព្រះសីហនុ នឹង​បាន​លើកឡើង​អំពី​ទំនាក់ទំនង​ល្អ រវាង​ប្រទេស​ទាំង​ពីរ​ដែល​បាន​រួមសុខ​រួមទុក្ខ​ជាមួយ​គ្នា​រយៈពេល​កន្លងមក​នឹង​បន្ត​ទៅ​អនាគត​។

​ជុំវិញ​បញ្ហា​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​នៅក្នុង​ខេត្ត​ព្រះសីហនុ​នាពេលនេះ លោក​បាន​ស្វែងយល់​ស៊ីជម្រៅ​អំពី​តួនាទី​ភារកិច្ច​របស់​មន្ទីរ​អធិការកិច្ច​ខេត្ត​ព្រះសីហនុ ដែល​បាន​បំពេញការងារ​បាន​យ៉ាង​ល្អ ហើយ​ទំនាក់ទំនង​រវាង​ខេត្ត​យូ​ណាន​ប្រទេស​ចិន និង​ប្រទេស​កម្ពុជា​នឹង​បង្កើន​ពង្រឹង​ចំណងមិត្តភាព​កិច្ចសហប្រតិបត្តិការ​កសាង​ខ្សែក្រវ៉ាត់​មួយ និង​ផ្លូវ​មួយ​៕​