​កម្ពុជា និង​កូរ៉េ លើកកម្ពស់​កម្មសិទ្ធិបញ្ញា​ដើម្បី​ទាក់ទាញ​ការវិនិយោគ​

​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម និង​សមាគម​អតីត​និស្សិត​កម្ពុជា​-​កូរ៉េ (CAMKAA) ក្រោម​ការគាំទ្រ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA) បាន​រៀបចំ​សិក្ខាសាលា​ចែករំលែក​ចំណេះដឹង​ស្តីពី​ការលើក​កម្ពស់​វិនិយោគ​នៅ​កម្ពុជា តាមរយៈ​កម្មសិទ្ធិបញ្ញា កម្មវិធី​ទទួលស្គាល់​ប្រកាសនីយបត្រ​តក្កកម្ម និង​ការចុះបញ្ជី​ប្រកាសនីយបត្រ​តក្កកម្ម​តាម​ប្រព័ន្ធ​អន​ឡា​ញ​។​

​សិក្ខាសាលា​ចែករំលែក​ចំណេះដឹង​ស្តីពី​ការលើកកម្ពស់​វិនិយោគ​នៅ​កម្ពុជា តាមរយៈ​កម្មសិទ្ធិបញ្ញា កម្មវិធី​ទទួលស្គាល់​ប្រកាសនីយបត្រ​តក្កកម្ម និង​ការចុះបញ្ជី​ប្រកាសនីយបត្រ​តក្កកម្ម​តាម​ប្រព័ន្ធ​អន​ឡា​ញ បាន​រៀបចំ​ឡើង​នា​ថ្ងៃទី​៣០ ខែ​មេសា នៅ​ទីស្តីការក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ មាន​គោលដៅ​ពង្រឹង​ប្រព័ន្ធ​អេកូឡូស៊ី​កម្មសិទ្ធិបញ្ញា​របស់​កម្ពុ​ជា តាមរយៈ​ការលើកកម្ពស់​ការចុះបញ្ជី​ប្រកាសនីយបត្រ​តក្កកម្ម ការទទួលស្គាល់​ប្រកាសនីយបត្រ​តក្កកម្ម​បរទេស និង​ការសម្របសម្រួល​ការធ្វើ​ពាណិជ្ជកម្ម​លើ​ការរកឃើញ​ថ្មីៗ​។​

​ឯកឧត្តម ភោគ សុវណ្ណារិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​លើកឡើង​ថា​៖ “​កម្មសិទ្ធិបញ្ញា​ជួយ​ការពារ​សិទ្ធិ​របស់​តក្កករ អ្នក​ច្នៃប្រឌិត និង​សហគ្រិន ដោយ​លើក​ទឹកចិត្ត​ដល់​ការអភិវឌ្ឍ​គំនិត និង​បច្ចេកវិទ្យា​ថ្មីៗ​។ វា​ក៏​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​លំហូរ​ចរន្ត​នៃ​ការច្នៃប្រឌិត និង​ការវិនិយោគ​ឱ្យ​កាន់តែ​មាន​សន្ទុះ​ខ្លាំងក្លា​ផង​ដែរ​។​”

​សិក្ខាសាលា​បាន​ចែករំលែក​យុទ្ធសាស្ត្រ​ទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​តាមរយៈ​កម្មសិទ្ធិបញ្ញា ដោយ​មាន​តំណាង​ពី​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​អ្នកជំនាញ​កម្ពុជា និង​កូរ៉េ​   ​ចែករំលែកឧ​ត្ត​មានុ​វត្តន៍ និង​មេរៀន​សំខាន់ៗ​ស្តី​ពី​បរិវត្ត​កម្ម​សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េ​។​

​ចាប់តាំងពី​ការបើក​ដំណើរការ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩៤ ទីភ្នាក់ងារ KOICA បាន​បន្ត​រួម​ចំណែក​យ៉ាងសកម្ម ក្នុង​ការលើកកម្ពស់​កា​រ​ផ្លាស់ប្តូរ​ជំនាញ និង​ការផ្ទេរ​បច្ចេកវិទ្យា ដោយ​បាន​បញ្ជូន​មន្ត្រី​កម្ពុជា ៤.១៧៩​នាក់​ទៅ​ចូលរួម​កម្មវិធី​បណ្តុះបណ្តាល​នៅ​ប្រទេស​កូរ៉េ​៕