
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្ត្រា ផ្តាំផ្ញើដល់ក្រុមការងាររាជរដ្ឋាភិបាលថ្មីចុះមូលដ្ឋានក្រុង ស្រុក ទាំង៧ នៃខេត្តក្រចេះ ត្រូវតែខិតខំប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដើម្បីឆ្លើយតបទៅនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា
បន្ទាប់ពីត្រូវបានចាត់តាំងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ បានបើកកិច្ចប្រជុំដើម្បីប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្រុកទាំង ៧ របស់ខេត្តក្រចេះសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងធ្វើការណែនាំលើរបៀបរបបការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះមូលដ្ឋានជូនដល់សមាជិកសមាជិកាទាំងអស់ដើម្បីប្រសិទ្ធភាពការងារខ្ពស់។ ពិធីប្រកាសជាផ្លូវការនូវសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តក្រចេះ និងក្រុមការងារចុះជួយក្រុង ស្រុកទាំង៧ ខេត្តក្រចេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នាសាលមហោស្រពខេត្តក្រចេះ។
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ មានប្រធាន អនុប្រធាន និងសមាជិកសរុប ១៤១ នាក់ដែលជាសមាសភាពអញ្ជើញមកពីក្រសួងស្ថាប័ននានា ដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ទីប្រឹក្សា អស់លោក លោកស្រី ជាអគ្គនាយករង និងថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំសង្កាត់ផងដែរ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលខេត្តក្រចេះបាន ថ្លែងថាក្រុមការងារដែលបង្កើតឡើងនេះគឺជាបណ្តុំធនធានមនុស្ស និងជាកម្លាំងស្នូលដើម្បីលើកកម្ពស់ការដឹកនាំ សម្របសម្រួលគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ការផ្តល់សេវា ការអភិវឌ្ឍមូលដ្ឋាន ការដោះស្រាយបញ្ហានានាដើម្បីប្រជាពលរដ្ឋនៅមូលដ្ឋាន។
ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្តនិងអាជ្ញាធរក្រុងស្រុកនៃខេត្តក្រចេះ ប្រធានក្រុមការងារបានចែកសមាសភាពនៃក្រុមការងារចុះមូលដ្ឋានចុះមូលដ្ឋានក្រុងស្រុកដោយក្នុងនោះ៖ ១-ក្រុមការងារចល័តនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះដែលជាបណ្តុំថ្នាក់ដឹកនាំជារដ្ឋលេខាធិការនិងអនុរដ្ឋលេខាដែលនឹងចុះជួយក្រុមការងារក្រុងស្រុកនានាតាមការចាត់តាំង។ ២-ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះមាន ឯកឧត្តម ហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ជាប្រធាន។ ៣-ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង ខេត្តក្រចេះដឹកនាំឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន។ ៤-ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រែកប្រសព្វ ខេត្តក្រចេះដឹកនាំដោយ ឯកឧត្តម ហុីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន។ ៥-ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ខេត្តក្រចេះដឹកនាំដោយឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន។ ៦-ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នូល ខេត្តក្រចេះដឹកនាំដោយឯកឧត្តម លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ៧-ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំបូរដឹកនាំដោយឯកឧត្តម ទាន សុសេរី រដ្ឋលេខាធិការក្រសួងផែនការ ។ ៨-ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងក្រចេះដឹកនាំដោយ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន។
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក នៃខេត្តក្រចេះ ត្រូវបានប្រគល់ភារកិច្ចជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។ អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ត្រូវបានប្រគល់ភារកិច្ចជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។ តួនាទី ភារកិច្ច របៀបរបបការងាររបស់ក្រុមការងារត្រូវកំណត់ដោយសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល។ ប្រធានក្រុមការងារមានសិទ្ធិសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីចាត់មន្ត្រីឱ្យចូលរួមក្នុង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមការចាំបាច់។
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្ត្រា ផ្តាំផ្ញើដល់ក្រុមការងាររាជរដ្ឋាភិបាលថ្មី ចុះមូលដ្ឋាន ក្រុង ស្រុក ទាំង ៧ នៃខេត្តក្រចេះ ត្រូវតែខិតខំប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋដើម្បីឆ្លើយតបទៅនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា អោយបន្តដឹកនាំប្រទេសជាតិបានកាន់តែរីកចំរើន និងរក្សាបានសុខសន្តិភាពទៅមុខទៀត។
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ដែលបានបង្កើតឡើងនេះ គឺជាផ្នែកមួយតំណាងឱ្យរាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ដើម្បីរួមគិតនិងដោះស្រាយបញ្ហាក្នុងការអភិវឌ្ឍមូលដ្ឋានអោយកាន់តែមានការរីកចម្រើន។
ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានជម្រាបជូនពីភូមិសាស្ត្រខេត្តក្រចេះ ស្ថិតនៅតំបន់ខ្ពង់រាបប៉ែកឦសាននៃប្រទេស មានផ្ទៃដីសរុប ១១.០៩៤ គីឡូម៉ែត្រការ៉េ ចែកចេញជា ៦ស្រុក និងក្រុង១ មាន ៤៣ឃុំ ៥សង្កាត់ និងមានភូមិចំនួន ៣២៧ ភូមិ។ ខេត្តមានប្រជាជនសរុប ៤៤៤.២៦៦ នាក់ ស្រី ២២៣.៣៧០នាក់ ស្មើនឹង ១០៣.៦៧៨ គ្រួសារ ដង់ស៊ីតេប្រជាជន ៤០នាក់ ក្នុង១គីឡូម៉ែត្រការេ។ ខេត្តមានជនជាតិដើមភាគតិចរស់នៅចំនួន ៧រួមមាន ភ្នង កួយ ស្ទៀង ខោញ មិល ថ្មូន និងក្រោល ស្ថិតនៅស្រុកស្នូល ស្រុកចិត្របុរី ស្រុកសំបូរ និងស្រុកអូរគ្រៀងសែនជ័យ។
ឯកឧត្តម អភិបាលខេត្ត មានជំនឿយ៉ាងមុតមាំថា ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលត្រូវបានរាជរដ្ឋាភិបាលចាត់តាំងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នឹងដឹកនាំការងារចុះធ្វើវេទិកាសាធារណៈកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀត។
តាមរយៈនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ នៃខេត្តក្រចេះ ប្ដេជ្ញាចូលរួមយ៉ាងសកម្មដើម្បីចូលរួមគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយនិង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រ ង់នានារបស់រាជ រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបម្រើផលប្រយោជន៍ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅតាម មូលដ្ឋាននានា និងចូលរួមបំផុសចលនាឱ្យមានការគាំទ្រ ការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ សំដៅបម្រើនូវសេចក្ដីត្រូវការពិតប្រាកដ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ៕