ឈ្មួញ​ឈើ​ឈ្មោះ​លោក លេង និង​ឈ្មោះ​ចែ​ស្រី កំពុង​ធ្វើ​សកម្មភាព​ដឹកឈើ​ប្រណិត​ល្មើស​ច្បាប់​លើ​ផ្លូវជាតិ​លេខ​7 ចេញពី​ខេត្ត​ស្ទឹងត្រែង នឹង​រថយន្ត​ល្មើស​ច្បាប់​របស់​ចែ​ស្រី​ដឹកឈើ​ក្នុង​ទឹកដី​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​ខេត្តក្រចេះ ជា​រៀងរាល់​យប់ គេ​ទាន់​ឃើញ​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើ​ការចុះ​បង្ក្រាប​

​ខេត្ត​ក្រចេះ​៖ ក្រុម​ប្រពល​រដ្ឋ​បានឱ្យដឹងថា ជា​រៀងរាល់​យប់​ត្រូវ​គេ​ឃើញ​មាន​ឈ្មួញ​ឈើ​ចំនួន​ពី​រូប​ដែល​គេ​ស្គាល់​ឈ្មោះ​ចែ​ស្រី និង​ឈ្មោះ​លោក លេង ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​ចេញពី​ទឹកដី​ខេត្ត​ស្ទឹងត្រែង និង​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​ក្នុង​ទឹកដី​ខេត្ត​ក្រចេះ ដោយ​គេ​ពុំ​ទាន់​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​7 ធ្វើ​ការចុះ​ចាប់​បង្ក្រាប​នៅឡើយ​។​

​ជាក់ស្តែង នៅ​យប់​ថ្ងៃទី​១៧​ខែវិច្ឆិកា​ឆ្នាំ​២០២៣​នេះ ត្រូវ​គេ​ឃើញ​រថយន្ត​ដឹក​ឈើ​របស់​លោក លេង និង​ចែ​ស្រី បាន​ធ្វើ​ការដឹក​បទល្មើស​ព្រៃឈើ​យ៉ាង​រលូន​។ តែ​យ៉ាង​ណា​ក៍​ដោយ​នៅក្នុង​រាត្រី​យប់​ថ្ងៃទី​១៧ វិច្ឆិកា​នេះ​ផងដែរ ឈ្មួញ​ឈើប្រណិត ចែ​ស្រី មិន​បាន​ដឹក​ឈើ​ចេញ​ដោយ​រលូន​នោះទេ ព្រោះ​មាន​សមត្ថកិច្ច​ដែល​មិន​បាន​ផលប្រយោជន៍ ពី​ឈ្មួញ​ឈើ​ចែ​ស្រី តាម​ចាប់​រថយន្ត​ឈ្មួញ​ឈើ​រូប​នេះ​ពេញ​ទឹកដី​ស្រុក​អូរ​គ្រៀង​សែន​ជ័យ ដោយ​ឈ្មួញ​រូបនេះ​បាន​បញ្ជា​ឱ្យ​បរិ​វ៉ា​របស់ខ្លួន​បើក​រថយន្ត​ដឹកឈើ​ខាងលើ​បើក​គេច​ទៅ​លាក់​បាត់​ស្រ​ម៉ោល​។​

​ចំណែក​រថយន្ត​សាំ​យ៉ុង​ដឹក​ឈើ​របស់​ឈ្មោះ​លោក លេង ដែល​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ទឹកដី​ស្ទឹងត្រែង ក៍​បាន​ឆ្លងកាត់​ទឹកដី​របស់​សមត្ថកិច្ច​ស្រុក​អូរ​គ្រៀង​សែនជ័យ​ខេត្តក្រចេះ ដោយ​រលូន តាម​ក្រុង​ក្រចេះ​ឆ្លងទៅ​ខេត្ត​ត្បូងឃ្មុំ​។​

​គួរបញ្ជាក់​ថា រថយន្ត​ដឹកឈើ​បទល្មើស​ព្រៃឈើ​ល្មើសច្បាប់ របស់​ឈ្មោះ លេង ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ស្ទាក់​ចាប់​បង្ក្រាប ចំនួន​២​លើក​មក​ហើយ តែ​ឈ្មួញ​ឈើ​ឈ្មោះ លេង រូប​នេះ​នៅតែ​មិន​រាងចាល រូបគេ​បាន​គៀងគរ​សមត្ថកិច្ច​ពាក់​ព័ន្ធ​បង់លុយ​ក្បាល​ឡាន ប្រចាំខែ និង​បង់​ជើង​រថយន្ត​ដឹកឈើ​ឱ្យ​សមត្ថកិច្ច​ដ៍ដែល ទើប​ជំនួញ​ឈើ​ខុសច្បាប់ របស់គេ​ដំណើរការបាន​ដោយ​រលូន​។​

​សូម​ជម្រាប​ថា​ពាក់ព័ន្ធ​ករណី​បង្ក្រាប រថយន្ត​ដឹកឈើ​ខុសច្បាប់ លោក លេង កម្លាំង​អាវុធ​ខេត្ត​ស្ទឹងត្រែង​បាន​ធ្វើ​ការបង្ក្រាប កាលពី​ព្រឹក​ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​២០២៣ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៣​ថ្មីៗ​នេះ បាន​ធ្វើ​ការបង្ក្រាប​ដោយ​កម្លាំង​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​ធ្វើការ​ស្ទាក់​ចាប់​បង្ក្រាបបាន​ម្តងទៀត​។ ដើម្បី រឹបអូស​វត្ថុតាង​ជូនទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​ព្រៃឈើ​។ ចំណែក​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​ដែល​ត្រូវ​កម្លាំង​អាវុធហត្ថ​ចាប់​បញ្ជូន​ឱ្យទៅ​សមត្ថកិច្ច​ព្រៃឈើ កាលពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា
​ពាក់​ស្លាក​លេខ ភ្នំពេញ 2A.3013 ។ ចំណែក​ឈើ​ល្មើស​ច្បាប់​ទាំងនេះ​ជា​ប្រភេទ​ឈើ “​ក​រកោះ​” ប្រភេទ​ងឿរ និង​ក្តារ​សន្លឹក មិនតែប៉ុណ្ណោះ​លោក លេង រូបគេ​មាន​រថយន្ត​ម៉ាក​លុច​ស៊ី​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 2BE.3915 បើក​ពី​ខាងក្រោយ​រថយន្ត​ដឹកឈើ​ដែល​ចាំ​រារាំង​សមត្ថកិច្ច​តាម​ឃាត់​រថយន្ត​ខ្លួន​។​

​ពាក់ព័ន្ធ​ករណី​ជំនួញ​ឈើ​ឆ្លងខេត្ត​ខាងលើនេះ ចំណែក​លោក លេង ពុំ​ត្រូវ​គេ​ឃើញ​សមត្ថកិច្ច​ឃាត់ខ្លួន ចាត់ការ​ទៅតាម​ច្បាប់​នៅឡើយ​។​

​បើទោះជា​ដូច​ច្នេះ​ក៍ដោយ ប្រជាពលរដ្ឋ​ស្នើរ​សុំ​ដល់​លោក​ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង និង លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន មេ​បញ្ជា​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ មេត្តា​មាន​ចំណាត់ការ​បង្ក្រាប​ឈ្មួញ​ឈើ​ទាំង​នេះ​ផង កុំឱ្យ​ពួកគេ​យកឈ្មោះ​អ្នក​ធំ​ក្នុង​ខេត្ត​ទាំងពីរ​មក​ប្រើប្រាស់​ពាក់ព័ន្ធ​ជំនួញ​បទល្មើស​ព្រៃឈើ​ខុស​ច្បាប់​ទាំងនេះ​៕​