សម្ដេច​ក្រឡាហោម ស ខេង សម្ពោធ​អគារ​អន្តេវាសិកដ្ឋាន​អគារ​បណ្ណាល័យ ទីចាត់ការ និង​សមិទ្ធផល​នានា ក្នុង​បរិវេណ​វិទ្យាល័យ សម្ដេច​ក្រឡាហោម ស ខេង តា​គ្រាម​

នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១៥ ខែ​សីហា ឆ្នាំ​២០២៣​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​អន្តេវាសិកដ្ឋាន អគារ​បណ្ណាល័យ ទីចាត់ការ របង ខ្លោងទ្វារ ក្នុង​បរិវេណ​វិទ្យាល័យ សម្ដេច​ក្រឡាហោម ស ខេង តា​គ្រាម និង​សមិទ្ធផល​នានា ក្នុង​ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង​។​

​ប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​តា​គ្រាម ស្រុក​បាណន់ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម សន្តិ​បណ្ឌិត សុខ ផល ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​បាណន់ ដែល​បាន​រួម​កម្លាំង​សាមគ្គី​គ្នា​រួមចំណែក​កសាង​បាន​សមិទ្ធ​ផល​ជាច្រើន​ក្នុង​មូលដ្ឋាន ភូមិ និង​ឃុំ ទាំង​ឃុំ​តា​គ្រាម និង​ភូមិ ឃុំ​នានា ក្នុង​ស្រុក​បាណន់ ជាក់ស្ដែង​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យ​អប់រំ​ដែល​ប្រារព្ធ​ពិធី​សម្ពោធ​នា​ថ្ងៃនេះ​។​

​ជាមួយគ្នា​នោះ សម្ដេច​ក្រឡាហោម ស ខេង ក៏​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​តា​គ្រាម ស្រុក​បាណន់ និង​និយាយ​ជារួម​ទូទាំង​ខេត្ត​បាត់ដំបង និង​ទូទាំង​ប្រទេស​កម្ពុជា ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ធ្វើឱ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ បាន​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ ប្រកបដោយ​បរិយាកាស​សន្តិសុខ សុវត្ថិភាព គ្មាន​អំពើហិង្សា ពិសេស​ស្រប​តាម​ច្បាប់ បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត ដោយ​មាន​ពលរដ្ឋ​អញ្ជើញ​ទៅ​បោះឆ្នោត​ច្រើន​លើសលុប​ជា​ប្រវត្តិសាស្ត្រ​។​

​សម្ដេច​ក្រឡាហោម បាន​រំលឹកថា ចាប់តាំងពី​ការបោះឆ្នោតជាតិ​ឆ្នាំ​១៩៩៣ រហូតដល់​ការបោះឆ្នោត​២០២៣​នេះ កម្ពុជា​បាន​រៀបចំ​ការបោះឆ្នោត​ចំនួន ១៨​លើក​រួចមកហើយ ហើយ​ការ​បោះឆ្នោត​ចុងក្រោយ​នេះ​បាន​ប្រព្រឹត្តទៅ​យ៉ាង​ល្អប្រសើរ ធៀប​នឹង​ការបោះឆ្នោត​មុនៗ ជា​ពិសេស​មាន​អត្រា​អ្នកបោះឆ្នោត​ខ្ពស់​។ សម្ដេច​ក្រឡាហោម បានបង្ហាញ​សុទិដ្ឋិនិយម​ថា ការបោះឆ្នោត​នាពេល​ខាងមុខ​នៅ​កម្ពុជា នឹង​កាន់តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ថែម​ទៀត​។​

​ពាក់ព័ន្ធ​នឹង​សមិទ្ធផល​ដែល​ប្រារព្ធ​ពិធី​សម្ពោធ​នា​ឱកាស​នេះ សម្ដេច​ក្រឡាហោម ស ខេង បាន​ប្រកាស​ប្រគល់​សមិទ្ធផល​ទាំងនេះ ជូន​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាល ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន គ្រប់គ្រង ប្រើប្រាស់ និង​ថែទាំ​ឱ្យបាន​ល្អ ដើម្បី​ឱ្យ​សមិទ្ធផល​ទាំងនេះ​បាន​ដើរតួនាទី​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ​ឱ្យ​កាន់តែ​រីកចម្រើន និង​គង់វង្ស​យូរអង្វែង ស្របតាម​សេចក្ដីប្រាថ្នា​របស់​ប្រទេសជាតិ​៕​