
ឃាត់ខ្លួនជនសង្ស័យ៣នាក់ ប្រើប្រាស់អាវុធខុសច្បាប់បរបាញ់សត្វព្រៃ ខណៈពេលនេះបែកធ្លាយថាត្រូវគេកំពុងរត់ការដោះលែង
ខេត្តមណ្ឌលគិរី៖ ក្រុមមន្ត្រីបាននិយាយថា បុរស៣នាក់ដែលពាក់ព័ន្ធករណីបរបាញ់សត្វព្រៃ និងប្រើប្រាស់អាវុធខុសច្បាប់នោះ ពេលនេះកំពុងត្រូវបានគេរត់ការដោះលែងឲ្យមានសេរីភាពវិញហើយ ។
ជនសង្ស័យទាំង៣នាក់ ក្នុងចំណោម៤នាក់នោះ (រត់រួចម្នាក់) ត្រូវបានសមត្ថកិច្ច នៃមន្ទីរបរិស្ថានខេត្តមណ្ឌល គីរីឃាត់ខ្លួនបានកាលពីថ្ងៃទី ២២ មេសា ឆ្នាំ ២០២៣ នៅចំណុចភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្ត មណ្ឌលគិរី។
ជាមួយគ្នានេះ សមត្ថកិច្ចក៏បានធ្វើការរឹបអូសវត្ថុតាងដែលរួមមានដូចជា៖
១. សត្វឈ្លូស ងាប់ ចំនួន ០២ក្បាល ស្មើនឹង ចំនួន ២០គីឡូក្រាម
២. សត្វឈ្លូស រស់ ចំនួន ០១ក្បាល (កូន)
៣. សត្វជ្រូកព្រៃ ងាប់ ចំនួន០១ក្បាល ស្មើនឹង ចំនួន ៤៤គីឡូក្រាម
៤. សត្វឆ្មាបា ចំនួន០១ក្បាល ស្មើនឹង ចំនួន ០២គីឡូក្រាម
៥. រថយន្តម៉ាកMAZDAចំនួន ០១គ្រឿងពាក់ស្លាក់លេខ 2AP-9211 រួមទាំងអាវុធវែង ៥ ដើម , ខ្លី៣ដើម និងគ្រាប់រំសេវមួយចំនួនធំទៀត ។
តាមទំហំ នៃអាវុធ និងគ្រាប់រំសេវដែលប្រៀបបាននឹងការយកទៅវ៉ៃសមរភូមិមួយហើយនោះ ដើមឡើយត្រូវគេសន្និដ្ឋានថា ជនសង្ស័យទំនងជាមនុស្សមិនធម្មតាឡើយ ។
លើសពីនេះត្រូវគេដឹងថា យុវជនទាំងនេះពិតជាមិនធម្មតារបស់គេមែន ដែលច្បាប់មិនអាចចាត់វិធានការទៅលើពួកគេបាន។ ករណីបរបាញ់សត្វព្រៃនេះក្រុមប្រជាពលរដ្ឋបានរិះគន់ផ្នែកច្បាប់ថា តែបើរាស្ត្រសាមញ្ញធម្មតាៗ នោះគឺត្រូវច្បាប់ចាត់ចាត់វិធានការក្តៅធ្វើការចាប់ខ្លួនយកទៅដាក់ទ្រុងពុំខានឡើយ៕