
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេ ឱ្យចុះបង្ក្រាបបទល្មើសព្រៃឈើចំនួន០៤ខេត្តជាប់ព្រៃឡង់ ដែលពាក់ព័ន្ធក្រុមហ៊ុនមួយចំនួនលួចកាប់ឈើលក់
ភ្នំពេញ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធការបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងភូមិសាស្ត្រខេត្តចំនួន៤ រួមមាន៖ ខេត្តក្រចេះ, ព្រះវិហារ, ស្ទឹងត្រែង និងខេត្តកំពង់ធំ។
យោងតាមរបាយការណ៍បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ មកដល់ថ្ងៃនេះ គណកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឃើញនៅលើបណ្តាញព័ត៌មានសង្គម និងបណ្តាញផ្សព្វផ្សាយព័ត៌មាននានា បានធ្វើការផ្សព្វផ្សាយព័ត៌មានអំពីសារសំឡេងដែលជាបទបញ្ជាក្នុងការបង្ក្រាបបទល្មើសព្រៃឈើ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាបទល្មើសជាក់ស្តែង នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ,ខេត្តព្រះវិហារ,ខេត្តស្ទឹងត្រែង, និងខេត្តកំពង់ធំ ជាដើម។
គណៈកម្មការជាតិ បានឃើញនិងបានកត់សម្គាល់ការផ្តល់មតិ( Comments )ក្នុងបណ្តាញព័ត៌មានសង្គម មានបុគ្គលខ្លះគាំទ្រ បញ្ចេញមតិក្នុងន័យស្ថាបនា និងបុគ្គលខ្លះទៀត បានបញ្ចេញមតិក្នុងនៃចំអក រិះគន់ ចោទប្រកាន់ … យើងខ្ញុំទទួលយករាល់ការបញ្ចេញមតិទាំងអស់ ដើម្បីរក្សាការពារព្រៃឈើឱ្យបានគង់វង្ស។
អ្នកនាំពាក្យគណៈកម្មការជាតិ សូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា កិច្ចប្រតិបត្តិការនេះ បានបង្ក្រាបនិងរឹបអូសឈើប្រភេទលេខ០១ សរុបចំនួន៧៣ម៉ែត្រត្រីគុណ៦៧២, ឈើហ៊ុបមូលចំនួន៤ រថយន្ត (មិនទាន់វាស់វែង) និងឃាត់រថយន្តសណ្តោង រ៉ឺម៉ក ចំនួន០៧គ្រឿង គោយន្តកន្ត្រៃចំនួន១៣គ្រឿង ម៉ូតូចំនួន១គ្រឿង កៅឡាក់១៤គ្រាប់។
ជាមួយគ្នានេះដែរ បានឃាត់ខ្លួនជនដែលពាក់ព័ន្ធចំនួន១២នាក់ ប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការទៅតាមច្បាប់។
យ៉ាងណាក៍ដោយករណីនេះ គណៈកម្មការជាតិ សូមបញ្ជាក់ថា កិច្ចការងារជាប្រចាំក្នុងការក្តាប់ព័ត៌មាន ស្រាវជ្រាវទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសព្រៃឈើ គឺជាថ្នាក់រាជធានី ខេត្ត,ក្រុង,ស្រុក,ខណ្ឌ, ទទួលខុសត្រូវក្នុងនាមជាសមាជិក នៃគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបទបល្មើសធនធានធម្មជាតិ និងជាប្រធានគណៈកម្មការជាតិ គឺថ្នាក់ជាតិ នឹងផ្តល់កម្លាំងមធ្យោបាយចុះទៅសហការបង្ក្រាបភ្លាមៗ។
ប៉ុន្តែករណីបទល្មើសជាក់ស្តែង កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ មិនមានសេចក្តីរាយការណ៍ ឬការស្នើរសុំកម្លាំង មធ្យោបាយពីថ្នាក់ខេត្ត ក្រុង ស្រុក មកថ្នាក់ជាតិនោះទេ គឺថ្នាក់ជាតិទទួលព័ត៌មានច្បាស់ការណ៍ពីជំនាញស្រាវជ្រាវព័ត៌មាន ទើបឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងនាមជាមេបញ្ជាករកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ទទួលភារកិច្ចពីប្រមុខរាជរដ្ឋាភិបាលសម្រេចបញ្ជាកម្លាំងកងអន្តរាគមន៍ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបភ្លាមៗដោយផ្ទាល់ ដោយមិនចាំបាច់ជូនដំណឹងទៅថ្នាក់ខេត្ត ក្រុង ស្រុក ដើម្បីរក្សាការសម្ងាត់ ក្នុងការបង្ក្រាបឱ្យមានប្រសិទ្ធភាព ជលទ្ធផលដូចបានជម្រាបជូនខាងលើនេះ៕