​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំ​ខ្លួន​លោក​ឧកញ៉ា ជា សារ៉ន និង​បក្ខពួក​ពី​បទ​ឆបោក​

​ខេត្ត​កំពត​៖ ឧកញ៉ា ជា សារ៉ន និង​បក្ខពួក ត្រូវបាន​ចៅក្រម​ស៊ើបសួរ ភាព សុភា នៃ​សាលាដំបូង​ខេត្ត​កំពត សម្រេខ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ក្នុង​ពន្ធនាគារ ស្ថិតនៅ​ក្រោម​ការពិនិត្យ​ពី​បទៈ ឆបោក​មាន​ស្ថាន​ទម្ងន់ទោស​។

​យោង​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​របស់​លោក ភាព សុភា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​កំពត ចុះ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២៣ នេះ ឧ​កញ្ញ៉ា ជា សារ៉ន និង​បក្សពួក​ដែល​បាន​ឆបោក ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​ពី​បទៈ ឆបោក​មាន​ស្ថាន​ទម្ងន់ទោស និង​ត្រូវបាន​បញ្ជូន​ដល់​ពន្ធនាគារ​ខេត្ត​កំពត​។

​ជន​ត្រូវ​ចោទ​ឈ្មោះ ជា សារ៉ន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ សាសនាព្រះពុទ្ធ កម្រិតវប្បធម៌​មធ្យម សិក្សា​ទុតិយភូមិ មុខរបរ​អគ្គនាយក​ក្រុមហ៊ុន ជា​សារ៉ន រៀល​ធី ទីកន្លែង​កំណើត​ភូមិ​ទួល ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត កំពត ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ទួល ឃុំ​ល្បើក ស្រុក​ឈូក​ខេត្ត​កំពត​។

​ជន​ត្រូវ​ចោទ​ទាំងនេះ ត្រូវបាន​ដាក់​ឲ្យ​ស្ថិត​នៅក្រោម​ការពិនិត្យ​ពី​បទៈ ឆបោក​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ភូមិ​បឹង​និមល និង​ភូមិ​ត្រពាំង​បី ស្រុក​ឈូក ខេត្ត​កំពត និង​ភូមិ​ព្រៃវែង ឃុំ​ស្រែ​ក្នុង ស្រុក​ជុំ​គិរី ខេត្ត​កំពត ចាប់ពី​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ ២០១៨ រហូតដល់​បច្ចុប្បន្ន បទល្មើស​មាន​ចែង និង​បញ្ញត្ត​ឲ្យ​ផ្ដន្ទាទោស​តាម​មាត្រា​៣៧៧, មាត្រា​៣៨០ នៃ​ក្រម ព្រហ្មទណ្ឌ​។

​បច្ចុប្បន្ន ឧកញ៉ា ជា សារ៉ន និង​បក្ខពួក នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២៣​នេះ ត្រូវបាន​នគរបាល​បញ្ជូន​ខ្លួន​ឲ្យ​ដេក​ក្នុង​ពន្ធនាគារ​ខេត្ត​កំពត​ជា​បណ្តោះអាសន្ន​៕