
បញ្ជូនខ្លួនជនជាតិវៀតណាម ២នាក់ ទៅតុលាការខេត្តមណ្ឌលគិរី ពាក់ព័ន្ធករណីដាំកញ្ឆាជារុក្ខជាតិញៀនលើដីលោកធំម្នាក់នៅស្រុកពេជ្រាដា
ខេត្តមណ្ឌលគិរី៖ ជនជាតិវៀតណាម២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។ បន្ទាប់ពីជនជាតិវៀតណាម ២នាក់នេះ លួចចូលមកទឹកខ្មែរ មកដាំកញ្ជាខុសច្បាប់ឲ្យលោកធំម្នាក់ នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ពាក់ព័ន្ធករណីកដំដាំញ្ឆាល្មើសច្បាប់នេះ ជនជាតិវៀតណាម ២នាក់៖
1- ឈ្មោះ ង្វៀន វ៉ាន់ហ្វាង
2- ឈ្មោះ ហ្វាម វ៉ាន់ថាយ ដែលជាប់ពាក់ព័ន្ធករណី លួចដាំកញ្ឆាខុសច្បាប់ នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ត្រូវបាននគរបាលឃាត់ខ្លួននិងស៊ើបអង្កេតទាក់ទងសំណុំរឿងដាំកញ្ឆាដែលជារុក្ខជាតិញៀនដ៏សម្បើមនេះ ។
ករណីខាងលើនេះ រហូតមកដល់ពេលនេះបើទោះបីជាពុំមានការបង្ហាញឲ្យដឹងជាសាធារណៈពីសមត្ថកិច្ចថា ម្ចាស់ទីតាំងដាំកញ្ឆា ដែលមានទំហំ១ហិក.តានោះជានរណា ក៍មានការបង្ហើបថា ម្ចាស់ដីជាអ្នកមានអំណាចនៅក្នុងខេត្ត គឺលោក ម៉ៅ ធនារក្ស ដែលមានតួនាទីជាសមាជិកក្រុមប្រឹក្សាមួយរូបរបស់ខេត្តមណ្ឌលគិរី។
ជុំវិញបញ្ហានេះ យើងបានព្យាយាមទាក់ទងទៅលោក ម៉ៅ ធនារក្ស ដើម្បីសុំការបំភ្លឺពីករណីនេះ ប៉ុន្តែពុំមានអ្នកទទួលទូរសព្ទឡើយ។ ជាការពិតណាស់ទំហំបទល្មើសនៃការដាំរុក្ខជាតិញៀននេះមិនមែនលំៗ មនុស្សធម្មតាអាចធ្វើបាននោះទេ ។ យ៉ាងហោចណាស់ក៏មានតួនាទីអំណាចធំត្រឹមលោក ម៉ៅ ធនារក្ស ដែរ ។
អ្នកច្បាប់ខ្លះបានឲ្យដឹងថា តាមទិដ្ឋភាព នៃបទល្មើសនេះម្ចាស់ទីតាំងត្រូវតែជាប់ពាក់ព័ន្ធការស៊ើបអង្កេតជាបឋមក្នុងករណីឃុបឃិតផ្ដល់ទីតាំងឲ្យប្រព្រឹត្តបទល្មើស និងការលាក់បំពួនជនបរទេសខុសច្បាប់៕