
លោក សោម ពិសិដ្ឋ ចៅហ្វាយខេត្តកែប ត្រូវសម្តេចតេជោ ហ៊ុន សែន ស្តីរបន្ទោសយ៉ាងចាស់ដៃរឿងលក់សំបុត្រភាស៊ីក្នុងពិធីបុណ្យចូលឆ្នាំថ្មី២០២៣ទៅឱ្យប្រជាពលរដ្ឋដែលចូលមកទស្សនាខេត្តកែប
ភ្នំពេញ៖ លោកសោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលត្រូវបានសម្ដេចតេជោហ៊ុនសែនស្ដីបន្ទោសកាលពីព្រឹកថ្ងៃទី១៥ មេសា ២០២៣នេះ ថាជាអភិបាលខេត្តល្ងង់ដោយបណ្ដោយឱ្យមានការយកលុយពីអ្នកដំណើរឆ្លងកាត់ខេត្ត ក្រោយសម្ដេចបានដឹងរឿងថាខេត្តកែប មានក្រុមហ៊ុនវិនិយោគមួយចាំយកភាស៊ីពីអ្នកដំណើរឆ្លងកាត់។
បន្ទាប់ពីមានការរឿងរ៉ាវនេះកើតឡើង អាជីវករនិងវិនិយោគិនមួយចំនួនបានបង្ហើបប្រាប់ថា ខ្លួនមិនពេញចិត្តចំពោះការដឹកនាំរបស់អភិបាលខេត្តរូបនេះទេ ហើយក៏ស្នើឱ្យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ផ្លាស់ប្តូរអភិបាលខេត្តមួយនេះចេញផង ដោយសារលោក សោម ពិសិដ្ឋ ជាអភិបាលខេត្តដែលមិនសម្រួលដល់ការរកស៊ីនិងការវិនិយោគរបស់វិនិយោគិនមកកាន់ខេត្តកែប ។
វិនិយោគិនជាច្រើនដែលមានបំណងចង់ទៅវិនិយោគនៅក្នុងទឹកដីខេត្តកែប បាននិយាយប្រាប់ថា ពួកគេបានមើលឃើញពីសក្ដានុពលវិនិយោគជាច្រើននៅក្នុងខេត្តកែប ប៉ុន្តែអ្វីដែលពួកគេរារែក និងជាឧបសគ្គសម្រាប់ការវិនិយោគរបស់ពួកគេ គឺដោយសារតែលោកសោមពិសិដ្ឋមានការកៀបសង្កត់ និងមិនសូវសម្រួលដល់ការវិនិយោគក៏ដូចជាការរកស៊ីនៅក្នុងខេត្តកែបនោះទេ ។
ពាក់ព័ន្ធអាជីវករនិងធុរជនជាច្រើនដែលសុំមិនបញ្ចេញឈ្មោះ បានស្នើឱ្យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្លាស់ប្តូរ ក៏ដូចជាដកលោកសោម ពិសិដ្ឋអភិបាលខេត្តកែបចេញនិងដាក់អភិបាលខេត្តដែលសម្រួលដល់ការវិនិយោគរបស់ពួកគេជំនួស ហើយអាជីវករនិងវិនិយោគិនក៏រំពឹងថានឹងមានការវិនិយោគថ្មីៗបន្ថែមទៀតមកកាន់ខេត្តតំបន់ឆ្នេរមួយនេះ ។
ជាក់ស្តែង កាលពីព្រឹកថ្ងៃទី១៥ មេសា ២០២៣នេះ សម្ដេចតេជោលោកបានចេញសារប្រតិកម្មទៅនឹងករណីអ្នកដំណើរឆ្លងកាត់ខេត្តកែបត្រូវបង់លុយ ហើយសម្ដេចក៏អត់បាននឹកស្មានថាមានរឿងនេះកើតឡើងដែរ ។ សម្ដេចបានបញ្ជាឱ្យអភិបាលខេត្តខេត្តកែបក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធលុបចោលជាបន្ទាន់នូវកិច្ចសន្យាការយកប្រាក់ថ្លៃភាស៊ីឆ្លងកាត់ខេត្ត ។
សម្ដេចតេជោបានមានប្រសាសន៍ថា នេះជាអំពើឆោតល្ងង់មួយសម្រាប់ខេត្តកែបផ្ទាល់ និងអំពើឆោតល្ងង់ចំពោះស្ថាប័នដែលអនុញ្ញាតឱ្យយកប្រាក់ឆ្លងកាត់ខេត្តទាំងនេះ ។
សម្ដេចតេជោថា បើសិនជាចង់ឱ្យពលរដ្ឋទៅលេងខេត្តយើង តែយើងបែរជាយកប្រាក់ពីពលរដ្ឋដែលគ្រាន់តែឆ្លងកាត់នោះ វានឹងធ្វើបាត់បង់ភ្ញៀវ តែបើសិនជាមិនយកប្រាក់ពីពលរដ្ឋនោះទេ ខេត្តនោះនឹងចំណេញច្រើនទៅវិញ ដោយនឹងមានភ្ញៀវទេសចរកាន់តែច្រើនទៅលេងកម្សាន្ត ហើយសម្ដេចក៏មិននឹកស្មានថាអភិបាលខេត្តល្ងង់ដល់ថ្នាក់នេះទេ និងបានបញ្ជាឱ្យលុបចោលជាបន្ទាន់ ។
ពាក់ព័ន្ធករណីនេះដែរ ក៏ត្រូវបានប្រភពខ្សឹបប្រាប់ថាលោកសោម ពិសិដ្ឋក៏នៅពីក្រោយនៃការយកប្រាក់ថ្លៃភាស៊ីចំពោះពលរដ្ឋធ្វើដំណើរឆ្លងកាត់ខេត្តនេះដែរ ពីព្រោះសម្ដេចតេជោមិនបានដឹងរឿងផង ដូច្នេះហើយមានតែលោកសោម ពិសិដ្ឋជាអ្នកនៅពីក្រោយតែម្ដង ៕