
សមត្ថកិច្ចចម្រុះចុះបង្ក្រាប រោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់ នៅស្រុកអូររាំងមណ្ឌលគិរី ចំណែកម្ចាស់រោងសិប្បកម្មកែឆ្នៃឈើឈ្មោះ ទេព សាម៉េន ពុំទាន់ឃើញមានការឃាត់ខ្លួន
ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ក្រុមកម្លាំងជំនាញគេបានចុះបង្ក្រាប ទីតាំងរោងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើគ្មានច្បាប់ មួយកន្លែងដែលមានម្ចាស់ឈ្មោះ ទេព សាម៉េន ដែលស្ថិតក្នុង ភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ប្រតិបត្តិការបង្ក្រាបនេះ ដោយមានការសហការជាមួយកម្លាំងចម្រុះ កម្លាំងអធិការរដ្ឋាននគរបាលស្រុកអូររាំង ប៉ុស្តិ៍នគរបាលដាក់ដាំ អាជ្ញាធរឃុំ រដ្ឋបាលព្រៃឈើកែវសីមា និងសម្របសម្រួលដោយលោក ស៊ាង ងឺឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។
ក្រោយពីសមត្ថកិច្ចចុះដល់ទីតាំងរោងសិប្បកម្មខាងលើនេះ និងធ្វើការត្រួតពិនិត្យគេបានរកឃើញថា មានស្តុកឈើអារប្រភេទលេខ០២ ជាច្រើនកំណាត់ និងរណារជ្រៀកកែឆ្នៃឈើ ប្រភេទបញ្ឈរចំនួន០១គ្រឿង, រណារយន្ត ចំនួន០២គ្រឿង, ម៉ូទ័រសំលៀង ចំនួន០១ គ្រឿង និងម៉ូទ័រកាត់ ចំនួន០១គ្រឿង។
ពាក់ព័ន្ធការចុះបង្ក្រាបនៅទីតាំងសិប្បកម្មគ្មានច្បាប់ខាងលើនេះ ម្ចាស់រោងសិប្បកម្មនឹងកម្មករហាក់ដូចជាដឹងខ្លួនមុនពួកគេត្រូវបានជំលៀសខ្លួនចេញពីរោងកែឆ្នៃឈើដែលគ្មានច្បាប់នោះ។ បើទោះជាដូចគ្នាក៍ដោយក៍អាជ្ញាធរមូលដ្ឋានឃុំដាក់ដាំលោកបានបញ្ជាក់ថា រោងសិប្បកម្មកែច្នៃឈើល្មើសច្បាប់ នៅចំណុចទីតាំងនេះមានម្ចាស់ឈ្មោះ ទេព សាម៉េន ភេទប្រុស ជនជាតិខ្មែរ សញ្ជាតិខ្មែរ អាយុប្រមាណ ៣៦ឆ្នាំ ។
បន្ទាប់ពីសមត្ថកិច្ចចម្រុះចុះរឹបហូសវត្ថុតាង នៅរោងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើ និងសន្និធិផលអនុផល ព្រៃឈើដោយគ្មានលិខិតអនុញ្ញាតនោះ កម្លាំងជំនាញបានដឹកជញ្ជូនយកទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការ ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី។
ចំណែកម្ចាស់ រោងសិបកបកម្មកែឆ្នៃឈើល្មើសច្បាប់ ឈ្មោះ ទេព សាម៉េន នោះពុំត្រូវបានគេឃើញមន្ត្រីអនុវត្តច្បាប់ ដែលចុះទៅបង្ក្រាបទីតាំងរោងសិប្បកម្មកែឆ្នៃឈើគ្មានច្បាប់ ធ្វើការឃាត់ខ្លួនដាក់ទោសទៅតាមច្បាប់នៅឡើយ៕