ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន អនុញ្ញាត្ត​អោយ​តំណាង​សារព័ត៌មាន​វៀតណាម​ចំនួន ៤ អង្គភាព​ប្រចាំ​កម្ពុជា ចូលជួប​សំដែង​ការគួរសម និង​ជូនពរ​ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​

​ក្នុងឱកាស​អញ្ជើញ​ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​មេសា ឆ្នាំ​២០២៣ លោក ង្វៀន វ៉ាន់ដូ , Nguyen Van Do ប្រធានការិយាល័យ​អចិន្ត្រៃយ៍ វិទ្យុ​សំឡេង​វៀតណាម ប្រចាំ​កម្ពុជា ក្នុងនាម​អង្គភាព សារព័ត៌មាន​វៀតណាម​ចំនួន​៤ ប្រចាំ​កម្ពុជា បាន​គោរព​ជូន ឯកឧត្តម រដ្ឋមន្ត្រី ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ដែល​នឹង​ឈាន​ចូល​មក​ដល់​នាពេល​ខាងមុខ​នេះ សូម​មាន​សុខភាព​ល្អ​រឹងមាំ ដើម្បី​ធ្វើ​ការដឹកនាំ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​រី​ក​ចំរើន និង​អភិវឌ្ឍន៍​បន្ថែមទៀត ។​

​ថ្នាក់​ដឹកនាំ​អង្គភាព​សារព័ត័មាន​វៀតណាម​ដែល​អញ្ជើញម​កជូន​ពរ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ នា​ឱកាស​នេះ រួមមាន លោក ថាច់ ថុង ប្រធានការិយាល័យ​អចិន្ត្រៃយ៍​ទូរទស្សន៍​ជាតិ​វៀតណាម ប្រចាំ​កម្ពុជា​, លោក ហ្វី​ញ វ៉ាន់​ថាវ ប្រធានការិយាល័យ​អចិន្ត្រៃយ៍ ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម ប្រចាំ​កម្ពុជា និង លោក ង្វៀន ម៉ាច់​ហៀ​ប ប្រធានការិយាល័យ​អចិន្ត្រៃយ៍ កាសែត​ប្រជាជន​វៀតណាម ប្រចាំ​កម្ពុជា ។​

​ឯកឧត្តម ខៀវ កាញារីទ្ធ បាន​សំដែង​នូវ​ការ​អរគុណ​ចំពោះ អង្គភាព​សារព័ត៌មាន​វៀតណាម​ទាំង​៤ ដែល​បាន​មក​ជូនពរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ហើយ ឯកឧត្តម ក៏​បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​កិច្ច​ការ​ល្អ​របស់​អង្គភាព​សារព័ត៌មាន​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ជាមួយ ក្រសួង​ព័ត៌មាន រួម​ជាមួយ​អង្គភាព​ចំណុះ ស្ថាប័ន​សារព័ត៌មាន រដ្ឋ និង ឯកជន ដែល​ធ្វើអោយ វិស័យ​សារព័ត៌មាន នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា វៀតណាម កាន់តែ​មាន​ភាពរឹងមាំ ។​

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បាន​សំ​ដែរ​ការ​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ស្ថាប័ន​សារព័ត៌មាន រដ្ឋ​វៀតណាម ដែល​ជានិច្ចកាល​តែងតែ​គាំទ្រ និង​ជួយ​ឧបត្ថម្ភ ទាំង​សំភារៈ​បច្ចេកទេស​ផ្សាយ​ទាំង​វិទ្យុ និង​ទូរទស្សន៍ ព្រមទាំង​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ថែមទៀត​ផង​ដែរ ៕