
ឈ្មោះ ស្មី មេឈ្មួញជើងខ្លាំងខាងរត់ការដឹកជញ្ជូនធ្យូងខុសច្បាប់ទៅលក់ស្រុកយួនចូលតាមច្រកអន្តរជាតិម៉ឺនជ័យយកលុយក្នុងមួយឡានកែច្នៃសាំយ៉ុង1លាន 20 ម៉ឺនរៀលទៅ 2 លានរៀលក្នុងមួយឡានដើម្បីដោះស្រាយថ្នាក់លើ?
ខេត្តព្រៃវែង៖ ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង បានឲ្យដឹងថា មួយរយៈចុងក្រោយនេះមានមេឈ្មួញខាងការឈ្មោះស្មីសម្រុកដឹកជញ្ជូនធ្យូងទូងចេញពីខេត្តនានាយកមកស្តុបទុកនៅភូមិដំណាក់ចារួចដឹកចេញទៅស្រុកយួនតាមច្រកអន្តរជាតិមើលជ័យ នៅពេលយប់ដោយគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាចាត់វិធានការទប់ស្កាត់ឡើយចំណែកលោករត្ន័ ចាន់ណា មេប៉េអឹមខេត្តត្បូងឃ្មុំមិនទាន់មានចំណាត់ការបង្ក្រាបនៅឡើយទេ។
ជាពិសេស មន្ត្រីជំនាញសមត្ថកិច្ចតាមដងផ្លូវ និងសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលឈ្មួញ ប្រើប្រាស់រថយន្តសាំយ៉ុងកែច្នៃ និងរថយន្តកែច្នៃច្រើនប្រភេទទៀតដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន ក្នុងមួយយប់ៗ រាប់សិបគ្រឿង។ ជាពិសេសលោក អ៊ុំ ប៉ូលក្ខណ៍ ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិម៉ឺនជ័យ និងលោក វ៉ាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិម៉ឺនជ័យ មិនចាត់វិធានការទប់ស្កាត់ករណីឈ្មួញដឹកជញ្ជូនធ្យូង ចេញទៅស្រុកយួន យ៉ាងពេញបន្ទុកនោះទេ។
ក្រុមឈ្មួញដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន បានឲ្យដឹងថា ពួកគេឱ្យមេឈ្មួញឈ្មោះស្មីជាអ្នករត់ការក្នុងមួយឡានកែច្នៃសាំយ៉ុងមួយឡាន 1លាន20 ម៉ឺនរៀលទៅ 2 លានរៀលដើម្បីបើកផ្លូវជាមុន ទើបអាចដឹកជញ្ជូនចេញទៅស្រុកយួន តាមច្រកទ្វារអន្តរជាតិ ដោយរលូនមិនប្រឈមនឹងការបង្ក្រាបហើយនៅសល់កម្រៃតិចតួចប៉ុណ្ណោះ។
ជាក់ស្តែង នៅថ្ងៃទី01 រហូតដល់ថ្ងៃទី05 ខែមេសា ឆ្នាំ2023នេះ សកម្មភាពដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន តាមច្រកទ្វារអន្តរជាតិម៉ឺនជ័យ តែងកើតឡើងចាប់ពីវេលាម៉ោង11រំលងអាធ្រាត្រដល់ម៉ោង7ព្រឹក ហើយទាល់តែមានការឃុបឃិតជាប្រព័ន្ធទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
បើគ្មានការបើកដៃពីមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចតាមដងផ្លូវ ក៏ដូចជាសមត្ថកិច្ចនៅច្រកព្រំដែនទេនោះ គ្មានឈ្មួញណាអាចចៀសផុតពីការបង្ក្រាបឡើយ។
មន្ត្រីនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង បានឲ្យដឹងថា បើគ្មានការបើកដៃពីលោក អ៊ុំ ប៉ូលក្ខណ៍ ប្រធានស្នាក់ការច្រកម៉ឺនជ័យ និងលោក វ៉ាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកម៉ឺនជ័យ ព្រមទាំងប្រធានការិយាល័យគយច្រកម៉ឺនជ័យ គឺសកម្មភាពដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន មិនអាចកើតឡើងបានឡើយ។
ហេតុនេះលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ មិនគួរបណ្ដែតបណ្ដោយតទៅទៀតនោះទេ ហើយគួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់។ ដោយហេតុថាមន្ត្រីជំនាញ និងសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ គិតតែរឿងឃុបឃិតគ្នាប្រមូលលុយ ហើយបើកដៃឲ្យក្រុមឈ្មួញដឹកជញ្ជូនធ្យូងទៅស្រុកយួន យ៉ាងគំហុក៕