ចាប់ខ្លួន​លោក ទេព ហ៊ុយ មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ក្រចេះ និង​បក្ខពួក ពី​បទ​ធ្វើ​ទារុណកម្ម​លើ​ក្មេង​ស្រី​ជា​កូន​ឈ្នួល​

ខេត្ត​ក្រចេះ : មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ក្រចេះ ខេត្ត​ក្រចេះ លោក ទេព ហ៊ុយ និង​បក្ខពួក ត្រូវបាន​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន​បន្ទាប់ពី​បាន​ប្រើ​ហិង្សា និង​ធ្វើ​ទារុណកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ក្មេងស្រី​២​នាក់ ដែល​ជា​ឈ្នួល​បម្រើ​ក្នុងផ្ទះ​របស់​ខ្លួន រហូត​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

​ហេតុការណ៍​ចាប់ខ្លួន​នេះ បន្ទាប់ពី​មាន​បញ្ជា​ផ្ទាល់​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពល​ខេ​ម​ភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានឲ្យដឹងថា តាម​ការស៊ើបអង្កេត​ប​ឋ​ម ដោយ​មន្ត្រី​នគរបាល​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ លើ​ករណី​ប្រើ​អំពើហិង្សា​ទៅលើ​ក្មេងស្រី ជា​កូនឈ្នួល​បម្រើ​នៅផ្ទះ បណ្តាលឱ្យ​រងរបួស ពេលបច្ចុប្បន្ន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​មន្ត្រីនគរបាល​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ បាន​និង​កំពុង​ធ្វើការ​ស៊ើបអង្កេត​បឋម តាម​នីតិវិធី ដោយ​មាន​ការដឹកនាំ និង​សម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ក្រចេះ​។

​លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី បាន​បន្តថា កន្លងទៅ កងរាជអាវុធហត្ថ បាន​ដាក់ចេញ​នូវ​ទិស​ស្លោក “​ចំពោះ​ប្រទេសជាតិ​ត្រូវតែ​ការពារ ចំពោះ​ប្រជាពលរដ្ឋ​ត្រូវតែ​បម្រើ ច្បាប់​ត្រូវតែ​គោរព បទល្មើស​ត្រូវតែ​បង្ក្រាប​” ជាមួយគ្នា​នោះ​ដែរ ក្រោម​ការ គ្រប់គ្រង ដឹកនាំ បញ្ហា​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បុគ្គល​គ្រប់​រូប ដែល​ប្រព្រឹត្ត​បទល្មើស​ត្រូវតែ​បង្ក្រាប និង​អនុវត្ត​តាម​និតិ​វិធី​។

​ចំណែក​លោក​ឧត្តមសេនីយ៍តី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ បានបញ្ជាក់​ថា ឈ្មោះ ទេព ហ៊ុយ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ឋានន្តរសក្តិ​វរសេនីយ៍ត្រី មុខងារ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ក្រចេះ ត្រូវ បាន​ឃាត់ខ្លួន នៅ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២១ មូលហេតុ បុគ្គល​នេះ បាន​ប្រព្រឹត្ត​អំពើហិង្សា​ទៅលើ ក្មេងស្រី​ដែល​ជា​កូន​ឈ្នួល “​អ្នកបម្រើ​នៅ​ផ្ទះ​”​។

​យ៉ាងណាក៏ដោយ ករណី​នេះ​ក៏​បាន​ឃាត់​ខ្លួន​បុគ្គល​ដែល​ពាក់ព័ន្ធ នឹង​ការប្រព្រឹត្ត​បទល្មើស​ខាងលើ​នេះ សមត្ថកិច្ច​បាន​ចុះ​ចាប់ខ្លួន​យកទៅ​អនុវត្ត​តាម​ច្បាប់​៕