​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​៣ លើក​ទី​២៤

​ភ្នំពេញ​: នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែតុលា​ឆ្នាំ​២០២១ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​៣​លើក​ទី ២៤ មួយ​បណ្ដា​មេដឹកនាំ​អាស៊ាន​។

​នៅក្នុង​កិច្ចប្រជុំ​នេះ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​បូក​បី បាន​អនុម័ត​ទៅ​លើ​ឯកសារ​មួយ គឺ​សេចក្ដីប្រកាស​របស់​មេដឹកនាំ​អាស៊ាន​បូក​៣ ស្ដីពី កិច្ចសហប្រតិបត្តិការ​លើ​សុខភាព​ផ្លូវចិត្ត យុវជន​និង​កុមារ និង​អនុម័ត​លើ​ឯកសារ​មួយ​គឺ របាយការណ៍​វឌ្ឍនភាព​លើក​ទី​៤​ស្ដី​ពី​អនុវត្ត​ផែនការ​សកម្មភាព​នៃ​កិច្ចសហប្រតិបត្តិកា​រអា​ស៊ាន​បូក​បី ឆ្នាំ ២០១៨-២០២២ ជារួម​មេដឹកនាំ​អាស៊ាន​បូក​បី​បាន​ធ្វើ​ការកត់សម្គាល់​កា​រ​រីកចម្រើន​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​បូក​៣ នេះ​ដែល​ចាប់ផ្ដើម តាំងពី​ឆ្នាំ​១៩៩៧ មក​ដែល​ពេលនោះ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​អាស៊ី​នេះ​។ ហើយ​តាំងពី​នោះមក មេដឹកនាំ​អាស៊ាន​បូក​៣​មាន​កិច្ចប្រជុំ រាល់​ឆ្នាំ ដែល​ចាត់ទុកថា​ជា​យន្តការ​មួយ​ដ៏​សំខាន់ សម្រាប់​កិច្ច​សហប្រតិបត្តិការ​នៅ​អាស៊ី​បូព៌ា​នេះ​ផងដែរ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ មេដឹកនាំ​អាស៊ាន​បូក​បី​បាន​គូសបញ្ជាក់​អំពី ការងារ​ដែល​បាន​ធ្វើ​រួមគ្នា ទី​១ គឺ​ការប្រយុទ្ធប្រឆាំង​ជាមួយ​នឹង​ជំងឺ​កូវី​ដ​-១៩​នេះ ហើយ​ប្រទេស​បូក​បី ដែល​រួមមាន​ប្រទេស​ចិន ជប៉ុន និង​កូរ៉េ ដែល​បាន​យកចិត្តទុកដាក់​ជួយ​ដល់​ប្រទេស​អាស៊ាន ជាពិសេស​ក្នុង​ការជួយ លើ​វិស័យ​សុខភាព​សាធារណៈ ដែល​ជា​ការងារ​សំខាន់ ។ លើសពីនេះ​ទៀត​ប្រមុខ​រដ្ឋាភិបាល​ពី​ប្រទេស​អាស៊ាន​បូក​បី បាន​គូសបញ្ជាក់​អំពី​សារសំខាន់​នៃ​ការ បន្ត​ធ្វើការ​រួមគ្នា ដោយ​ប្រើប្រាស់​យន្តការ​នេះ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងអស់​។

​ហើយ​ក្នុងនេះ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​បូក​បី​បាន​លើក ពី​យន្តការ​ដែល​មាន​ស្រាប់​ជាពិសេស ពាក់ព័ន្ធ​នឹង​សន្តិសុខ​ស្បៀង សន្តិសុខ​ស្បៀង​បម្រុង ហើយ​មួយទៀត គឺ​អំពី​ការតភ្ជាប់ ជាពិសេស​គឺ​នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន ដែល​មាន​ផែនការមេ នៃ​ការតភ្ជាប់​ឆ្នាំ​២០២៥ , ហើយក៏​មាន​ចក្ខុវិស័យ​ក្នុង​ការកសាង​សហគមន៍ មិន​ត្រឹមតែ​អាស៊ាន គឺ​កសាង​សហគមន៍​អាស៊ាន​បូក​បី​នេះ ។

​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ក៏​បាន​គូសបញ្ជាក់​អំពី​ផែនការ ការងារ​និង​កិច្ចសហប្រតិបត្តិកា​រអា​ស៊ាន​បូក​បី នឹងត្រូវ​បញ្ចប់​នៅក្នុង​ឆ្នាំនេះ ហើយ​នឹង​ត្រូវធ្វើ​នៅក្នុង​ឆ្នាំក្រោយ ហើយ​និង​ការជំរុញ​ធ្វើ​ផែនការ​ការងារ​នៃ អាស៊ាន​បូក​៣ ថ្មី​សម្រាប់ ឆ្នាំ ២០២៣-២០២៧ ហើយ​ដែល​ត្រូវ​អនុម័ត​នៅ​ឆ្នាំក្រោយ ឆ្នាំ​២០២២ នៅក្នុង​ពេល​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​។​

​ក្រៅពី​នេះ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​បូក​បី​ក៏​បាន​គូសបញ្ជាក់​អំពី កិច្ច​សហប្រតិបត្តិការ​ដែល​ត្រូវ​បន្ត​ទៀត​គឺ​ការស្ដា​សេដ្ឋកិច្ច ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ការជំរុញ​ជាពិសេស ការជំរុញ​ក្របខណ្ឌ​ភាព​ជា​ដៃគូ សេដ្ឋកិច្ច​ក្នុង​តំបន់​គ្រប់​ជ្រុងជ្រោយ ដែល​ត្រូវ​ជំរុញ​ធ្វើ​យ៉ាងណា​ឲ្យបាន​ផ្ដល់​សច្ចាប័ន ពី​ប្រទេស​អាស៊ាន​បូក​បី​ដើម្បី ធ្វើយ៉ាងណា​ឲ្យ​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន នៅ​ដើមឆ្នាំ​២០២៣ ខាងមុខនេះ​។

​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន បាន​ស្នើសុំ​ឲ្យ ប្រទេស​បូក​បី​បន្ត​គាំទ្រ​នូវ​យន្តការ​ដែល​មាន​ជាពិសេស ក្រប​ខណ្ឌ​ច្រក​ការធ្វើដំណើរ និង​ការបង្កើត​យន្តការ​ថ្មី​ជា​ពិសេស​សម្រាប់ សុខភាព​សាធារណៈ​ក្នុង​ក្របខណ្ឌ​អាស៊ាន​នេះ​។​ ​លើសពីនេះ​ទៀត​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​បូក​បី​ក៏បាន ពិភាក្សា​អំពី​សភាពការណ៍​ក្នុង​តំបន់​ជាពិសេស​សភាពការណ៍​នៅ​ឧបទ្វីប​កូរ៉េ និង​នៅ​មី​យ៉ាន់​ម៉ា​ជាដើម​៕