​រដ្ឋសភា​បន្ត​សម័យប្រជុំ​លើក​ទី​៦ នីតិកាល​ទី​៦ មាន​វត្តមាន សមាជិក សមាជិកា​រដ្ឋសភា ពេល​ផ្តើម​សម័យប្រជុំ ចំនួន ១១១​រូប ដោយ​លើកយក​របៀបវារៈ មាន​ចំនួន​៤ មក​ពិភាក្សា និង​អនុម័ត​

ភ្នំពេញ​: នា​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៦ នីតិកាល​ទី​៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយ​មាន​វត្តមាន សមាជិក សមាជិកា​រដ្ឋសភា ពេល​ផ្តើម​សម័យប្រជុំ ចំនួន ១១១​រូប​។

​របៀបវារៈ សម័យប្រជុំ​រដ្ឋសភា​នាឱកាស​នេះ មាន​ចំនួន​៤ គឺ​៖
១- ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត លើ​ការបំពេញ​បន្ថែម​សមាសភាព​សមាជិក នៃ​រាជរដ្ឋាភិបាល​ដល់ ឯកឧត្តម ប៉ា សុជាតិ​វង្ស ជា​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​។​
២- ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាង​ច្បាប់​ធម្មនុញ្ញ​ស្តីពី វិសោធនកម្ម​មាត្រា​១៩​ថ្មី មាត្រា​៨២​ថ្មី មាត្រា​១០៦​ថ្មី​(​មួយ​) មាត្រា​១១៩​ថ្មី និង​មាត្រា​១៣៧​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ និង​មាត្រា​៤ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី នៃ​ស្ថាប័ន​ជាតិ​។​
៣- ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​បន្ថែម​ទៅ​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជាជាតិ ទាក់ទង​ទៅនឹង​ការ​កាត់សេចក្តី នៅក្រោម​ច្បាប់​កម្ពុជា​នូវ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​រយៈកាល នៃ​កម្ពុជា​ប្រជាធិបតេយ្យ ស្តីពី​ការរៀបចំ​ក្នុងពេល​អន្តរកាល និង​ការបញ្ចប់​ការងារ​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​។​
៤- ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​។​