អភិបាល​រាជធានី​ភ្នំពេញ អំពាវនាវ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​តាម​បណ្តោយ​ដងស្ទឹង​ព្រែក​ត្នោត​​ឲ្យ​មាម​ការប្រុងប្រយ័ត្ន​ខ្ពស់​

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការអំពាវនាវ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​តាម​បណ្តោយ​ដងស្ទឹង​ព្រែក​ត្នោត​ឲ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ សម្រាប់​ថ្ងៃ​ទី​២៦​និង​ថ្ងៃ​ទី ២៧ តុលា​ខាង​មុខ​នេះ ព្រោះ​ទឹក​អាច​នឹង​ឡើង​ខ្ពស់​លិចលង់​លំនៅដ្ឋាន​បងប្អូន​។​

​ពាក់ព័ន្ធ​ការ​អំពាវ​បែបនេះ​លោក​ឃួង ស្រេង បាន​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​២៥ តុលា​នេះ ខណៈ​ដែរ​លោក​ចុះ​ត្រួតពិនិត្យ​និង​ដឹកនាំ​បញ្ជា​កម្លាំង ដើម្បី​ទប់​ទំនប់​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត កុំឲ្យ​លិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ស្របពេល​ដែល​មាន ការ​បើ​ទ្វារ​ទឹក​ពី​ខេត្ត​កំពង់ស្ពឺ ធ្វើឲ្យ​មាន​ការគំរាមកំហែ​ង​យ៉ាងធ្ងន់ធ្ងរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ចំនួន​៥​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ដង្កោ​។​

​លើសពីនេះ លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការស្នើ​សុំ​ទៅ​ដល់​ក្រសួង​ធន​ទឹក​និង​ឧត្តុនិយម បង្វែរ​ទឹក កុំឲ្យ​ជន់​លិច​រាជធានី​ភ្នំពេញ ដោយសារ​ថា ការ​ជន់​លិច​រាជធានី​ភ្នំពេញ គឺ​ពិតជា​ធ្វើអោយ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ជាង​នៅ​តាម​បណ្ដា​ខេត្ត​ពាក់ព័ន្ធ​។​

​លោក​ឃួង ស្រេង​បានបញ្ជាក់​ថា យើង​មិន​បាន​គេចវេស​ពី​បញ្ហា​នោះទេ​។ ប៉ុន្តែ​បើ គិត​ពី​បញ្ហា​សេដ្ឋកិច្ច ខណៈ​លិច​រាជធានី​ភ្នំពេញ វា​ពិតជា​ធ្វើឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ជាង នៅតាម​ខេត្ត​ពាក់ព័ន្ធ​។ អញ្ចឹង​ហើយ​ទើប​លោក ស្នើសុំ​ទៅ​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ សូមឲ្យ​មាន​ការយល់ ។ លោក​បាន​បញ្ជា ឲ្យ​មន្ទីរ​ធនធានទឹក​និង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សហការ​គ្នា​ធ្វើ​ការងារ​នេះ ជាមួយ​មន្ទីរ​ពាក់ព័ន្ធ​របស់​ខេត្ត​កំពង់ស្ពឺ ដើម្បី​ទប់ស្កាត់​ឲ្យបាន​នូវ​គ្រោះ​មហន្តរាយ​នេះ ។

​ដោយឡែក​ភ្នំពេញ​យើង​កន្លះ​ខែ​កន្លងមកនេះ ទាំង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ទាំង​អាជ្ញាធរ​ខណ្ឌ​ប​សង្កាត់​និង​មន្ទីរ​ពាក់ព័ន្ធ​គឺ​យើង​បាន​ធ្វើ​កិច្ចការងារ​នេះ​យ៉ាង សកម្ម​ដើម្បី​ទប់ស្កាត់​ឲ្យបាន​នូវ​គ្រោះ​មហន្តរាយ បណ្ដាល​មក​ការលិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​នេះ​។ បន្ថែម​ពីលើ​នេះ​ទៀត លោក​ក៏​បាន​ស្នើសុំ​ទៅ​កម្លាំង កង​អង្គរក្ស នូវ​កម្លាំង​ប្រមាណ​៥០០​នាក់ ដើម្បី​ជួយ​អន្តរាគមន៍​ធ្វើ​ការងារ​នេះ​ផងដែរ​។

​ក្រៅពី​នេះ​ក្រសួង​ធនធាន​ទឹក​ក៏​បាន​ដល់​នូវ​អេស្កាវ៉ាទ័រ​ចំនួន​១៥​គ្រឿង​ដាក់​លើ​ទីតាំង​នេះ​ផងដែរ​ដើម្បី ទប់​ទំនប់ ទប់ស្កាត់​នូវ​ការលិចលង់​នេះ​។ លោក​បញ្ជាក់ទៀតថា ជំនន់​ទឹកភ្លៀង​នៅ​តាម​ស្ទឹង​តាម​តំបន់ភ្នំ វា​ពិតជា​មិន​ងាយស្រួល​គ្រប់គ្រង​បាន​ដូច​ទឹកទន្លេ​ជន់​លិច​នោះទេ ។

​ជុំវិញ​បញ្ហា​ការបើកទ្វារ​ទឹក​នៅ​ខេត្ត​កំពង់ស្ពឺ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏ដូចជា​អាជ្ញាធរ​ខណ្ឌ​ដង្កោ បាន​ធ្វើ​ការអំពាវនាវ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​តាម​បណ្តោយ​ដងស្ទឹង​ទាំងអស់ ឲ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ សម្រាប់​ថ្ងៃ​ទី​២៦​និង​ថ្ងៃ​ទី ២៧ តុលា​ខាង​មុខ​នេះ ចំណែក​អាជ្ញាធរ​គឺ​នៅ​ជាប់​ជានិច្ច ដើម្បី​ទប់ស្កាត់ និង​ចាំ​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្លាច​ពេល​ដែល​មាន​ហានិភ័យ​កើតឡើង​៕