អ្នកកាសែត​ប្រមាណ​ជាង​៥០​នាក់ ទទួលបាន​ការបណ្តុះបណ្តាល​ព័ត៌មាន​ស្តីពី តួនាទី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការបោះឆ្នោត​នៅ​កម្ពុជា​

ភ្នំពេញ​៖ សិក្ខាសាលា​បណ្តុះបណ្តាល​សារព័ត៌មាន​ស្តីពី «​តួនាទី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការបោះឆ្នោត​នៅ​កម្ពុជា​»​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២២ ដែល​រៀបចំឡើង​ដោយ​វិទ្យា​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា រាជបណ្ឌិត្យសភា​កម្ពុជា និង​ក្លិប​អ្នកកាសែត​កម្ពុជា ក្រោម​វត្តមាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​

​សិក្ខាសាលា​នេះ មាន​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២២ ដោយ​មាន​សិក្ខាកាម​ចូលរួម​ចំនួន ៥៤​នាក់​(​នារី ១៦​នាក់​)​។

​មក​ពី​អង្គភាព​ចំនួន ២៦ ក្នុងនោះ រួមមាន មកពី គ​.​ជ​.​ប​., ស្ថាប័ន​ស្រាវជ្រាវ​ចំនួន ២​ស្ថាប័ន​, សារព័ត៌មាន​បោះពុម្ព និង​អន​ឡា​ញ ១៥​អង្គភាព​, វិទ្យុ ៣​អង្គភាព ទូរទស្សន៍ ៣​អង្គភាព​, អង្គការ​សង្គម​ស៊ីវិល ១​អង្គភាព និង​សាកលវិទ្យាល័យ ១​អង្គភាព​។

​ចំណែក​វាគ្មិន​ដែលជា​គ្រូ​បង្គោល​សរុប​ចំនួន ៩​រូប ដែល​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ គ​.​ជ​.​ប​. អ្នកកាសែត​អាជីព​ជើងចាស់ អ្នកជំនាញ​អ្នកច្បាប់ និង​អ្នកវិទ្យាសាស្ត្រ​នយោបាយ ដែល​អញ្ជើញ​មក​ពី​ប្រទេស​កម្ពុជា បារាំង អាល្លឺម៉ង់ និង​អូស្ត្រាលី​។​

​សិក្ខាសាលា​នេះ​ធ្វើឡើង​នៅក្នុង​គោលបំណ លើកកម្ពស់​ការយល់ដឹង​របស់​អ្នកសារព័ត៌មាន​អំពី ក្រប​ខណ្ឌ​ច្បាប់ នីតិវិធី ប្រព័ន្ធ និង​ដំណើរការ​នៃ​បោះឆ្នោត​នៅ​កម្ពុជា តួនាទី និង​ក្រមសីលធម៌​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុង​ការរាយការណ៍​ព័ត៌មាន​បោះឆ្នោត​, លើកកម្ពស់​សមត្ថភាព​វិភាគ​បរិបទ និង​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​, លើកកម្ពស់​សមត្ថភាព​វិភាគ​ពី​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​រវាង​មហាអំណាច ម​ជ្ឈភាព​អាស៊ាន និង​ការបោះឆ្នោត​, ចែករំលែកឧ​ត្ត​មានុ​វត្ត​ពាក់ព័ន្ធ​នឹង​ការចូលរួម​នយោបាយ និង​ការចូលរួម​ការបោះឆ្នោត​ដោយ​សហគមន៍​ពហុវប្បធម៌​។​

​លើសពី​នេះ​ក៏​លើកកម្ពស់​សមត្ថភាព​អ្នកសារព័ត៌មាន​អាជីព​ក្នុង​ការវិភាគ និង​ស៊ើបអង្កេត​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​,​រួមចំណែក​លើកកម្ពស់​សុខដុមរមនា សន្តិភាព ការអភិវឌ្ឍ និង​បរិ​យា​បន្ន​នៅ​កម្ពុជា​, រួមចំណែក​ប្រឆាំងនឹង​ព័ត៌មាន​បំភ្លៃ (Manipulation) ព័ត៌មាន​ភាន់ច្រឡំ (Misinformation) ព័ត៌មាន​ក្លែងបន្លំ (Disinformation) និង​សេណា​រី​យ៉ូ​ដែល​គេ​បង្កើតឡើង (Invented scenarios) សម្រាប់​របៀបវារៈ​នយោបាយ​លាក់​កំបាំង និង​បើកចំហ​ណាមួយ​ពី​មហាអំណាច​ខាងក្រៅ ជា​ដេ​ី​មនោះ​៕​