តុលាការ​សម្រេច​ឃុំខ្លួន​មន្ត្រីនគរបាល​ម្នាក់​ក្រោយ​រកឃើញ​ជាប់​ពាក់ព័ន្ធ​ករណី​ឆបោក​

​ខេត្ត​កណ្តាល​៖ ចៅក្រម​ស៊ើបសួ​រលោក អ៊ុក សុវណ្ណារិទ្ធ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ បាន​ចេញ​ដី​ការសម្រេច​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ជា​បណ្ដោះអាសន្ន ទៅ​ពន្ធនាគារ​ខេត្ត​កណ្តាល ពីបទ «​ឆបោក​» តាម​មាត្រា​៣៧៧ និង​មាត្រា​៣៧៨ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ជនសង្ស័យ​មាន​ឈ្មោះ ធូ​ក ចិន្តា ភេទ​ស្រី អាយុ​៣២​ឆ្នាំ មាន​មុខរបរ​ជា​មន្ត្រី​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ត្រូវបាន​ប្រជាពលរដ្ឋ​ជាង​១០​គ្រួសារ រស់នៅ​ឃុំ​បឹង​គ្រំ ស្រុក​ល្វាឯម ខេត្ត​កណ្តាល ដាក់​ពាក្យបណ្តឹង​ប្តឹង​ទៅ​កាន់​ក្រសួងមហាផ្ទៃ ជុំវិញ​ករណី​ឆបោក​ប្រាក់​ជិត​២០​ម៉ឺន​ដុល្លារ​។​

​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ បាន​ធ្វើ​ការកោះហៅ​សួរនាំ​បំភ្លឺ ទើប​ធ្វើ​ការឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្តាល បន្ទាប់ពី​រកឃើញ​ដូច​ការចោទប្រកាន់​៕​