​ចាប់ខ្លួន​ជនជាតិ​ចិន​៤ នាក់ ខ្មែរ​ម្នាក់ ពាក់ព័ន្ធ​ករណី​ប្លុង​គ្រប់​បែក​នៅមុខ​ណាហ្គា​វើល​ដ៍ ក្នុង​ខណ្ឌ​ចំការមន​

ភ្នំពេញ​៖ ជនសង្ស័យ​ចំនួន ៥​នាក់ ដោយ ៤​នាក់​ជា​ជនជាតិ​ចិន និង​១​នាក់​ជា​ជនជាតិខ្មែរ ត្រូវបាន​អាជ្ញាធរ​ឃាត់ខ្លួន​ក្រោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លួច​ទម្លាក់​គ្រាប់បែកដៃ​មួយ​បង្កប់​ក្នុង​នំ​ខេ​ក​នៅក្បែរ​រដ្ឋសភា និង​ក្រុមហ៊ុន​ណាហ្គា​វើល​ដ៏​២ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ម៉ោង​៦ ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២២​។​

​អគ្គស្នងការ​រង និង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹម​ខឿន បានបញ្ជាក់​ថា អាជ្ញាធរ​បាន​ឃាត់​ជនសង្ស័យ​ទាំង ៥​នាក់​នោះ​មក​សួរនាំ​សិន​ក្រោយ​សង្ស័យ​ក្នុងករណី​ទម្លាក់ចោល​គ្រាប់បែកដៃ​នៅក្បែរ​រដ្ឋសភា​។​

​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ក៏​បាន​ឱ្យដឹង​ដែរ​ថា អាជ្ញាធរ​រកឃើញ​មុខសញ្ញា​ជនសង្ស័យ ក្រោយ​ពី​អាជ្ញាធរ​ទទួលបាន​តម្រុយ​ថា​មាន​ជនសង្ស័យ​មិន​ស្គាល់​មុខ​បាន​ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក lang Rover Defender ពាក់​ស្លាក​លេខ​កម្ពុជា LC.9888 មក​ទម្លាក់​គ្រាប់បែកដៃ​នៅ​សួនច្បារ​ណាហ្គា​វើល​ដ៍ ស្របពេល​ដែល​មាន​អ្នក​អនាម័យ​តាមផ្លូវ​ម្នាក់​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់​។​

​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក​) លោក ហេង រតនា បានបញ្ជាក់​ថា គ្រាប់បែកដៃ​មួយ​គ្រាប់​ដែល​ជនសង្ស័យ​បង្កប់​ក្នុង​នំ​ខេ​ក ហើយ​មក​ទម្លាក់​ចោល​នៅ​ក្បែរ​វិមាន​រដ្ឋ​សភា​នោះ ជា​ប្រភេទ​គ្រាប់បែកដៃ F1 ដែល​ផលិត​នៅ​ប្រទេស​រុស្ស៊ី​។​

​បើ​តាម​លោក ហេង រតនា ថា​គ្រាប់បែកដៃ​មួយ​គ្រាប់​នោះ​ក្រោយ​រក​ឃើញ​ភ្លាម អាជ្ញាធរ​ជំនាញ​បាន​ដោះ​បន្សាប​គ្រាប់បែក​នោះ​ដោយ​ប្រើ​បច្ចេកទេស​ទាញ​ខ្សែ​ពី​ចម្ងាយ ហើយ​គ្រាប់បែកដៃ​នោះ​ក៏​បាន​ផ្ទុះ ប៉ុន្តែ ពុំ​បណ្តាលឱ្យ​មនុស្ស​រងរបួស​ឡើយ​៕