
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ពាក់ព័ន្ធករណីខ្ចីលុយជិត ២០ម់ឺនដុល្លារ មិនសង
ភ្នំពេញ៖ ស្ត្រីម្នាក់ជាមន្ត្រីនគរបាល ឈ្មោះ ធូក ចិន្តា ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ។
តាមប្រភពថា មូលហេតុរហូតឈានទៅដល់ការឃាត់ខ្លួនស្ត្រីម្នាក់ដែលជាមន្ត្រីនគរបាល គឺមានពាក្យបណ្តឹងពីប្រជាពលរដ្ឋជាច្រើនគ្រូសារ រស់នៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ប្តឹងពីករណីខ្ចីលុយមិនព្រមសង។
ប្រភពដដែលបន្តថា ស្ត្រីជាមន្ត្រីនគរបាលឈ្មោះ ធូក ចិន្តា បានខ្ចីលុយពីប្រជាពលរដ្ឋចំនួន១៨គ្រួសារ ដោយក្នុង ១គ្រួសារ បានខ្ចីចាប់ពីរាប់ពាន់ដុល្លារ ខ្លះទៀតរាប់មុឺនដុល្លារ ក៏មានដែរ។
ប្រត្តិការណ៍ឃាត់ខ្លួនស្ត្រីនគរបាលម្នាក់ខាងលើនេះ អ្នកសារព័ត៌មានទទួលបានព័ត៌មានថា កម្លាំងសមត្ថកិច្ច នៃក្រសួងមហាផ្ទៃបានកំពុងត្រៀមបញ្ជូនស្ត្រីដែលជាជនសង្ស័យខាងលើទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះហើយ។
ហើយករណីមួយនេះក៏មានលេចឮដំណឹងថា កំពុងតែមានការអន្តរាគមន៍ពីសំណាក់អ្នកធំម្នាក់ ដើម្បីឱ្យដោះលែងជនសង្ស័យខាងលើនេះ។
ចំណែកអ្នកប្តឹងជាច្រើនគ្រួសារដែលបានដាក់ពាក់ប្តឹងស្ត្រីជាមន្ត្រីនគរបាលខ្ចីលុយមិនសងនោះ កំពុងតែនាំគ្នារងចាំមើលថាតើពាក្យបណ្តឹងរបស់ពួកគាត់មានប្រសិទ្ធភាពដែរ ឬក៍គ្មានប្រសិទ្ថភាពទេ នៅលើពាក្យបណ្តឹងដែលប្តឹងទៅ ក្រសួងមហាផ្ទៃ ដើម្បីរកយុត្តិធម៌នោះ៕