ឃាត់ខ្លួន​ជន​ជាតិចិន​៧​នាក់ ដែល​ចាប់​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ជំរិត​ទារប្រាក់ នៅ​សង្កាត់​ទី​៤​ក្រុងព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ កម្លាំង​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បាន​បើក​ប្រតិបត្តិការ​តាម​ប្រមាញ់​ជា​បន្តបន្ទាប់ រហូត​ឃាត់ខ្លួន​ជនជាតិ​ចិន​៧​នាក់ និង​ដកហូត​កាំភ្លើងខ្លី​ជាច្រើន​ដើម រួម​ទាំង​វត្ថុតាង​មួយចំនួនទៀត ពាក់ព័ន្ធ​នឹង​ករណី​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ នឹង​ជំរិត​ទារប្រាក់ ហើយ​កាន់កាប់​រក្សាទុក​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់​។​

​នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ឱ្យដឹងថា ប្រតិបត្តិការ​នេះ បានចាប់ផ្តើម​ចាប់ខ្លួន​បាន​បន្ទាប់​ពី​ស​ម​ត្ថ​កិច្ច​ចុះ​ស្រាវជ្រាវ កាល​រសៀល​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២២ បាន​ទទួល​បណ្តឹង​ពី​នារី​ជនជាតិ​ចិន​ម្នាក់ ដែល​បាន​ប្តឹង​រាយការណ៍​តាមរយៈ​ទូរស័ព្ទ​ហ​ត​ឡាញ​របស់ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ថា​មិត្តភក្តិ​របស់​គេ​ម្នាក់ ភេទ​ប្រុស ជនជាតិ​ចិន ត្រូវបាន​គេ​ចាប់ជំរិត​ពី​ភ្នំពេញ មក​ខេត្ត​ព្រះសីហនុ ដោយ​ប្រើ​រថយន្ត​០១​គ្រឿង ម៉ាក Alphard ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BQ-6785 បាន​ដឹក​សំដៅ​មក​ខេត្ត​ព្រះសីហនុ​។​

​លោក​ថា បន្ទាប់ពី​ទទួលបាន​បណ្តឹង​រាយការណ៍​នេះ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២២ នៅវេលា​ម៉ោង​៣.៣០​នាទី រសៀល កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​កម្លាំង​ប៉ុស្តិ៍​សង្កាត់​លេខ​៤ ចុះ​ទៅ​ធ្វើ​រដ្ឋបាល​ឆែកឆេរ​ទីតាំង​ផ្ទះ​វីឡា​មួយកន្លែង ដែល​មាន​ទីតាំង​នៅក្នុង​បុរី​ប៊ី​អេស អូរ​ទី​៥ ស្ថិតនៅ​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ដែល​សង្ស័យ​ថា ជាទី​តាំង​ចាប់​បង្ខាំង​ជនរងគ្រោះ ពេល​ទៅ​ដល់​ឃើញ​ថា ទីតាំង​ផ្ទះ​វីឡា​នោះ បាន​បើកទ្វារ​ចំហរ បន្ទាប់​ពី​ធ្វើការ​ឆែកឆេរ​ត្រួត​ឃើញថា ជនសង្ស័យ​បាន​គេចខ្លួន​បាត់​អស់ មុន​ពេល​កម្លាំង​សមត្ថកិច្ច​ទៅដល់ ហើយ​នៅក្នុង​ផ្ទះ​នោះ​មាន​សភាព​រញ៉េរញ៉ៃ មិន​មាន​មនុស្ស​នៅ​ទេ​។ បើ​ទោះជា​យ៉ាងនេះ​ក៍ដោយ កម្លាំង​សមត្ថកិច្ច​ក៏​បាន​បន្ត​ការស្រាវជ្រាវ រហូតដល់​វេលា​ម៉ោង​១៧.០០​នាទី ទើប​ដឹងថា ជនសង្ស័យ​បាន​ជិះ​រថយន្ត ០១​គ្រឿង ម៉ាក Alphard ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BS-9866 គេច​ចេញ​ទីតាំង​កើតហេតុ ទៅ​សង្ងំ​លាក់ខ្លួន​នៅ​សណ្ឋាគារ ហឺ​លី ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ​។​

​នាយ​ឧត្តមសេនីយ៍រូប​នេះបាន​បន្តថា ដោយ​មាន​ការចូលរួម​សហការ​ពី​ម្ចាស់​សណ្ឋាគារ ហឺ​លី កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ០១​នាក់ ភេទ​ប្រុស ជនជាតិ​ចិន នៅក្នុង​បន្ទប់​សណ្ឋាគារ​ខាងលើ និង​រកឃើញ​វត្ថុតាង​អាវុធខ្លី​០២​ដើម ,​ខ្នោះដៃ ,​ដំបងឆក់ ,​ស្ព្រាយ​ឧស្ម័ន​បង្ហូរទឹកភ្នែក ,​ស្កុត​រុំ និង​សម្ភារ​ផ្សេងៗ​មួយចំនួនទៀត​។​

​ដោយ​បាន​ចម្លើយ​សារភាព​ពី​ជនសង្ស័យ​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ការស្រាវជ្រាវ​រហូតដល់​វេលា​ម៉ោង ១៨.៤០​នាទី ទើប​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៥​នាក់ ភេទ​ប្រុស ជនជាតិ​ចិន បន្ថែមទៀត នៅ​ចំណុច​សណ្ឋាគារ លិ​ថាង​លិង​ឆឹង មាន​ទីតាំង​ស្ថិតនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​យោង​តាម​អ្នកនាំពាក្យ​បានបញ្ជាក់​ថា បន្ទាប់ពី​ទទួលបាន​តំរុយ​ថា បក្ខពួក​ជនសង្ស័យ​បាន​បើករថយន្ត ០១​គ្រឿង ម៉ាក Alphard ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BQ-6785 (​មធ្យោបាយ​ធ្វើ​សកម្មភាព​ចាប់​ជនរងគ្រោះ​) ទៅ​ចត​ទុក​ចោល​នៅ​ចំណុច ក្រុមទី​៩ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ កម្លាំង​ជំនាញ បាន​ចុះ​ទៅ​ធ្វើ​ការស្រាវជ្រាវ រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង ១៦ ទើប​ចាប់ខ្លួន​បាន​ជនសង្ស័យ ០១​នាក់ ភេទ​ប្រុស ជនជាតិ​ចិន បន្ថែមទៀត ដោយ​ជនសង្ស័យ​សង្ងំ​លាក់ខ្លួន​ក្នុងប​ន្ទ​ប់ជួល​មួយកន្លែង នៅ​ចំណុច​ក្រុមទី​៩ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ហើយ​ជនសង្ស័យ​នេះ​គឺជា​អ្នក​ដែល​បាន​បើករថយន្ត ០១​គ្រឿង ម៉ាក Alphard ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BQ-6785 មធ្យោបាយ​ធ្វើ​សកម្មភាព​ចាប់​ជនរងគ្រោះ មក​ចត​ទុក​ចោល​នៅ​ម្តុំ​ទីតាំង​ខាងលើ​។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការឃាត់​ខ្លួន​បាន​ជនសង្ស័យ ០៧​នាក់ យកមក​ធ្វើ​ការសាកសួរ​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ក្នុងនោះ​មាន​ឈ្មោះ​ដូចខាងក្រោម​៖

១៖ ឈ្មោះ LI GANG ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​
២៖ ឈ្មោះ LIN EN ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​
៣៖ ឈ្មោះ LI YONG BIN ហៅ LI CHUN ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​
៤៖ ឈ្មោះ DENG SHENG WEN ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​
៥៖ ឈ្មោះ ZHAO YUN FEI ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​
៦៖ ឈ្មោះ YANG HUI ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​
៧៖ ឈ្មោះ ZHANG SHU ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​