​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖«​ការថែរក្សា និង​ការអភិរក្ស​អង្គរ​» ជា​កាតព្វកិច្ច​របស់​កូន​ខ្មែរ​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​បើក​ព្រឹត្តិការណ៍ បុណ្យ​រំលឹក​គុណ​អង្គរ និង​រាប់បាត្រ​ព្រះសង្ឃ​ចំនួន ១៣០​អង្គ នៅ​ខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃ​ពុធ ៦​រោច ខែ​មិគសិរ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២ ។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត មាន​ប្រសា​ន៍​ថា ៖ (១៤ ធ្នូ ១៩៩២-១៤ ធ្នូ ២០២២) គឺជា​ខួប ៣០​ឆ្នាំ នៃ​ការដាក់​រមណីយដ្ឋាន​អង្គរ ទៅក្នុង​បេតិកភណ្ឌ​ពិភពលោក ។ ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​រំលឹក​គុណ​អង្គ​ព្រះមហាក្សត្រ​គ្រប់​ព្រះអង្គ និង​បុព្វការី​ជន​ដែល​បាន​កសាង ថែរក្សា​ប្រាសាទ​ទាំងអស់​នៅក្នុង​រមណីយដ្ឋាន​អង្គរ ដោយ​បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ជាតិ​មាតុភូមិ​តាំងពី​ដើម​រហូត​ដល់​បច្ចុប្បន្ននេះ ។

​ជាពិសេស បាន​បង្ហាញ​អំពី​សក្តានុពល​ទេសចរណ៍​របស់​កម្ពុជា​ទៅកាន់​ឆាក​អន្តរជាតិ ក្នុង​ការលើកស្ទួយ​ពាក្យស្លោក កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយៈ និង​ធ្វើឱ្យ​កាន់តែ​ប្រាកដ​ឡើង​នូវ​ពាក្យស្លោក អរគុណ​សន្តិភាព ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​លោកជំទាវ​បាន​បន្តទៀតថា ក្នុងនាម​ជា​អ្នកជំនាន់ក្រោយ យើង​ត្រូវ​បង្កើន​ការខិតខំ​ប្រឹងប្រែង​ទ្វេរ​ឡើង ដើម្បី​អភិវឌ្ឍ​ប្រទេស​យើង ការពារ​ឱ្យបាន​ដាច់ខាត​នូវ​នាវា​សន្តិភាព ស្ថិរភាព​សង្គម និង​ផ្តល់​ឱ្យ​ជាតិ​របស់​យើង​នូវ​កិត្តិនាម​របស់​ខ្លួន​ឡើងវិញ​។ បេតិកភណ្ឌ​អង្គរ​នឹង​មិន​ត្រូវ​បាន​បំភ្លេច​ឡើយ ចំណែកឯ​ការថែរក្សា និង​ការអភិរក្ស​អង្គរ ជា​កាតព្វកិច្ច​របស់​កូន​ខ្មែរ​ទាំងអស់​គ្នា​។

​ពិធី​រំលឹក​គុណ​អង្គរ ត្រូវបាន​ប្រារព្ធ​ឡើង​មាន​រយៈពេល​ចំនួន​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​ទី​១៦ ខែ​ធ្នូ ដែល​មាន​កម្មវិធី​សាសនា ស្ដង់​ពិព័រណ៍ និង​ការសម្ដែង​សិល្បៈ​បុរាណ​នៅ​ពេល​រាត្រី និង​កម្ម​វ​ធី​កម្សាន្ត​ជាច្រើន​ទៀត ។​

​លោកជំទាវ​បាន​នាំយក​ថវិកា​របស់​សម្តេច​អគ្គ​មហាសេនា ប​តី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ចំនួន ៤០​លាន​រៀល ឧបត្ថម្ភ​ដល់​កម្មវិធី​។ នៅ​ចុងបញ្ចប់​នៃ​កម្មវិធី ក៏​មាន​ពិធីរាប់បាត្រ​ព្រះសង្ឃ​ចំនួន ១៣០​អង្គ ជា​កិច្ច​បង្ហេី​យ​បុណ្យ​ផងដែរ ៕