ឆ្នាំ​២០២២​នេះ​នៅ​ខេត្តរតនគិរី​មាន​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំនួន​១,៦០៦​នាក់ ស្រី​៧៩០​នាក់ ក្នុងនោះ​មាន​បេក្ខជា​ជន​ជា​ជនជាតិដើម​ភាគតិច​ចំនួន ៥១០​នាក់ ស្រី​២៤៧​នាក់

​ខេត្ត​រតនគិរី​៖ នៅ​ថ្ងៃ​ចន្ទ ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ បាក់​ឌុប ឆ្នាំ​សិក្សា​២០២២ បានចាប់ផ្តើម​ដំណើរការ​ហើយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ចំណែក​ខេត្តរតនគិរី ក៏​បាន​ដំណើរការ​ប្រឡង​នៅ​ថ្ងៃ​នេះ​ផង​ដែរ​។​

​លោក ខាត់ សា​ម៉ាល់ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​រតនគិរី បានបញ្ជាក់​ថា ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម្រាប់​ខេត្ត​រតនគិរី សម័យ​ប្រឡង ថ្ងៃទី​៥-៦​ឆ្នាំ​២០២២ នេះ មាន​ចំនួន​៣​មណ្ឌល​ប្រឡង​គឺ​៖
1-​មណ្ឌល​ប្រឡង​អនុវិទ្យាល័យ ប៊ូ ថង ទេស​អន្លុង ថ្នាក់​វិទ្យាសាស្ដ្រ មាន​ចំនួន ១៤​បន្ទប់​មាន​បេក្ខជន​សរុប​៣៤១​នាក់ ស្រី​១៧៧​នាក់​។​
2-​មណ្ឌល​វិទ្យាល័យ​សម្ដេចឪ​-​សម្ដេចម៉ែ ថ្នាក់​វិទ្យាសាស្ដ្រ​សង្គម ចំនួន​៣០​បន្ទប់ មាន​បេក្ខជន​សរុប ៧៣៣​នាក់ ស្រី​៣៨៨​នាក់​។​
3-​មណ្ឌល​ប្រឡង​វិទ្យាល័យ​ហ៊ុន សែន ភូមិ​ថ្មី ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​២២​បន្ទប់​មាន​បេក្ខជន​៥៣៣​នាក់ ស្រី​២២៥​នាក់​។ សរុប​រួម​ទាំង​៣​មណ្ឌល មាន​បេក្ខជន​សរុប ១,៦០៧​នាក់ ស្រី​៧៩០​នាក់ ក្នុងនោះ​មាន​បេក្ខជន ជា​ជនជាតិដើម​ភាគតិច​ចំនួន ៥១០​នាក់ ស្រី​២៤៧​នាក់​។​

​ក្នុង​ឱ្យ​កាស​នោះ​ដែរ​ឯកឧត្តម ញ៉ែម សំអឿន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី ដែល​បាន​អញ្ជើញ​ចូលរួម​បើក​កញ្ចប់​វិញ្ញាសា​ប្រឡង នា​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៥​នេះ នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​សម្តេចឪ​-​សម្តេចម៉ែ បាន​លើកទឹកចិត្ត​ដល់​ក្មួយៗ​ដែល​ជា​បេក្ខជន បេ​ក្ខ​នារី​ទាំង​អស់ ត្រូវ​ខិតខំ​ធ្វើ​ឱ្យ​អស់ពី​លទ្ធភាព និង​ចូលរួម​ថែទាំ​សុខភាព​ឱ្យបាន​ល្អ សម្រាក​ឱ្យបាន​គ្រប់គ្រាន់ និង​ជូនពរ​ប្រឡង​ជាប់​គ្រប់ៗ​គ្នា​។

​ឯកឧត្តម​ក៏បាន​រៀបរាប់​នៅក្នុង​ថ្ងៃ​ប្រឡង​នេះ​ថា ការប្រឡង​ឆ្នាំនេះ​ដំណើរការ​ទៅ​រយៈពេល​២​ថ្ងៃ​គឺ​ទី​៥ និង​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២២ ហើយ​ក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើការ​រឹត​បន្ទឹ​ងដល់​បេក្ខជន បេ​ក្ខ​នារី ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​វិស័យ​អប់រំ​នៅ​កម្ពុជា មាន​គុណភាព​។​

​សូមជម្រាប់ថា ការប្រឡង​ឆ្នាំនេះ​បេក្ខជន បេ​ក្ខ​នារី​ទាំង​អស់ ត្រូវ​ពាក់​ម៉ាស​និង​បង្ហាញ​កាត​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩​ទើប​អនុញ្ញាត​អោយ​ចូល​ប្រឡង​។​ជា​ពិសេស​មាន​គ្រូ​អនុរក្ស ចាំ​ឆែកឆេ​រលើ​ដងខ្លួន​បេក្ខជន​ប្រឡង​មុននឹង​ឱ្យ​ចូល​ក្នុង​បន្ទប់​ប្រឡង​សំដៅ​ធានា​ថា​បេក្ខជន​បេ​ក្ខ​នារី​ទាំង​អស់​មិន​មាន​ឱកាស​បាន​យក​សំណៅ​ឯកសារ ព្រី​យ៉ុង ឬ​ម៉ាស៊ីន​គិត​លេខ ទូរស័ព្ទ ចូល​ក្នុង​បន្ទប់​ប្រឡង​បាន​ដាច់ខាត​៕