សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកណ្ដាល​ជាង​៣​ពាន់​នាក់​

នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៣ ខែ​ធ្នូ​ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៣,៤៥៧​នាក់ នៃ​ខេត្ត​កណ្ដាល ដែល​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​វិមាន​៧​មករា​។

​តាម​ការឲ្យដឹង ពី​ឯកឧត្តម ម៉ៅ ភិរុណ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​បានអោយដឹងថា ការអញ្ជើញ​សំណេះសំណាល​របស់​សម្ដេច​តេជោ​នាពេលនេះ គឺ​បាន​បង្ហាញ​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុខទុក្ខ សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ខេត្តកណ្ដាល​ទាំងមូល​។ ឯកឧត្តម​ក៏បាន​ជម្រាប​សម្តេច​តេជោ និង​អង្គពិធី​អំពី​សភាពការណ៍​រួម​របស់ ខេត្ត​កណ្ដាល រួម​មាន​ការងារ​សន្តិ​សុខ សណ្តាប់​សាធារណៈ របាយការណ៍​ពាក់ព័ន្ធ​មន្ត្រីរាជការ និង​ការងារ​អភិវឌ្ឍ​នៅ​ខេត្ត​កណ្ដាល​។ ពាក់ព័ន្ធ​ការងារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ឯកឧត្តម ម៉ៅ ភិរុណ បាន​គូសបញ្ជាក់ថា អាជ្ញាធរ​ខេត្ត​កណ្តាល​បាន​យកចិត្តទុកដាក់ រក្សា ការពារ និង​ពង្រឹង​ជា​ប្រចាំ​ហើយ​ជារួម ធានាបាន​នូវ​សន្តិសុខ និង​សុវត្ថិភាព​ល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​។ ទន្ទឹមនេះ រដ្ឋបាល​គ្រប់​ថ្នាក់​ក្នុង​ខេត្ត​កណ្ដាល បាន​នឹង​កំពុង​ចូលរួម​សហការ​ក្នុងការ​បង្កលក្ខណៈ​ល្អប្រសើរ ។

​សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តីរីករាយ ដែល​បាន​ជួប​សំណេះសំណាល​ជាមួយ សមាជិក សមាជិកា​គណបក្ស ថ្នាក់ភូមិ ឃុំ សង្កាត់ ចំណុះ​ឱ្យ​ខេត្ត​កណ្ដាល នៅ​ក្នុង​ថ្ងៃនេះ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​អបអរសាទរ​ចំពោះ​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ ក្នុង​ខេត្ត​កណ្ដាល​ទាំងអស់ ដែល​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ តាមរយៈ​ការបោះឆ្នោត ឃុំ សង្កាត់ កន្លងទៅនេះ​។ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​រក្សា​ស្ថិរភាព​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​បាន​ល្អ ការរួម​គ្នា​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ទប់ស្កាត់​បាន​នូវ​ទង្វើ​បង្កចលាចល​នានា​ក្នុងសង្គម​។

​នៅក្នុង​ពិធី​សំណេះសំណាល​នេះ​ដែរ សម្ដេច​តេជោ ក៏បាន​លើកឡើង​នូវ​សមិទ្ធិផល​ធំៗ​មួយចំនួន​គួរអោយ​កត់សម្គាល់​របស់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើរួមាន កា​រក្សាបាន​ស្ថិរភាព​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ភាព​ជោគជ័យ​នៃ​ការប្រយុទ្ធ​ទប់ស្កាត់​ជម្ងឺ​កូវី​ដ​១៩ ជាពិសេស​គឺ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​វ៉ាក់សាំង​ស្រោច​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​បង្កើត​ភាពស៊ាំ​បាន​យ៉ាង​ល្អ ការរក្សា​កំណើនសេដ្ឋកិច្ច ការគ្រប់គ្រង​ដោះស្រាយ​ឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយ​បាន​ទាន់ពេលវេលា​។ ភាព​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​នៃ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​២០២២​នៅ​កម្ពុជា ។

​សម្តេច​តេជោ ហ៊ុន សែន បាន​ក្រើនរំលឹក​ដល់ សមាជិក សមាជិកា គណបក្ស​ទាំងអស់​ដែល​មាន​តួនាទី​ក្នុង​រាជរដ្ឋាភិបាល​ត្រូវ​បន្ត​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន ជាពិសេស​បន្ត​យកចិត្តទុកដាក់​រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព រួមមាន ការបង្ក្រាប​នូវ​បទល្មើស​ផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និង​ការជួញដូរ​គ្រឿងញៀន​ជាដើម ដើម្បី​ផ្តល់​ភាពកក់ក្តៅ និង​ធានា​ដល់​សុវត្ថិភាព​នៃ​ការរស់នៅ របស់​ប្រជាពលរដ្ឋ​។

​ទន្ទឹមនេះ ត្រូវ​យកចិត្តទុកដាក់​ផ្តល់​នូវ​សេវាសាធារណៈ រួមមាន​សេវា​តម្រូវការ​ចាំបាច់​ទាំងឡាយ និង​សេវា​សំណូមពរ​នានា ជូន​ប្រជាពលរដ្ឋ អោយ​បាន​លឿន និង​មាន​ប្រសិទ្ធិភាព ហើយ​ត្រូវ​ខិតខំ​បំបាត់​អោយ​អស់​នូវ​ភាព​អសកម្ម​នានា​។ អាជ្ញាធរ​ត្រូវ​យកចិត្ត​ទុក ដាក់​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​អោយបាន​រហ័ស និង​មាន​ប្រសិទ្ធិភាព ផ្តល់​នូវ​សេវា​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន រហ័ស ចៀសវាង​បង្ក​នូវ​បញ្ហា​នានា​។ ត្រូវ​រួម​គ្នា​បន្ត​ការទប់ស្កាត់​ជម្ងឺ​កូវី​ដ​១៩ និង​ជម្ងឺ​រាតត្បាត​នានា ​និង​លើកទឹកចិត្ត​អោយ​អាជ្ញាធរ​ព្យាយាម​ដោះស្រាយ​បញ្ហា​ជម្លោះ​របស់​ប្រជាពលរដ្ឋ​តាម​បែប​ក្រៅ​ប្រព័ន្ធ​តុលាការ​។

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​កោតសរសើ​រដល់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា​គណបក្ស​ទាំងអស់ ដែល​បាន​រួម​សហការ​គ្នា ធ្វើ​កិច្ចការ​អភិវឌ្ឍ​នៅក្នុង​ខេត្ត​កណ្ដាល​បាន​យ៉ាង​ល្អ ទទួលបាន​នូវ​ការ​ការរីកចម្រើន​ជា​បន្តបន្ទាប់​មក​៕