សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​សមាជិក​សភា​អាមេរិក ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​ចន្ទ ៣​កើត ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោកជំទាវ អេ​លីហ្សា​បេ​ត វេន ដា​ញ (Elizabeth Van Duyne) តំណាងរាស្ត្រ​គណបក្ស​សាធារណរដ្ឋ មក​ពី​រដ្ឋ​តិច​សាស់ និង​គណៈប្រតិភូ​សមាជិក​សភា​អាមេរិក និង​មាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ មក​ពី​រដ្ឋ​ថេន​ណេ​សស៊ី​ផងដែរ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​លើ​ការងារ​មួយចំនួន ដើម្បី​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង​សហរដ្ឋអាមេរិក​។​

​លោកជំទាវ អេ​លីហ្សា​បេ​ត បាន​សម្ដែង​នូវ​ការគោរព​ជូន​ចំពោះ​សម្ដេច​តេជោ ចំពោះ​ការតស៊ូ និង​ប្រឹងប្រែង​របស់​សម្ដេច​តេជោ នាំ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​នូវ​សុខសន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍ​។​

​លោកជំទាវ ក៏​បាន​គោរព​ជម្រាបជូន​សម្ដេច​តេជោផង​ដែរថា ដំណើរ​ទស្សនកិច្ច​របស់​លោកជំទាវ និង​ប្រតិភូ​នាពេលនេះ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែ​ខ្លាំងឡើង​តាមរយៈ​សក្ដានុពល​ដែល​កំពុង​មាន និង​តាមរយៈ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ជម្រាបជូន​លោកជំទាវ អេ​លីហ្សា​បេ​ត ព្រមទាំង​ប្រតិភូ​ទាំងមូល អំពី​ប្រវត្តិ​របស់​កម្ពុជា ក៏ដូចជា​ប្រវត្តិ​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​ជាមួយ​សហរដ្ឋអាមេរិក​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​ឯកភាព​ជាមួយ​លោកជំទាវ អេ​លីហ្សា​បេ​ត ដែលថា យើង​នាំគ្នា​សម្លឹង​ទៅ​មុខ និង​ក្ដាប់​ឱកាស​ដែល​កំពុង​មាន​នាពេល​បច្ចុប្បន្ន ជាពិសេស លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​អប់រំ ធ្វើជា​មូលដ្ឋាន ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែ​ខ្លាំងឡើង ៕