សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​ទីតាំង​កែច្នៃ​គ្រឿងញៀន ៣ ទីតាំង​ផ្សេងគ្នា រកឃើញ​គ្រឿងញៀន​ជាង ២០០ គីឡូក្រាម និង​គ្រឿងផ្សំ​ជាង ១១ តោន​

ភ្នំពេញ ៖ សមត្ថកិច្ច​បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​ជាង ២ ខែ​រួច​មក កាលពី​ពេល​ថ្មីៗ​នេះ សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​មន្ទីរ​ពិសោធន៍​លួចលាក់​កែច្នៃ​ផលិត​សារធាតុ​ញៀន នៅ​ចំនួន ៣ ទីតាំង​ផ្សេងគ្នា​នៅ​ភ្នំពេញ និង​ខេត្ត​កំពង់ស្ពឺ រឹបអូស​គ្រឿងញៀន​បាន​ជាង ២០០ គីឡូក្រាម​និង​គ្រឿងផ្សំ​ជាង​១១​តោន​។​

​របាយការណ៍​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃនេះ​បាន​បញ្ជាក់ថា ប្រតិបត្តិការ​បង្ក្រាប​នេះ​អនុវត្តតាម​បទបញ្ជា​របស់ ឯកឧត្តម អគ្គស្នងការ និង​ឯកឧត្តម អគ្គស្នងការ​រង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ផ្ទាល់​ពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​កម្លាំង​ជំនាញ ”​ក​១០” របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្ត​កំពង់ស្ពឺ ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ឈានដល់​ការបង្ក្រាប​មន្ទីរពិសោធន៍​លួចលាក់​កែច្នៃ​ផលិត​សារធាតុ​ញៀន​នៅ​៣​ទីតាំង​ផ្សេងគ្នា​ជា​បន្តបន្ទាប់​។​

​ទី​តាំងទី​១​នៅ​បន្ទប់​លេខ​៨០២​ក្នុង​ខុន​ដូ​JCITY ផ្លូវ​លេខ​៣២២ សង្កាត់​បឹង​កេងកង ១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។ ទី​តាំងទី ២ នៅក្នុង​ចម្ការ​ស្វាយ​ភូមិ​តាំង​ស្រឹង​ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ និង​ទី​តាំងទី ៣ នៅក្នុង​ចម្ការ​ស្វាយ​ភូមិ​ស្រល់ ឃុំ​យាយ​ម៉ៅ ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ។​

​ប្រតិបត្តិការ​នេះ មន្ត្រី​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤ នាក់​ជនជាតិ​ចិន​(​តៃវ៉ាន់​) រួមមាន​ទី​១​ឈ្មោះ ទៀង ចាន់ហ្វូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​មេការ​) ទី​២ ឈ្មោះ ឃួ​ភូ​វែ​ន ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ ទី​៣ ឈ្មោះ តាំង គូ​ជី​ង ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ និង​ទី ៤ ឈ្មោះ លីន យី​ឆេង ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ អ្នក​ទាំង​បី​នាក់​ជា​អ្នកបច្ចេកទេស​។​

​ចំណែក​វត្ថុតាង​ដែល​ចាប់​យក​រួមមាន​ម៉ាស៊ីន​ឧបករណ៍​សម្ភារ​សម្រាប់​កែច្នៃ​ផលិត​វេច​ខ្ចប់​មួយចំនួនធំ​។​សារធាតុ​ញៀន​ប្រភេទ​កេតា​មីនទ​ម្ងន់​៤១kg៥១.៧g-​ល្បាយ​សារធាតុ​ញៀន​កេតា​មីនទ​ម្ងន់​១៤២៥kg-​ថ្នាំ​គ្រាប់​នី​មេ​តា​ហ្សេ​ប៉ាម​ទម្ងន់​0.៩g-​សារធាតុ​គីមី​ផ្សំ​១១​តោន​នឹង​៥២៥kg​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ព្រមទាំង​វត្ថុតាង​ខាងលើ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕