សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ចុះបង្ក្រាប​ករណី​កែច្នៃ ជួញដូរ​គ្រឿងញៀន ចាប់ខ្លួន​ជនជាតិ​ចិន ៣​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង ៣០​គីឡូក្រាម​

ភ្នំពេញ ៖ អនុវត្តតាម​បញ្ជា​របស់ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់​ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​១៥,៣០​នាទី កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​៤) ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករង​មន្ទីរ និង​លោក​វរសេនីយ៍ឯក ស៊ុ ណារ៉ាក់ នាយករង​មន្ទីរ លោក​វរសេនីយ៍ទោ នួន ច័ន្ទ និង​លោក​វរសេនីយ៍ទោ ប៉ែន ណុល ចូលរួម​សហការ​ពី​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ សម្របសម្រួល​ដោយ លោក ស៊ិត វណ្ណៈ ព្រះរាជ​អជ្ញារ​ង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ព្រះសីហនុ ចុះ​ស្រាវជ្រាវ និង​ឈាន​ទៅ​បង្ក្រាប​ករណី​កែច្នៃ ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន នៅ​៣​ចំណុច​ផ្សេងគ្នា​ជា​បន្តបន្ទាប់ ចំណុច​ទី​១៖ នៅ​ខុន​ដូ​បុរី​ប៉េង​ហួត​(​បឹង​ស្នោ​) បន្ទប់​លេខ​B16-16/B2 ស្ថិតនៅ​ភូមិ​បឹង​ឈូក សង្កាត់​និរោធ៍ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​, ចំណុច​ទី​២៖ នៅមុខ​ផ្សារ​ម៉ា​ត​ហ័រណង សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ និង​ចំណុច​ទី​៣៖ នៅ​បន្ទប់​លេខ​១៦០៨ នៃ​សណ្ឋាគារ​សមុទ្រ​ខៀវ ភូមិ​១ ក្រុម​១ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ៖ ១-​ឈ្មោះ CHO SHIH JIE ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជនជាតិ​ចិន​(​តៃវ៉ាន់​)​។ ២-​ឈ្មោះ LI ZHI ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ​ចិន​។ ៣-​ឈ្មោះ PENG ZHENGCHENG ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ​ចិន​។​

​វត្ថុតាង​ចាប់​យក​រួមមាន​៖ ១-​ហេ​រ៉ូ​អ៊ីន ទម្ងន់ 3 kg 206.97g, ២-​ម្ស៉ៅ​ក្រាម​ពណ៌​ផ្កាឈូក​ខ្ចី (MDMA) ទម្ងន់ 4 kg 330g, ៣-​មេតំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់ 9 kg 244g, ៤- មេតំ​ហ្វេ​តា​មីន​(WY) ទម្ងន់ 648g, ៥- កេតា​មីន​(Ketamine) ទម្ងន់ 7 kg 993g, ៦- សារធាតុ​រាវ​(Ketamine)​ចំនួន ២១៥ ដប ទម្ងន់ 2 kg 150g, ៧-​ថ្នាំ​គ្រាប់​នី​មេ​តា​ហ្សេ​ប៉ាម ទម្ងន់ 2 kg 882.88g​។ សារធាតុ​ញៀន សរុប 30 kg 454.85g, សារធាតុ​ផ្សំ សរុប 56 kg 521.40g​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ចាប់​យក​ខាងលើ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​តាម​នីតិវិធី​តាមច្បាប់​៕