សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារសិក្សា​១​ខ្នង នៅ​អនុវិទ្យាល័យ​ខ្នាច​រមាស

ខេត្ត​បាត់ដំបង​: នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៨​រោច ខែ​ពិសាខ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង និង​ព្រៃវែង បាន​អញ្ជើញ​ជា​អធិបតី សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារសិក្សា​១​ខ្នង នៅ​អនុវិទ្យាល័យ​ខ្នាច​រមាស ស្ថិតនៅ​ស្រុក​បរវេល ខេត្ត​បាត់ដំបង​។​

​លោក លួត សាលី អភិបាល​នៃ​គណៈ​អភិបាលស្រុក​បរវេល បាន​ធ្វើ​របាយការណ៍​ស្វាគមន៍​ជូន​សម្ដេច​ក្រឡាហោម និង​អង្គពិធី ដោយ​ជា​កិច្ច​ចាប់ផ្ដើម លោក​បាន​គូសបញ្ជាក់​អំពី​ស្ថានភាព​ទូទៅ​ក្នុ​ស្រុក​បរវេល ការផ្ដល់សេវា​សាធារណៈ បញ្ហា​សន្តិសុខ សមិទ្ធផល​ក្នុង​វិស័យ​នានា​ដែល​សម្រេចបាន លទ្ធផល​នៃ​ការបង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ការ​ធ្វើ​វេទិកា​សាធារណៈ និង​កិច្ច​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​។​

​លោក​អភិបាលស្រុក​បាន​ឱ្យដឹង​ថា​អគារសិក្សា​មួយ​ខ្នង​កម្ពស់​ពីរ​ជាន់​ស្មើនឹង​១០​បន្ទប់ ដែល​ប្រារព្ធ​ពិធី​សម្ពោធ​នាឱកាស​នេះ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​ក្រឡាហោម ស ខេង កាលពី​ឆ្នាំ​សិក្សា ២០១៩-២០២០​។

​ក្នុង​នាម​រដ្ឋបាល​ស្រុក មន្ត្រីរាជការ អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​ប​វេល លោក​អភិបាល​បាន​ថ្លែងអំណរគុណ​សម្ដេច​ក្រឡា​ហោ​ម ថ្នាក់ដឹកនាំ ក្រុមការងារ និង​សប្បុរសជន​ដែល​បាន​ផ្ដល់​ជូន​សមិទ្ធផល​ដ៏​មាន​សារៈសំខាន់​នេះ​។​

​នា​ឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី បាន​សង្កត់ធ្ងន់​អំពី​ពាក្យ​អរគុណ​សន្តិភាព ដោយ​សម្ដេច​បាន​ថ្លែង​ពន្យល់​បន្ថែម​ថា​មូលហេតុ​នៃ​ការ​អរគុណ​សន្តិភាព គឺ​ដោយសារ​ទម្រាំ​មាន​សុខសន្តិភាព​នេះ កម្ពុជា​បាន​ឆ្លងកាត់​ការលំបាក​ច្រើនណាស់ ដូច្នេះ​កម្ពូជា​ត្រូវ​ចងចាំ​ប្រវត្តិដ៏​ជូរ​ចត់ ការ​ដណ្ដើម​បាន​សន្តិភាព​ដោយ​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ ការធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង របស់​ប្រជាពលរដ្ឋ កងយោធពល​ខេមរភូមិន្ទ នគរបាលជាតិ មន្ត្រីរាជការ និង​រាជរដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កើតចេញពី​ការបោះឆ្នោត​របស់​ប្រជាពលរដ្ឋ​។​
​សម្ដេច​បាន​បន្ថែម​ថា​ការ​ប្រារព្ធ​ពិធី​សម្ពោធ​អគារសិក្សា​នា​ឱកាស​នេះ គឺ​បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូវី​ដ​-១៩ នៅ​កម្ពុជា​មាន​ភាព​ធូរស្រាល​ឡើងវិញ​ក្រោម​ការដឹកនាំ​និង​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល​។

​សម្ដេច​ក៏​បាន​សម្ដែង​ក្ដី​មោទកភាព​ចំពោះ​ការរីកចំរើន​គ្រប់​វិស័យ​នៅក្នុង​ស្រុក​ប​វេល ក្នុងនោះ​រួម​ទាំង​វិស័យ​អប់រំ​ដែល​គ្រប់​មូលដ្ឋាន​ប្រជាពលរដ្ឋ​មាន​សាលារៀន​សម្រាប់​កូនចៅ​សិក្សា​រៀនសូត្រ​ជាមួយនឹង​ការបំពាក់​នូវ​មធ្យោបាយ​រៀន និង​បង្រៀន​កាន់តែ​ប្រសើរ​ជាង​មុន ក្នុងនោះ​ក៏​មាន​ការខិតខំ​បង្រៀន និង​រៀន​តាម​បែប​គន្លង​ថ្មី​នៅក្នុង​បរិបទ​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នា​រយៈកាល​កន្លងមក​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ​នេះដែរ សម្ដេច​ក្រឡាហោម​នាយក​រដ្ឋមន្ត្រី​ស្ដីទី​ក៏​បាន​បង្ហាញ​មោទកភាព​ដែរ​ដែល​ខេត្ត​បាត់ដំបង​ស្ថិតក្នុង​ចំណោម​ខេត្ត​មាន​អត្រា​សិស្ស​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប​បាន​ច្រើនជាងគេ ក្នុង​នោះ​ខេត្ត​មាន​សិស្ស​ជាប់​និទ្ទេស​A​ចំនួន​១២៣​រូប និង​ដោយឡែក​សិស្ស​ស្រុក​ប​វេលក៏​បានជាប់​និទ្ទេស​A​ចំនួន​៧​រូប​ដែរ​។ សម្ដេច​បន្ថែម​ថា​អគារសិក្សា​មួយ​ខ្នង​ដែល​ប្រារព្ធ​ពិធី​សម្ពោធ​នា​ឱកាស​នេះ គឺជា​សមិទ្ធផល​ចំណងដៃ​មួយ​ទៀត​ជូន​ស្រុក​ប​វេល ហើយ​សម្ដេច​មាន​សេចក្ដីសង្ឃឹម​ជឿជាក់​ថា​វិស័យ​អប់រំ​ក្នុងស្រុក​មួយ​នេះ​នឹង​កាន់តែ​មាន​ការរីកចំរើន ដើម្បី​រួមចំណែក​វិនិយោគ​បន្ថែមទៀត​នូវ​ធនធានមនុស្ស​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។​

​សម្ដេច​ក៏​បាន​មានប្រសាសន៍​អំពី​ការអនុវត្ត​សាកល្បង ការផ្ទេរ​មុខងារ​គ្រប់គ្រង សាលាបឋមសិក្សា មត្តេយ្យសាលា ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ក្នុង​ខេត្ត​បាត់ដំបង​មក​ឱ្យ​រដ្ឋបាល​ក្រុង​ស្រុក​ជា​អ្នកគ្រប់គ្រង​ដែល​ជា​ផ្នែក​មួយ​នៃ​វិមជ្ឈការ និង​វិសហមជ្ឈការ​។

​សម្ដេច​ក៏​បាន​ស្នើ​អភិបាលស្រុក​ប​វេល​ឡើងថ្លែង​ពី​ស្ថានភាព​នៃ​ការគ្រប់គ្រង​ការអនុវត្ត​សាកល្បង​នេះ​ថា​តើ​មាន​ចំណុច​វិជ្ជមាន និង​ចំណុច​ប្រឈម​អ្វីខ្លះ ហើយ​ក្នុងនោះ​សម្ដេច​ក៏​បាន​ទទួល​នូវ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​កង្វះ​បន្ទប់​សិក្សា​ប្រមាណ​៩០​បន្ទប់​នៅ​តាម​សាលារៀន​ក្នង​ស្រុក​បរវេល​។ នាយក​អនុវិទ្យាល័យ​ខ្នាចរមាស​វិញ​ក៏​បាន​ថ្លែង​អំពី​កង្វះ​បន្ទប់​សិក្សា​៣​បន្ទប់​បន្ថែម​ទៀត​ដែរ​។ សម្ដេច​បាន​ទទួល​ព័ត៌មាន​នេះ នឹង​បាន​ប្រកាស​ផ្ដល់​បន្ទប់​សិក្សា​បន្ថែម​។​

​ពី​វេទិកា​អធិបតី​នេះដែរ សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍ថា​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ត្រូវការ​ពេល​ច្រើនជាង​១០​ឆ្នាំ ទម្រាំ​ធនធានមនុស្ស​នោះ​អាច​ចូលរួម​បំរើ​ជាតិ បំរើ​ប្រជាពលរដ្ឋ​បាន​។ សម្ដេច​បន្ថែមថា​«​ពួកយើងខ្ញុំ​នេះ មិនមែន​ចេះតែ​កេះកៃ​បាញ់កាំភ្លើង​ក្នុង​សង្គ្រាម​ទេ មក​ដឹកនាំ​សេដ្ឋកិច្ច​ក៏​បាន មក​ដឹកនាំ​វិស័យ​អប់រំ​កសាង​ធនធានមនុស្ស​ក៏បាន ដឹកនាំ​នយោបាយ​ការ​បរទេស​ក៏​បាន យើង​ធ្វើ​បាន តាំងពី​យើង​ឯកោ គេហុំ​ព័ទ្ធ​ខាង​នយោបាយ​ផង សេដ្ឋកិច្ច​ផង ឥលូវ​នេះ​ទៅ​ជា​កម្ពុជា​ដើរតួនាទី​ដើម្បី​រួមចំណែក​ដោះស្រាយ​វិបត្តិ​នានា​នៅលើ​សា​កលោក និង​ក្នុង​តំបន់ យើង​ធ្វើ​បាន ដោយសារ​យើង​ឆ្លងកាត់​បទពិសោធន៍ ហើយ​ការប្ដេជ្ញាចិត្ត និង​ឆន្ទៈ​នយោបាយ​ដើម្បី​ជាតិ ដើម្បី​ប្រជាពលរដ្ឋ​»​។​