សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​

​ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃ​អង្គារ ២​រោច ខែ​ពិសាខ ឆ្នាំ​ខាល ចត្វា​ស័ក ពស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង ០៨:០០​នាទី នៅ​វិមាន​ព្រឹទ្ធសភា គណៈកម្មាធិការ​អចិន្ត្រៃយ៍ ព្រឹទ្ធសភា បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​របៀបវារៈ​៖

១. ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ ទំនាក់ទំនង​រដ្ឋសភា អធិការកិច្ច និង មុខងារសាធារណៈ សុំ​ដាក់​សេចក្ដីព្រាងច្បាប់​ស្ដីពី វិសោធនកម្ម មាត្រា​១៤០ នៃ​ច្បាប់​ស្ដីពី ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​ត្រូវ​ប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រក​ម​/០៥០៨/០១៧ ចុះ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០០៨ ទៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​ព្រឹទ្ធសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៤ ។​
២.​ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន អាកាសចរ ស៊ីវិល ប្រៃ​យ​ណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សុំ​ដាក់​សេចក្ដីព្រាងច្បាប់​ស្ដីពី សុវត្ថិភាព​ម្ហូបអាហារ ទៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​ព្រឹទ្ធសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៤ ។​
៣.​កំណត់​របៀបវារៈ កាលបរិច្ឆេទ និង​សមាសភាព​លេខាធិការ​សម័យប្រជុំ​ព្រឹទ្ធសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៤ ។​

​អង្គប្រជុំ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​ព្រឹទ្ធសភា បន្ទាប់ពី​បាន​ស្ដាប់​របាយការណ៍​ស្ដី​ពី​ការពិនិត្យ​សិក្សា​លើ​សេចក្ដីព្រាងច្បាប់​ទាំង​ពីរ​ខាងលើ របស់​គណៈកម្មការ​ជំនាញ​ពាក់ព័ន្ធ និង​ស្ដាប់​មតិ​ផ្ដល់​យោបល់​របស់​សមាជិក​អង្គប្រជុំ​រួច​មក អង្គប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​ក៏បាន​អនុម័ត​យល់ព្រម​តាម​សំណើ​របស់​គណៈកម្មការ​ដែល​ជា​វិស័យ​សមត្ថកិច្ច ដាក់​សេចក្ដីព្រាងច្បាប់​ទាំងពីរ​ខាងលើ ទៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​ព្រឹទ្ធសភា​ជា​វិសាមញ្ញ​ដែល​ប្រព្រឹត្តទៅ នា​ថ្ងៃ​ពុធ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​០៨:០០ នាទី​ព្រឹក ដោយ​មាន​របៀបវារៈ ពិនិត្យ​ហើយ​ឱ្យយោបល់​លើ​សេចក្ដីព្រាងច្បាប់ ចំនួន​ពីរ​ខាងលើ​និង​អនុម័ត​យល់ព្រម​លើ​សមាសភាព លេខាធិការ​សម័យប្រជុំ​ព្រឹទ្ធសភា​ជា​វិសាមញ្ញ ចំនួន​ពីរ​រូប​គឺ : ១.​ឯកឧត្តម ទេព យុទ្ធី និង ២.​លោកជំទាវ មុំ សណ្ដា​ប់​៕a