អភិបាលខេត្ត​មណ្ឌលគិរី បកស្រាយ​ប្រសាសន៍ថា អ្នកកាសែត​ហ្វេ​សប៊ុក គឺ​អ្នកកាសែត​ចង្រៃ មិន​សំដៅ​អ្នក​សារព៌ត៌មាន​ទូទៅ​ទេ​

ភ្នំពេញ​៖ ឯកឧត្តម ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២២​នេះ បាន​មានប្រសាសន៍​បកស្រាយ​អំពី​ប្រសាសន៍​របស់​លោក ដែល​បាន​លើកឡើង​នា​ពេល​ថ្មី​នេះ ពាក់ព័ន្ធ​អ្នកសារព័ត៌មាន​មួយចំនួន ដោយ​លោក​ចាត់ទុកថា ជា​អ្នកកាសែត​ចង្រៃ​។​

​ឯកឧត្តម​អភិបាលខេត្ត​មណ្ឌលគិរី បាន​បកស្រាយ​ពី​ប្រសាសន៍​របស់​លោក ដែល​លើកឡើង​នៅក្នុង​ដំណើរ​ទៅសួរសុខទុក្ខ​មន្ត្រី​ការពារ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ស្ថិត​នៅក្នុង​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ដោយ​ប្រាប់​មន្ត្រី​ទាំងនោះ​ថា អ្នកសារព័ត៌មាន​មួយចំនួន ជាពិសេស​អ្នកសារព័ត៌មាន ផ្សាយដំណឹង​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ហ្វេ​សប៊ុក ហើយ​មិន​មាន​គេហទំព័រ ឬ​បោះពុម្ភផ្សាយ​។​

​ការលើក​ឡើង​បែន​នេះ លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​នៅ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​លោក​បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធាន​សមាគមន៍​សារព័ត៌មាន​អេឡិចត្រូនិច អឹម​អេស​ជេ នា​ព្រឹក​ថ្ងៃ​នេះ​ថា «​គឺជា​ការលើកឡើង សំដៅលើ​ក្រុម​បុគ្គល​មួយចំនួន មិន​បាន​សំដៅលើ​ក្រុម​អ្នកសារព័ត៌មាន​ទាំងអស់​ទូទាំង​ប្រទេស ឬ​ទូទាំង​ពិភពលោក​អី​ទេ គឺ​សំដៅ​ក្រុម​សារព័ត៌មាន​ក្រុម​មួយចំនួន​។ ដូច្នេះ សូម​កុំ​មាន​ការយល់ច្រឡំ​។ សូម​កុំ​ឲ្យ​បងប្អូន​អ្នកសារព័ត៌មាន​ដទៃ​យល់ច្រឡំ​ថា ជា​ការវាយប្រហារ ឬ​ខ្ញុំ​លើកឡើង​ជា​ភាសា​ណា​អសុរោះ​ទៅលើ​បងប្អូន ជា​អ្នកសារព័ត៌មាន​ទាំងអស់​»​។​

​នៅពេល​សួរ​ថា តើ​សម្តី​នេះ សំដៅលើ​អ្នកសារព័ត៌មាន ដែល​មិន​បាន​ជម្រាប​ដំណឹង​អំពី​វត្តមាន​ពួកគាត់ ពេល​ធ្វើដំណើរ​ចូល​ដល់​ទឹកដី​ខេត្ត​មណ្ឌលគិរី ហើយ​បង្ក​បញ្ហា ឬ​សង្កេត​ត្រូ​បាន​លោក​ឃើញ​ការអនុវត្ត​វិជ្ជាជីវៈ ប្រាសចាក​ពី​ក្រមសីលធម៌ ឯកឧត្តម ថង សាវុន បាន​មានប្រសាសន៍​បកស្រាយ​ថា «​ដូច​បងប្អូន​អ្នកសារព័ត៌មាន ដែល​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ក៏​ដូចជា​ក្រុម​អ្នកសារព័ត៌មាន ដែលមាន​អង្គការ​ចាត់តាំង​ត្រឹមត្រូវ មាន​ស្ថាប័ន​ត្រឹមត្រូវ​នោះ គឺ​គ្មាន​អ្វី​គួរ​ឲ្យ​កត់​សម្គាល់ទេ​។ [​ប៉ុន្តែ​] សម្រាប់​ក្រុម​សារព័ត៌មាន​មួយចំនួន​តូច ដែល​ចុះ​ទៅ​យក​ព័ត៌មាន ដោយ​មិន​សហការ​ជាមួយ​អាជ្ញាធរ ហើយ​ផ្សាយ​ព័ត៌មាន​មិន​ពិត មិន​ទទួលខុសត្រូវ​»​។​

​ផ្ទុយទៅវិញ ឯកឧត្តម​បាន​សំណូមពរ​ដល់​ម្ចាស់​ស្ថាប័ន សូមជួយ​ពិនិត្យ​មើល​សកម្មភាព​អនុវត្ត​វិជ្ជាជីវៈ ក្នុង​សំ​ណោម​បុគ្គលិក ឬ​សមាជិក​ក្រុមការងាររ​បស់​ខ្លួន ដើម្បី​ធ្វើ​យ៉ាងណា​អាច​ធានាបាន​នូ​ច​គុណភាព​ព័ត៌មាន ដែល​ពួកគាត់​ផ្សាយ​ចេញទៅ​។​

​លោក​បាន​បកស្រាយ​ទៀតថា ការផ្សាយ​ព័ត៌មាន​មិន​ពិត​ខ្លះ បាន​ក្លាយ​ជា​ព័ត៌មាន​បែប​ញុះញង់ មិន​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ជាក់ស្តែង​នៅក្នុង​សង្គមជាតិ​។ ដូច្នេះ​ចំពោះ​ប្រសាសន៍​របស់​លោក ដែល​ថា​អ្នកកាសែត​ហ្វេ​សប៊ុក ជា​អ្នកកាសែត​ចង្រៃ គឺ​សំដៅលើ​អ្នកសារព័ត៌មាន​ប្រកប​ការងារ​មិនសូវ​ប្រកាន់ខ្ជាប់​តាម​ក្រម​សីលធ៌​មវិជ្ជាជីវៈ​។​

​លោក​បណ្ឌិត ម៉េង សុភ័ណ្ឌ បាន​សួរថា តើ​ក្នុង​គោលដៅ​នៃ​គំនិត​និយាយ​ចេញ​ទៅ​នោះ តើ​ក្នុង​គោលដៅ​មួយ​ណា​? ឯកឧត្តម​ឆ្លើយថា «​សម្តី​នេះ​គឺ​សំដៅលើ​បុគ្គល​មួយចំនួន ដែល​ប្រកប​វិជ្ជាជីវៈ​មិនបាន​ត្រឹមត្រូវ​។​

​នៅពេល​សួរ​អំពី​គោលដៅ​នៃ​ប្រសាសន៍​របស់​ឯកឧត្ត​អភិបាលខេត្ត អំពី​កំហុស​ក្រមសីលធម៌​អ្នក​សារព៌ត៌មាន លោក​បាន​ប្រសាសន៍​បកស្រាយ​ថា អ្នកសារព័ត៌មាន សូម​ចូលរួម​ក្នុង​ការងារ​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ជាក់ស្តែង ដើម្បី​បម្រើ​ផលប្រយោជន៍​សង្គម​ជាតិ ដែល​ប្រជាពលរដ្ឋ​ចង់ដឹង និង​អាច​ធ្វើ​ការសម្រេចចិត្ត​ត្រឹមត្រូវ​៕