
សមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យ សហការ ឃាត់ខ្លួន ពលរដ្ឋ ខ្មែរ ជិត ១០០ នាក់ ត្រៀមលួចឆ្លង ដែន ដោយ ខុសច្បាប់ ទៅ ប្រទេស ថៃ
ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលតែងដាក់ចេញនូវបទបញ្ជាទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់ ដូចជាបទល្មើសសេដ្ឋកិច្ច បទល្មើស្រឿងញៀន និងប្រជាពលរដ្ឋលួចឆ្លងដែន ទៅប្រទេសជិតខាងដោយខុសច្បាប់។
ជាក់ស្តែងនៅវេលាម៉ាង១៦និង០០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ អមដំណើរដោយលោកវរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរងវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានដឹកនាំកម្លាំងប៉ុស្តិ៍ការពារព្រំដែនចំបក់សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំបឹងបេ ងនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ និងកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ចំនួន៩៥នាក់ ត្រង់ចំណុចមាត់អូរព្រំដែនស្ថិតក្នុងភូមិល្វាឃុំបឹងបេងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សួង សៅ បានប្រាប់ឲ្យដឹងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នេះថា ៖ ប្រជាពលរដ្ឋដែលបម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ហើយត្រូវទប់ស្កាត់សរុបចំនួន៩៥នាក់ (ស្រី៣៩នាក់កុមារ១១នាក់) មកពី១០ខេត្តមាន ៖ ១/-បន្ទាយមានជ័យចំនួន២១នាក់, ២/-សៀបរាបចំនួន២៩នាក់, ៣/-បាត់ដំបងចំនួន១៣នាក់, ៤/-ឧត្តមានជ័យចំនួន០៥នាក់, ៥/-កំពង់ធំចំនួន០២នាក់, ៦/-កំពតចំនួន០៨នាក់, ៧/-ព្រៃវែងចំនួន១០នាក់, ៨/-តាកែវចំនួន០៣នាក់, ៩/-ស្វាយរៀងចំនួន០៣នាក់ និង ១០/-ត្បូងឃ្មុំ០១នាក់។
លោកមេបញ្ជាការបានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងអស់បន្ទាប់ពីធ្វើការសួរនាំ និងធ្វើកិច្ចសន្យារួចបានប្រគល់ពួកគាត់ជូនផ្នែកជំនាញ របស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់វិធានការបន្តតាមនីតិវិធី ។
ទាក់ទងនឹងប្រជាពលរដ្ឋដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃទាំង៩៥នាក់នេះដែរលោកវរសេនីយ៍ឯកបេនសំអាតអធិការនគរបាលស្រុកម៉ាឡៃបានបញ្ជាក់ថាតាមបទបញ្ជារបស់ឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យតាមរយៈលោកស្វាយជាអភិបាលស្រុកម៉ាឡៃ បានឲ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ធ្វើការអប់រំនិងធ្វើកិច្ចសន្យារួចឲ្យពួគាត់វិលត្រឡប់ទៅរកការងារធ្វើស្រុកកំណើតវិញ ព្រោះការលួចឆ្លងដែនដោយខុសច្បាប់នេះ វាប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ។
ទាក់ទងនឹងបញ្ហាពលរដ្ឋឆ្លងដែននេះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យក៏បានជំរុញដល់កម្លាំងនគរបាលស្រុកម៉ាឡៃស្រាវជ្រាវ មុខសញ្ញាមេខ្សល់ ដែលពាក់ព័ន្ធនាំមនុស្សឆ្លងដែនខុសច្បាប់ដើម្បីចាប់ខ្លួនយកទៅផ្តន្ទាទោសផងដែរ ៕