
តារាភាពយន្តហូលីវ៉ូដ Angelina Jolie មកបំពេញ បេសកកម្មក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី
ខេត្តសៀមរាប: តារាភាពយន្ត ហូលីវ៉ូដ លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅឧទ្យានជាតិអង្គរ កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ដោយ បានចូលរួមពិធីសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី (Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។
ជុំវិញបញ្ហាកម្មវិធីចិញ្ចឹមសត្វឃ្មុំនេះ មានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងឧទ្យានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។
សូមបញ្ជាក់ថា លោកស្រី Angelina Jolie គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN {Women for bees} ដែលឧបត្ថម្ភដោយក្រុមហ៊ុន GUERLAIN។ក្នុងបេសកកម្មនេះ លោកស្រី Angelina Jolie បានទៅទស្សនាប្រាសាទអង្គរវត្តផងដែរ។
ពាក់ព័ន្ធការបង្ហាញវត្តមានដ៏សំខាន់ក្នុងបេសកកម្មរបស់ខ្លួននៅពេលនេះ តារាហូលីវូដរូបនេះ ក៏បានជួយផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោកថែមមួយកម្រិតទៀត ពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ដើម្បីបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព៕