មន្ត្រី​ជំនាញ​បន្ត​រក​ឃើញ​វត្តមាន​សត្វ​កម្រ​ជាច្រើន​ប្រភេទ​នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ

មន្ត្រី​ជំនាញ​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភះ ឆ្នាំ​២០២២ បាន​បង្ហាញ​ពី​ទិន្នន័យ​នៃ​វត្ត​មាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​ប្រទេស​កម្ពុជា​។ នៅក្នុង​ពេល​ចុះ​ពិនិត្យ​និង​សិក្សា​ទីតាំង​ដាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ចំនួន​ជាង ៥០​គ្រឿង នៅក្នុង​តំបន់ការពារធម្មជាតិ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ កោះកុង និង​ពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ កន្លងមកនេះ ក្រុម​ជំនាញ​ក្រសួង​បរិស្ថាន បាន​ប្រទះឃើញ ដានជើង លាមក គន្លង​សត្វព្រៃ​ដូចជា​៖ ដំរី​អាស៊ី ខ្ទីង ប្រើ​ស្បូវ កែះ ឈ្លូស ជ្រូក​ព្រៃ ខ្លា​ពពក ខ្លា​ឃុំ ជ្រូក​ព្រុល ពង្រូល ឆ្កែ​ព្រៃ និង​ប្រភេទ​សត្វព្រៃ​សំខាន់ៗ​មួយចំនួនទៀត​។

​ការដាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ដើម្បី​ចាំ​ថត​សត្វព្រៃ​នេះ គាំទ្រ​ដោយ​គម្រោង «​និរន្តរភាព​តំបន់​ទេសភាព​និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា​» សហការ​ជាមួយ​នាយកដ្ឋាន​អភិរក្ស​តំបន់ការពារធម្មជាតិ​ដី​គោក ខាងត្បូង​បឹង​ទន្លេសាប នៃ​អគ្គនាយកដ្ឋាន​តំបន់ការពារធម្មជាតិ មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ និង​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង ដើម្បី​ជា​ប្រយោជន៍​បង្កើន​ចំណេះដឹង​ពី​វិធីសាស្ត្រ​សិក្សា និង​ប្រមូល​ទិន្នន័យ​ជីវៈចម្រុះ តាមរយៈ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ដល់​មន្ត្រី​ឧទ្យានុ​រក្ស ក៏​ដូចជា​ធ្វើការ​សិក្សា​ពី​ប្រភេទ ទី​ជម្រក​សត្វព្រៃ​មាន​ដោយ​កម្រ ជិត​ផុត​ពូជ ទទួល​រងគ្រោះ ព្រមទាំងរ​បាយ​និង​ភាព​សម្បូរ​បែប​នៃ​ប្រភេទ​សត្វព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ​នៃ​ប្រទេស​កម្ពុជា​។

​ជាមួយគ្នានេះ ការចុះ​សិក្សា និង​ដាក់​ដាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ជា​កម្មវត្ថុ​នៃ​ការរៀបចំ​កំណត់ និង​បែងចែក​តំបន់​គ្រប់គ្រង និង​ផែនការ​គ្រប់គ្រង ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល​ឲ្យមាន​ប្រសិទ្ធភាព​ថែមទៀតផ​ង​ដែរ​។​

​បន្ថែម​លើ​នេះ​ទៀត ក្រុមការងារ បាន​សិក្សា​និង​ដាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​សរុប​ចំនួន ៥៣​គ្រឿង ក្នុង​៥២​ទីតាំង​សិក្សា (Deployment) ក្នុងនោះ​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់​ចំនួន ២០​គ្រឿង ខេត្ត​កោះកុង ២៣​គ្រឿង និង​ខេត្ត​កំពង់ស្ពឺ​ចំនួន ១០​គ្រឿង​។ សូម​បញ្ជាក់​ផង​ដែរ​ថា ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ទាំង ៥៣​គ្រឿង នេះ​គ្រោង​នឹង​ប្រមូល​ត្រលប់​មកវិញ នៅក្នុង​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២២ ខាងមុខនេះ​។​

​សូមបញ្ជាក់​ថា រយៈពេល​ចាប់ពី​ខែតុលា ឆ្នាំ​២០២១ រហូតដល់​ខែ​មករា ឆ្នាំ​២០២២ នេះ ក្រសួង​បរិស្ថាន​បាន​រកឃើញ​វត្ត​មាន​ប្រភេទ​សត្វព្រៃ​មាន​ដោយ​កម្រ ប្រភេទ​ជិត​ផុត​ពូជ ប្រភេទ​ទទួល​រងគ្រោះថ្នាក់ ប្រភេទ​ទទួល​គំរាមកំហែង​ចំនួន ១០​ប្រភេទ រួមមាន​៖ ដំរី​អាស៊ី ខ្ទីង ប្រើស​ស្បូវ កែះ ខ្លាឃ្មុំ​តូច ខ្លាឃ្មុំ​ធំ ឆ្កែ​ព្រៃ ជ្រូក​ពោន ឬ​ជ្រូកព្រុល សំពោច​ក​លឿង និង​ស្វា​ត្រោស រួម​ជាមួយ​ប្រភេទ​ថនិកសត្វ និង​បក្សី​មួយចំនួនទៀត​មាន​វត្តមាន​នៅក្នុង​តំបន់ការពារធម្មជាតិ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង និង​ខេត្ត​កោះកុង​។​

​គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា គាំទ្រ​ដោយ​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ហិរញ្ញប្បទាន​ពី​ធនាគារពិភពលោក ដែល​បាន​ចាប់ផ្តើម​អនុវត្ត​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩ និង​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២៥​។ គម្រោង​នេះ​មាន​គោលបំណង​ធ្វើឱ្យ​ប្រសើរ​នូវ​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ ជំរុញ​ឱកាស​សម្រាប់​ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ និង​ដើម្បី​បង្កើន​ច្រ​វ៉ាក់​តម្លៃ​អនុផល​ព្រៃឈើ​នៅ​តំបន់​ទេសភាព​ជួរ​ភ្នំក្រវាញ និង​បឹង​ទន្លេសាប​។

​គម្រោង​នេះ​ចែកជា ៥ សមាសភាគ​៖ ១) ការពង្រឹង​សមត្ថភាព​ក្នុង​ការរៀបចំ​ផែនការ និង​ការគ្រប់គ្រង​តំបន់​ទេសភាព​ក្នុង​តំបន់ការពារធម្មជាតិ ២) ពង្រឹង​ឱកាស​សម្រាប់​អភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ និង​ច្រវាក់​តម្លៃ​អនុផល​ព្រៃឈើ ៣) ជំរុញ​នូវ​ការតភ្ជាប់​ខ្សែ​ផ្លូវ​ចេញ​ចូល​នៅ​តាម​ជនបទ ៤) ការគ្រប់គ្រង​គម្រោង ការត្រួតពិនិត្យ និង​ការវាយតម្លៃ និង ៥) ការឆ្លើយតប​ទៅនឹង​គ្រោះអាសន្ន​៕​