ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ ពុទ្ធា​ភិ​សេក និង​មាឃបូជា នៅ​វត្ត​ស្វាយដង្គុំ រាជធានី​ភ្នំពេញ​

ភ្នំពេញ​: ព្រះ​ពុទ្ធបដិមា​ទ្រង់​ឈរ​ប្រទាន​អ​ភ័យ ឬ​ប្រទាន​ពរ ដែល​បាន​កសាង​និង អារាធនា​យាង មក​តម្កល់​នៅ​ក្នុង​វត្ត គឺ​ព្រះនាម ព្រះពុទ្ធ វរជ័យ​មង្គល ទើប​និង កសាង​ហើយ​រួចរាល់ ត្រូវបាន​ប្រារព្ធ​ពិធីបុណ្យ ពុទ្ធា​ភិ​សេក និង​មាឃបូជា នៅ ទី​អា រាម​វត្ត មង្គល​វ័ន ហៅ​វត្ត ស្វាយដង្គុំ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី ភ្នំពេញ ព្រឹក​ទី​១៧ ខែ​កុម្ភ​: ឆ្នាំ​២០២២ ក្រោម​វត្តមាន​អញ្ជើញ​ជា​អធិបតី និង​កាត់ ខ្សែបូ ដោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន និង​លោកជំទាវ ទេព រង្ស៊ី មហា​ឧបាសិកា​ពុទ្ធ​សា​សនូ​ប​ត្ថ​ម្តក៍ ។

​ពិធីបុណ្យ ពុទ្ធា​ភិ​សេក និង​មាឃបូជា នា​ឱកាស​នេះ ក៏​មាន​ការអញ្ជើញ ចូលរួម​ពី លោកយាយ ឧបាសិកា ពេន យុ​ត កុសល​ចិត្តា​មហា​ឧបាសិ​កា​ពុទ្ធ សា​សនូ​ប​ត្ថ​ម្ត៍ និង​ជា​ប្រធាន​សីលវតី វត្ត មង្គល​វ័ន ហៅ​វត្ត ស្វាយដង្គុំ ព្រម​ពុទ្ធ បរិស័ទ​ចំណុះ​ជិត​ឆ្ងាយ ។ ព្រះពុទ្ធ វរជ័យ​មង្គល ព្រះពុទ្ធ​ប្រទាន​ពរ មាន​កម្ពស់ ៩ ម៉ែត្រ ៩ តឹក ៩ ហ៊ុន និង ៩ លី ដឹកនាំ​កសាង​ដោយ សម្តេច​ព្រះ​មហា​អរិយវង្ស បណ្ឌិត ឃី សុវណ្ណ ព្រះ​អនុប្រធាន​លេខាធិកាដ្ឋាន គណ​:​សង្ឃនាយក នៃ​ព្រះរាជណាចក្រ​កម្ពុជា និង​ជា​ព្រះចៅអធិការ ព្រមទាំង​ព្រះសង្ឃ និង​អាចារ្យ គណ​:​ក​ម្មការ នៃ​វត្ត​មង្គល​វ័ន ហៅ​វត្ត ស្វាយដង្គុំ ។

​ពិធីបុណ្យ​បាន​ប្រព្រឹត្ត​ទៅ​រយ​:២ ថ្ងៃ គឺ​ថ្ងៃ​ទី​១៦ និង​១៧ ខែ​កុម្ភ​: ឆ្នាំ ២០២២ ហើយ​សម្រាប់​ឱកាស​ព្រឹក​នេះ មាន​រៀបចំ ប្រគេន​យាគូ​ព្រះសង្ឃ និង ពិធី​រាប់ បាត​ព្រះសង្ឃ វេរភត្ត​ប្រគេន​ព្រះសង្ឃ និង​សដារ​ឆ្លង​បញ្ចប់​កម្មវិធី​។ សម្រាប់​ពិធី​បុណ្យ​មាឃបូជា បាន​ប្រព្រឹត្តទៅ​ដោយ​ប្រកាន់​តាម​គន្លង ប្រពៃណី ព្រះពុទ្ធសាសនា សម្រាប់​ពិធីបុណ្យ​នេះ​ធ្វើឡើង ដើម្បី​រម្លឹក​ដល់​ថ្ងៃ ព្រះពុទ្ធ ជួប​ភិក្ខុ​១២៥០ អង្គ សម្តែង​បាតិមោក្ខ និង​ដាក់​អាយុ​សង្ខារ​។​

​ការ​ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា គឺ​ដើម្បី​រម្លឹក​នូវ​ព្រឹត្តិការណ៏​សំខាន់​៣​យ៉ាង ដែល​រួមមាន​ទី​១ ការធ្វើ​ចតុរង្គសន្និបាត ទី​២ ព្រះពុទ្ធ សម្តែង​ឱវាទបាតិមោក្ខ​ដល់ ភិក្ខុ និង​ទី​៣ ព្រះពុទ្ធ ដាក់​អាយុសង្ខារ​។ ពិធី​បុណ្យ​មាឃបូជា ប្រព្រឹត្តទៅ​នៅ ថ្ងៃ ១៥ ខែ​មាឃ ដោយ​ឆ្នាំនេះ​ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​១៦ ខែ​កុម្ភៈ​។ ចតុរង្គ​សន្និបាត មានន័យ​ថា ជា​ការជួបជុំ​គ្នា​របស់​សាវ័ក​ព្រះពុទ្ធ នៅក្នុង​ថ្ងៃ តែមួយ ហើយ​ប្រកបដោយ​អង្គ ឬ​ហេតុ​៤​យ៉ាង​។

​អង្គ ឬ​ហេតុ​ទាំង​៤ ដែល​កើត ឡើង​ក្នុង​ថ្ងៃ​ជួបជុំ​នោះ គឺ​ទី​១ ជា​ថ្ងៃ​ឧបោសថ ដែល​មាន​ព្រះ​ចន្ទ​ពេញវង់​ល្អ ទី​២ ជា​ថ្ងៃ​ដែល​ព្រះ​ភិក្ខុ​ទាំង​១២៥០ អង្គ មកជួបជុំ​គ្នា​ក្នុង​សំណាក់ ព្រះសម្មាសម្ពុទ្ធ​ដោយ​មិន​មាន​ការ​ណាត់​ជាមុន ទី​៣ ព្រះ​ភិក្ខុ ទាំងអស់នោះ សុទ្ធសឹងតែ​ជា​ព្រះ អរហន្ត និង​ទី​៤ ព្រះ​ភិក្ខុ ទាំងអស់​នោះ​សុទ្ធសឹងតែ​ជា ឯ​ហិ​ភិក្ខុ​។ ឯ​ហិ​ភិក្ខុ គឺ​សំដៅលើ​ជនណាម្នាក់ ដែល​គ្រាន់តែ​ចូល​ទៅ​ស្តាប់ធម៌​របស់​ព្រះពុទ្ធ ហើយ​ក៏​ក្លាយជា​ភិក្ខុ​ដូច​គេ​ដែរ​។ ចតុរង្គសន្និបាត​នេះ មាន​តែ​ម្តង​ប៉ុណ្ណោះ​ក្នុងសម័យ​ព្រះពុទ្ធ​។

​រីឯ​ការសម្តែង​ឱវាទ បាតិមោក្ខ ជា​កម្រង​ដំបូន្មាន​របស់​ព្រះពុទ្ធ ដើម្បី​ដឹកនាំ​សត្វលោក​ទាំងអស់​ឲ្យ​រួច​ផុត​ទុក្ខ​។ ឱវាទ​បាតិមោក្ខ មានដូចជា សេចក្តី​អត់ធន់ ការ​មិន​ធ្វើបាប​ទាំងពួង ការបំពេញ​កុសល ការញ៉ាំង​ចិត្ត​របស់​ខ្លួន​ឲ្យ​ផូរផង់ ការ មិន​ពោល​ពាក្យ​តិះដៀល និង​ការមិន​បៀតបៀន​គ្នា ជាដើម​។

​ក្រោយ​សម្តែង​ឱវាទ បាតិមោក្ខ រួចហើយ ព្រះពុទ្ធ ក៏​ប្រកាស​តែងតាំង​ភិក្ខុ​២​អង្គ ជា អគ្គ​សាវ័ក កំពូល​លើស​ភិក្ខុ​ទាំងឡាយ​។ ភិក្ខុ​ទាំង​២​អង្គ​នោះ​គឺ ព្រះ​សារី បុត្ត ជា​អគ្គសាវ័ក​ស្តាំ ដែល​មាន​បញ្ញា​លើសគេ និង​ព្រះមហា មោគ្គ​ល្លាន ជា​អគ្គ សាវ័ក​ឆ្វេង ដែល​មាន​ឫទ្ធិ​លើសគេ​។​

​ចំណែក ការដាក់​អាយុសង្ខារ គឺ​ព្រះពុទ្ធ កំណត់ថា ៣ ខែ ទៅមុខទៀត ព្រះអង្គ នឹង​ចូល​ព្រះ​និព្វាន ដែល​ជា​ការ​លាចាក​លោក​នេះ ដោយ​ពុំ​មាន​ការចាប់ បដិសន្ធិ​ជា​ថ្មី​ឡើយ​។

​រយៈពេល ៣ ខែ ក្រោយ ព្រះអង្គ​ក៏​ចូល​ព្រះ​និព្វាន ក្នុង​ព្រះជន្ម ៨០​ព្រះ វស្សា​។​
​មាឃបូជា គឺជា​បុណ្យ​ដ៏​ធំ​មួយ​ក្នុង​ព្រះពុទ្ធសាសនា ដែល​ប្រទេស​កម្ពុជា ប្រារព្ធ​ឡើង​ជា​រៀងរាល់ឆ្នាំ​។ មិនមែន​តែ​កម្ពុជា​ទេ សូម្បី​តែ​ប្រទេស​ដទៃ ដូចជា​ស្រីលង្កា មី​យ៉ាន់​ម៉ា និង​ថៃ ជាដើម ដែល​កាន់​ព្រះពុទ្ធសាសនា​ផង​នោះ ក៏​ប្រារព្ធ​ពិធីបុណ្យ​នេះ​ដែរ ។​

​សម្រាប់​ឱកាស​ថ្ងៃបុណ្យ មាឃបូជា​នេះ​ដែរ គឺ​ចំ​ថ្ងៃ​បុណ្យ​ចម្រើន​ជន្មាយុ ៩០ ឈានចូល ៩១ វស្សា លោកយាយ​ឧបាសិកា ពេន យុ​ត កុសល​ចិត្តា​មហា ឧបាសិកា​ពុទ្ធ សា​សនូ​ប​ត្ថ​ម្ត៍ និង​ជា​ប្រធាន​សីលវតី វត្ត​មង្គល​វ័ន ហៅ​វត្ត ស្វាយ ដ​ង្គុំ ។​

​នៅក្នុង​ពិធីបុណ្យ​ដ៏​ចំរើន​នេះដែរ សម្តេច​ព្រះ​មហា​អរិយវង្ស បណ្ឌិត ឃី សុវណ្ណ ព្រះ​អនុប្រធាន​លេខាធិកាដ្ឋាន គណ​:​សង្ឃនាយក នៃ​ព្រះរាជណាចក្រ កម្ពុជា និង​ជា​ព្រះចៅអធិការ​វត្ត ស្វាយដង្គុំ បាន​បួងសួង សូម​គុណព្រះរតនត្រៃ បារមី​ថែរក្សា​ទឹកដី​វត​កត​ស្វាយដង្គុំ និង​តេជះ​បុណ្យ​កុសល​ទាំងឡាយ ប្រក់ព្រំ​ពរ ជ័យ​ជូន ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និង​លោកជំទាវ ទេព រង្ស៊ី ព្រមទាំង លោកយាយ​កុសល​ចិត្តា​មហា​ឧបាសិ​កា ពេន យុ​ត ព្រមទាំង​ក្រុមគ្រួសារ​គ្រប់ ពេលវេលា ៕