លោក​ឧកញ៉ា ឌួង ងៀប ត្រូវ សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​ឆបោក​និង​ចេញ​សែក​ស្អុយ​ឲ្យ​ភាគី​ទិញដី​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​

ភ្នំពេញ​: លោក​ឧកញ៉ា ឌួង ងៀប ដែល​មាន​តួនាទី​ជា​ឧត្តមសេនីយ៍​ឯកនៅក្រ​សួង​មហាផ្ទៃ​ត្រូវបានស​ម​ត្ថ​កិច្ច​ធ្វើការ​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ ២០២២​នេះ ហើយ​ត្រូវបាន​បញ្ជូន​ទៅ​ដាក់ពន្ធនាគារ PJ ជា​បណ្តោះអាសន្ន ពីបទ « ឆបោក និង មិន បំពេញ កាតព្វកិច្ច ចំពោះ ឧបករណ៍ អាច ជួញដូរ បាន » ។

​សូមជម្រាបថា លោក​ឧត្តមសេនីយ៍ឯកឌួ​ង​ងៀប​ត្រូវបាន​សមត្ថកិច្ច​នៃ​ស្នងការ​ដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩,៣០​នាទី​ព្រឹក​នៅ​ចំណុច​មុខ​សណ្ឋាគារ​ដឹគ្រី​ផ្លូវឌួង​ងៀប​សង្កាត់​អូរ​បែកក្អម​រាជធានី​ភ្នំពេញ​តាម​ដីកា​បញ្ជា​ឱ្យ​នាំខ្លួន​របស់​តុលាការ​។​

​ពាក់ព័ន្ធ​និង​ការចាប់ខ្លួន​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​លោក​ឌួង​ងៀប​បាន​បង្ហោះ​ឃ្លីប​វីដេអូ​មួយ​កាលពី​ថ្ងៃ​ទី​០៧​ខែ​កុម្ភៈ​ឆ្នាំ​២០២២​ដោយ​ចោទប្រកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា​បាន​ចាត់ការ​សំណុំរឿង​របស់​គាត់​ប្រែ​ពី​ស​ទៅ​ខ្មៅ​និង​ចោទប្រកាន់​រូប​គាត់​ថា​បាន​ឆបោក​ជនជាតិ​តៃវ៉ាន់​។​

​បើតាម​សេចក្តីបំភ្លឺ​របស់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១០​ខែ​កុម្ភៈ​ឆ្នាំ​២០២២​បានបញ្ជាក់​ថា​លោក​ឌួង​ងៀប​ត្រូវ​បាន​ប្តឹង​ដោយ​ឈ្មោះ​CHIHYUYEN​និង​ឈ្មោះ​YAOCHINGKING​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០២០​ពាក់ព័ន្ធ​នឹង​ការលក់​អចលនវត្ថុ​មួយ​កន្លែង​ដែល​អ្នកទិញ​ជា​ដើមបណ្តឹង​បាន​ប្រគល់​ប្រាក់​ថ្លៃ​ដី​គ្រប់​ចំនួន​៧.៣០៥.០០០$​ឲ្យទៅ​ជន​ត្រូវ​ចោទ​ឈ្មោះ​ឌួង​ងៀប​រួចរាល់​ប៉ុន្តែ​ជន​ត្រូវ​ចោទ​ពុំមាន​ដី​នោះ​ឡើយ​។​

​អ្នកនាំពាក្យ​បាន​បន្តថា​ក្នុង​ការសម្របសម្រួល​ដោះស្រាយ​ទំនាស់​នេះ​លោក​ឌួង​ងៀប​បាន​ចេញ​មូលប្បទានប័ត្រ​ចំនួន​៣​សន្លឹក​ដែល​មាន​លេខ​១៤៥៥៧៧​មានតម្លៃ​១.៦៥០.០០០$​លេខ​២១៣៩៩៧​មានតម្លៃ​៣.៦៥៥.០០០$​និង​លេខ​១៣២៧៨៨​មានតម្លៃ​២.០០០.០០០$​ទៅឲ្យ​ដើម​បណ្តឹងរដ្ឋប្បវេណី​។​

​ក្រោយមក​ដើមបណ្តឹង​រដ្ឋប្បវេណី​បាន​យក​មូលប្បទានប័ត្រ​ទាំង​៣​សន្លឹក​នោះ​ទៅ​បើក​ប្រាក់​នៅ​ធនាគារ​ប៉ុន្ដែ​ខាង​ធនាគារ​បញ្ជាក់ថា​មូលប្បទានប័ត្រ​ទាំង​៣​សន្លឹក​នោះ​គ្មាន​សាច់ប្រាក់​នោះទេ​៕