ឧក្រិដ្ឋជន​ព្រៃឈើ​ឈ្មោះ សិច បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ឡ​ង់ និង​ព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ តាម​អំពើ​ចិត្ត​ដោយ​មាន​សមត្ថកិច្ច​ជំនាញ​នៅ​ពីក្រោយ​ខ្នង​បទល្មើស​ព្រៃឈើ​

​ខេត្ត​ព្រះវិហារ ៖ ប្រភព​ពី​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ព្រះ​ឃ្លាំង​ស្រុក​ត្បែងមានជ័យ​ខេត្ត​ព្រះវិហារ​បានឲ្យដឹងថា ឧក្រិដ្ឋជន​ព្រៃឈើ​ម្នាក់​ឈ្មោះ សិច នៅ​តែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ព្រះ​រកា ក្នុង​ស្រុក​ត្បែងមានជ័យ និង​ពី​តំបន់​ព្រៃ​ឡង់​ក្នុងស្រុក​ជ័យ​សែន មក​រក្សាទុក​ក្នុង​ដេប៉ូ​របស់​ខ្លួន​នៅ​ចំណុច​អូរ​ទី​ទុយ ឃុំ​ព្រះ​ឃ្លាំង យ៉ាង​រលូន​។

​បើ​តាម​ប្រភព​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះវិហារ បានឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​បរិស្ថាន​នៅ​តំបន់​ព្រៃ​ឡង់ និង​ព្រៃ​ព្រះ​រកា ទេ​នោះ​គឺ​ឧក្រិដ្ឋជន​ព្រៃឈើ​ឈ្មោះ សិច មិន​អាច​ដឹក​ជញ្ជូន​ឈើ​ចេញ​ព្រៃ​ចូលមក​ដេប៉ូ​របស់​ខ្លួន​បាន​ទេ​។

​ពាក់ព័ន្ធ​បញ្ហា​នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន គួរ​ពិនិត្យ​ឡើងវិញ​ខ្លះ​ផង ព្រោះ​អី​លោក សុង ច័ន្ទ​សុជាតិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ តែងតែ​បើកដៃ​ឲ្យ​មន្ត្រី​បរិស្ថាន ប្រចាំ​តំបន់​ព្រៃ​ឡង់ និង​ព្រៃ​ព្រះ​រកា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិន​ខ្វល់​ពី​ការរិះគន់​ពី​សំណាក់​មហារ​ជន​ឡើយ​។​

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​បានឲ្យដឹង​ទៀតថា ឧក្រិដ្ឋជន​ព្រៃឈើ​ឈ្មោះ សិច បាន​ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​កែច្នៃ​ខ្នាត​យក្ស​ជាច្រើន​គ្រឿង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​ព្រះ​រកា និង​ព្រៃ​ឡ​ង់ ចូល​មក​ដេប៉ូ​របស់ខ្លួន​នៅ​ចំណុច​អូរ​ទីទុយ ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែងមានជ័យ ដោយ​មិន​រំខាន​ដល់​មន្ត្រី​បរិស្ថាន​ប្រតំ​បន់ គឺ​ដឹក​ជញ្ជូន​ឈើ​ទាំង​នេះ​មា​សេរី​តែម្តង​។

​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​ព្រះវិហារ មិន​ហ៊ាន​ប៉ះពាល់​ឧក្រិដ្ឋជន​ព្រៃឈើ​ឈ្មោះ សិច នោះទេ​ហើយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ព្រះវិហារ ក៏​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ម្នាក់​នេះ​ដែរ​ពីព្រោះ​ក្រុមមន្ត្រី​ជំនាញ់​ទាំង​នេះ​បាន​ផល​ប្រយោជន៍​អស់ហើយ​។ ដូច្នេះហើយ​ទើប​ឧក្រិដ្ឋជន​ព្រៃឈើ​ឈ្មោះ សិច នៅ​អាច​បន្ត​សកម្មភាព​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ឡង់ និង​តំបន់​ព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ យ៉ាង​គឃ្លើន ហើយ​មិន​ប្រឈម​នឹង​ការបង្ក្រាប​ឡើយ​។​

​មជ្ឈដ្ឋាន​នានា​បាន​កត់សម្គាល់​ថា ថ្មីៗ​កន្លងទៅ​នេះ​សមត្ថកិច្ច​អាវុធហត្ថ​ក្រោម​ការបញ្ជា​របស់​លោក កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ បាន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​នៅ​ស្រុក ជ័យ​សែន ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ជា​បន្តបន្ទាប់​។ ប៉ុន្តែ​ចំពោះ​ឧក្រិដ្ឋជន​ព្រៃឈើ​ឈ្មោះ សិច ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​ព្រះ​រកា និង​ព្រៃ​ឡ​ង់ ចូល​មក​ដេប៉ូ​របស់ខ្លួន​នៅ​ចំ​ណុ​(​ច​អូរ​ទី​ទុយ​) ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែងមានជ័យ​ខេត្ត​ព្រះវិហារ មិនទាន់​ឃើញ​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច​អាវុធហត្ថ ឬ​សមត្ថកិច្ច​នគរបាល​ចាត់វិធានការ​បង្ក្រាប​ឡើយ​។

​ជាក់ស្តែង​លោក សុង ច័ន្ទ​សុជាតិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ និង​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ ព្រមទាំង​លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ នាំគ្នា​សម្ងំស្ងៀម ហាក់ដូច​មើលមិនឃើញ​សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ នៅ​ចំណុច​ខាងលើ​នេះ​ទល់​តែ​សោះ​៕