
ឯកឧត្តម ញ៉ែម សំអឿន អញ្ជើញសម្ពោធដាក់អោយប្រើ ប្រាស់ជាផ្លូវការអគារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកអូរយ៉ាដាវ
ខេត្តរតនគិរី: នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាជិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ អគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអូរយ៉ាដាវ។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកិត្តិយស គណៈកម្មាធិការសាខា គណៈកម្មាធិការសាខា អនុសាខា មន្ត្រីរាជការ អង្គភាពជុំវិញស្រុក យុវជនកាកបាទក្រហម សប្បុរសជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
តាមរបាយការណ៍ពីលោក ម៉ា វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាស្រុក បានឲ្យដឹងថាអគារស្នាក់ការ អនុសាខានេះ មានទំហំ ៦ម៉ែត្រ × ១២.៥ ម៉ែត្រ មានបន្ទប់ធ្វើការ១ សាលប្រជុំ១ និងបន្ទប់ទឹក១ខ្នង បានដំណើរការសាងសង់ ជាដំណាក់កាលបន្តបន្ទាប់អស់រយៈពេល៨ខែ -២៦ថ្ងៃ រហូតរួចជាស្ថាពរ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ដោយចំណាយថវិការអស់ប្រមាណ ១៥,៨៦០.០០ ដុល្លារ ដែលទទួលបានពីសប្បុរសជនគ្រប់ទិសទី ដែលជាទឹកចិត្តមនុស្សធម៌។
ក្នុងឱកាសនោះ ឯកឧត្តម ញ៉ែម សំអឿន បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ពុកម៉ែបងប្អូនទាំងអស់ ក្នុងអង្គពិធី និងបានលើកឡើងថា ជាការពិតណាស់ថាប្រទេសជាតិយើង មានសុខសន្តិភាព និងកំពុងឈានឆ្ពោះទៅរកភាពរីកចម្រើនលើគ្រប់វិស័យតាមចក្ខុវិស័យ ឆ្នាំ២០៣០ និងឆ្នាំ២០៥០ នៃរាជរដ្ឋាភិបាលកម្ពុជា ទោះជាយ៉ាងណាយើងក៏នៅមានប្រជាជនមួយចំនួននៅតែប្រឈមនឹងភាពងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗទៀត ដែលចាំបាច់ត្រូវការជួយសង្គ្រោះភ្លាមៗឲ្យទាន់ពេលវេលា។
ជុំវិញបញ្ហានេះហើយ ទើបកាកបាទក្រហមកម្ពុជា បានបង្កើតឲ្យមានរចនាសម្ព័ន្ធតាំងពីថ្នាក់ខេត្ត រហូតដល់ ក្រុង-ស្រុក-ឃុំ-សង្កាត់ និងអ្នកស្ម័គ្រចិត្តគ្រប់ភូមិ ដើម្បីត្រៀមប្រមូលព័ត៌មានអំពីបញ្ហារបស់ប្រជាពលរដ្ឋ ដែលរងគ្រោះ និងងាយរងគ្រោះ សម្រាប់ជួយពួកគាត់ឲ្យបានទាន់ពេលវេលា និងគ្រប់ទីកន្លែង។
ជាក់ស្តែង នៅថ្ងៃនេះយើងបានសម្ពោធអគារអនុសាខាស្រុកអូរយ៉ាដាវ ដើម្បីបង្កភាពងាយស្រួលដល់គណៈកម្មាធិការអនុសាខាស្រុក បានបម្រើការងារមនុស្សធម៌ជូនប្រជាពលរដ្ឋផងដែរ។
ជាមួយនឹងការលើកឡើងបែបនេះ ឯកឧត្តមក៏បានបញ្ជាក់ដែរថា កាកបាទក្រហម គឺមានប្រភពចំណូលពីសប្បុរសជនតាមរយៈ សមាជិកភាពប្រចាំឆ្នាំ និងការរៀបចំព្រឹត្តិការណ៍ ៨ ឧសភា និងរាត្រីសមោសរជាដើម មានន័យថាសកម្មភាព ទាំងអស់អាចប្រព្រឹត្តទៅបានលុះត្រាណា មានការប្តេជ្ញាចិត្ត និងលះបង់យ៉ាងខ្ពស់ ដើម្បីលើកស្ទួយចលនាមនុស្សធម៌ ពីសំណាក់ មន្ត្រីរាជការ កងកម្លាំង ក្រុមហ៊ុនឯកជន អាជីវករ ប្រជាពលរដ្ឋ មានការចែករលែកជាមួយកាកបាទក្រហម ទើបកាកបាទក្រហម អាចជួយប្រជាពលរដ្ឋងាយរងគ្រោះនានាបាន។
ឯកឧត្តមបានសង្ឃឹមយ៉ាងមុតមាំ ក៏ដូចជាជំរុញដល់សមាជិក សមាជិកាអនុសាខាកាកបាទក្រហមស្រុកទាំងអស់ បន្តចូលរួមលើការងារនេះឲ្យកាន់តែខ្លាំងក្លាទ្វេឡើងថែមទៀត បន្ទាប់ពីអគារយ៉ាងថ្មីប្រណិតមួយខ្នងនេះ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ។
បន្ទាប់ពីមានការសំណេះសំណាលក្នុងពិធីនេះ សាខាបានចែកជូនអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ ចាស់ជរា កុមារកំព្រា ជនពិការងាយរងគ្រោះបំផុតចំនួន៥០ គ្រួសារ មកពី៤ឃុំ (ឃុំ ប៉ាតេ លំជ័រ សោមធំ យ៉ាងទុង) ក្នុងស្រុកអូរយ៉ាដាវ ដែលក្នុង១ គ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ម៉ាស់២ សាប៊ូ២ដុំ ជែលលាងដៃ១ដប និងថវិកាមួយចំនួនទៀត៕