នាវា​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន ចំនួន​០២​គ្រឿង ឈ្មោះ BUNGO និង ETAZIMA ចូល​ទស្សនកិច្ច​នៅ​កំពង់ផែ​មូលដ្ឋាន​សមុទ្រ​រាម​

នា​រសៀល​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​មេសា ឆ្នាំ​២០២៥ នាវា​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន ចំនួន​០២​គ្រឿង ឈ្មោះ JS BUNGO (MST-464) និង​នាវា​JS ETAZIMA (MSO-306) ដឹកនាំ​ដោយ​លោក​វរ​នា​វី​ឯក ស៊ីន​សូកេ អា​ម៉ាណូ មេបញ្ជាការ​កងពលធំ​បោសសំអាត​មីន​លេខ​៣ បាន​ចូល​ចត​នៅ​កំពង់ផែ​មូលដ្ឋាន​សមុទ្រ​រាម​។​

​យោងតាម​ប្រភព​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២៥ បានឱ្យដឹងថា ឯកឧត្តម ឯកអគ្គរាជទូត​ជប៉ុន អ៊ូអិ​ណុ អា​ត់ស៊ូ​ស៊ី និង​លោក​វរ​នា​វី​ឯក មាន សាវឿន មេបញ្ជាការរង​មូលដ្ឋាន​សមុទ្រ​រាម និង​នាយ​នា​វី​ជាច្រើន​រូប​បាន​ចូលរួម​ពិធី​ស្វាគមន៍​នាវា​ចំនួន​ពីរ​គ្រឿង នៃ​កងកម្លាំង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន គឺ​នាវា “Bungo” និង​នាវា Etazima” ខណៈពេល​ចូល​ចត​នៅ​មូលដ្ឋាន​សមុទ្រ​រាម​។​

​ការបញ្ជូន​នាវា​ទាំង​ពីរ​គ្រឿង​មក​ចូល​ចត​នេះ ដោយ​កងកម្លាំង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន រូ​ម​ចំណែក​ដល់​ការសម្រេច​បាន​នូវ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី និង​បើកចំហ ក៏ដូចជា​សន្តិភាព និង​ស្ថិ​ភាព​នៅក្នុង​តំបន់ និង​ក្នុង​សហគមន៍​អន្តរជាតិ​។​

​នាវា​ទាំង​ពីរ​គ្រឿង​នេះ នឹង​ចត​នៅ​កំពង់ផែ​មូលដ្ឋាន​សមុទ្រ​រាម​រយៈពេល​០៤​ថ្ងៃ ដើម្បី​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា គិត​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៥​។​

​សូម​រំលឹក​ថា នាវា​របស់​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន គឺជា​នាវា​បរទេស​ទី​១​ហើយ​ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​សំចត​នៅ​កំពង់ផែ​មូលដ្ឋាន​សមុទ្រ​រាម ក្រោយពី​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ជំហាន​ទី​១ កាលពី​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​