នាយ​ឧត្តមសេនីយ៍ ស ថេត ណែនាំ​កម្លាំង​នគរបាល​បង្កើន​ការយកចិត្តទុកដាក់​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​គ្រឿងញៀន​ខុសច្បាប់ ដើម្បី​រក្សា​សន្ដិសុខ​ជូន​ពលរដ្ឋ​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ បាន​ណែនាំ​ដល់​កម្លាំង​នគរបាល​ទាំងអស់ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​គ្រឿងញៀន​ខុសច្បាប់ ដើម្បី​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​ជូន​ដល់​ប្រជាពលរដ្ឋ ពិសេស​ក្នុង​អំឡុងពេល​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ឆាប់ៗ​ខាងមុខនេះ និង​ការពារ​សុវត្ថិភាព​ដល់​គណៈប្រតិភូ​ជាន់ខ្ពស់​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​

​ក្នុងជំនួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​នគរបាល នៃ​ក្រុមការងារ​ចល័ត​ត្រួតពិនិត្យ ឆែកឆេរ អាវុធ គ្រឿង​ផ្ទុះ គ្រាប់រំសេវ និង​គ្រឿងញៀន​ខុសច្បាប់ ក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ នៅ​បរិវេណ​ទីស្តីការ​ក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២៥ នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត បាន​អះអាង​ថា ក្រុមការងារ​ចល័ត​នេះ ត្រូវបាន​បង្កើតឡើង​ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព នៃ​ការអនុវត្ត​នា​ពេលកន្លងមក ប៉ុន្ដែ​មិនមែន​មានន័យថា កន្លង​ទៅ​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត បាន​គូសបញ្ជាក់ថា កិច្ចប្រតិបត្តិការ​ត្រួត​ពិនិត្យ ឆែកឆេរ អាវុធ គ្រឿង​ផ្ទុះ គ្រាប់រំសេវ និង​គ្រឿង​គៀន​ខុសច្បាប់ តាម​វិធានការ​ជំនាញ និង​វិធានការ​ច្បាប់​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត ប្រកប​ដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​។

​លើសពីនេះ ត្រូវ​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បំពេញ​ភារកិច្ច​តាម​ការទ​ទួលខុសត្រូវឲ្យ​មាន​ប្រសិទ្ធភាព សំដៅ​មាន​វិធានការ​បង្ក្រាប​ឲ្យបាន​ទាន់​ពេលវេលា​។​

​ថ្វី​ត្បិត​ថា ក្រុមការងារ​ចល័ត​ត្រួតពិនិត្យ ឆែកឆេរ អាវុធ គ្រឿង​ផ្ទុះ គ្រាប់រំសេវ និង​គ្រឿងញៀន​ខុសច្បាប់​នេះ មកពី​បណ្ដា​អង្គភាព​ផ្សេងៗ​គ្នា ចំណុះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក៏​ពិតមែន ប៉ុន្ដែ​មាន​ប្រធាន​ក្រុម​ទទួលខុសត្រូវ​ច្បាស់លាស់ ដូច្នេះ​ហើយ​សមាជិក​ទាំង​អស់ ត្រូវ​គោរព​ឲ្យបាន​ម៉ឺងម៉ាត់ និង​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​តាម​តួនាទី​ភារកិច្ច​ដែល​ខ្លួន​ទទួលខុសត្រូវ ពោល​ត្រូវគោរព​ទៅ​តាម​បទបញ្ជា និង​ការណែនាំ​របស់​ប្រធាន​ក្រុម​នីមួយៗ​។ នេះ​បើ​តាម​ការណែនាំ​បន្ថែម​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការបំពេញ​ការងារ​នាពេល​កន្លងមក​របស់​កង​កម្លាំង​នគរបាល​ទាំងអស់ ក្នុង​បេសកកម្ម​បម្រើ ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​ជូន​ដល់​ប្រជាពលរដ្ឋ តាម​បទបញ្ជា​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​។

​ជាក់ស្ដែង ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ កម្លាំង​អស់​ត្រូវ​បន្ដ​ពង្រឹងស្មារតី​ទ្វេរ​ដង ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព ពិសេស​តាម​ទីតាំង​ដែល​មាន​រៀបចំ​ព្រឹត្តិការណ៍​កម្សាន្ដ​សប្បាយ ដើម្បី​ទទួល​អំណរ​សាទរ​ឆ្នាំ​ថ្មី​៕​