ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុញ្ញាត​ឱ្យ​ឯកអគ្គរដ្ឋទូត​វៀតណាម ចូលជួប​ជូនពរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​នា​ពេលខាងមុខ​

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០២៥ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង ឯកឧត្តម ង្វៀន មី​ញ​វូ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​កម្ពុជា និង​លោក​វរសេនីយ៍ឯក ជិន វ៉ន់​តឹម នាយការិយាល័យ​អនុព័ន្ធយោធា​វៀតណាម ចូលជួប​ជូនពរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​នា​ពេលខាងមុខ និង​ពិភាក្សា​ការងារ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកអគ្គរដ្ឋទូត​វៀតណាម និង​លោក​វរសេនីយ៍ឯក នាយការិយាល័យ​អនុព័ន្ធយោធា​វៀតណាម ដែល​បាន​មក​ជូនពរ​ឆ្នាំ​ថ្មី​នា​ឱកាស​នេះ ដោយ​បាន​ចាត់ទុកថា​នេះ​បង្ហាញ​ពី​មនោសញ្ចេតនា ស្រឡាញ់​រាប់អាន​គ្នា និង​ពង្រឹង​នូវ​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា​-​វៀតណាម ក្នុង​ភាព​ជា​អ្នកជិតខាង​ល្អ​។​

​ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន​រំលឹក​ឡើងវិញ​ពី​ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ជាពិសេស​នៅក្នុង​ដំណាក់កាល​ថ្មី​ដែល​ប្រទេសជាតិ​មាន សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​សូម​ចងចាំ​ជានិច្ច​នូវ​ការលះបង់​ដ៏​ធំធេង​របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ក្នុង​បុព្វហេតុ​រំដោះជាតិ និង​នាំ​ប្រជាជន​កម្ពុជា​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​។​

​ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព​ប្រទេស​ទាំង​ពីរ កម្ពុជា​-​វៀតណាម ដែល​បាន​ធ្វើ​ការសហការ​ជាមួយ​គ្នា​យ៉ាង​ជិតស្និទ្ធ និង​បាន​ថ្លែងអំណរគុណ​បក្ស​រដ្ឋ កងទ័ព​វៀតណាម ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កម្ពុជា​ទាំង​មធ្យោបាយ សម្ភារៈ ថវិកា ជាពិសេស​ការជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ឲ្យមាន​ការរីកចម្រើន​។​

​ជា​ការឆ្លើយតប ឯកឧត្តម ង្វៀន មី​ញ​វូ បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ដែល​បាន​ទទួល​ស្វាគមន៍​ដល់​ប្រតិភូ​អគ្គរដ្ឋទូត​វៀតណាម និង​អនុព័ន្ធយោធា​វៀតណាម ដើម្បី​ជូនពរ​ឆ្នាំ​ថ្មី និង​បាន​សម្ដែង​នូវ​មនោសញ្ចេតនា​រីករាយ​ចំពោះ​ការ​មក​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា បាន​ឃើញ​និង​ស្គាល់​ពី​វប្បធម៌​ប្រពៃណី​ដ៏​ល្អ​ផូផង់​របស់​កម្ពុជា​។​

​ឯកឧត្តម ង្វៀន មី​ញ​វូ បាន​ជូនពរ​ឆ្នាំ​ថ្មី​ជូន​ចំពោះ​ឯកឧត្តម ទេសរដ្ឋមន្ត្រី និង​សហការី ព្រមទាំង​ក្រុមគ្រួសារ សូម​មាន​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​ខ្លាំងក្លា សុភមង្គល និង​សម្រេចបាន​ជោគជ័យ​ក្នុង​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន ពិសេស​សូម​ឱ្យ​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា​-​វៀតណាម កាន់តែ​រីកចម្រើន និង​ស្ថិតស្ថេរ​អមតៈ​៕