​អគ្គនាយកដ្ឋាន​គយ សហការ​ជាមួយ​ក្រុមហ៊ុន ជីប ម៉ុង ដុត​កម្ទេច​ទំនិញ​ល្មើសច្បាប់ និង​ខូចគុណភាព​ចំនួន ១០៧​មុខ​ស្មើ​នឹង​ទម្ងន់​៥០៧​តោន​

​ខេត្ត​កំពត​៖ នា​ព្រឹក​ថ្ងៃ​សុក្រ ២​កើត ខែ​ផល្គុន ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨​ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ​កម្ពុជា (​អគរ​) បាន​សហការ​ជាមួយ​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប ភើ​រេ​សិន រៀប ចំ​ពិធី​កម្ទេច​ទំនិញ​ល្មើសច្បាប់ និង​ទំនិញ​ខូច​គុណភាព ក្រោម អធិបតី ភាព ដ៏ ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត គុណ ញឹម​រដ្ឋមន្ត្រី ប្រតិភូ អម នាយករដ្ឋមន្ត្រី អគ្គនាយក នៃ អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា និង​លោកអ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ជា​ប្រធាន ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដោយ​មាន​ការចូលរួម​ពី តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធ​រដែ ន​ដី អង្គទូត ដៃគូ​អភិវឌ្ឍន៍ នានា អ្នកឧកញ៉ា លាង ពៅ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន តំណាង​ក្រុមហ៊ុន​នាំចូល​បារី ម្ចាស់​សិទ្ធិ​នាំចូល​ទំនិញ​មួយចំនួន មន្ត្រី​គយ និង រដ្ឋាករ និង​សាធារណជន​។

​ពិធី នេះ​រៀបចំ ឡើង​នៅ​ទីតាំង​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី​ស៊ី​មេន ខ​ប​ភើ​រេ​សិន ស្ថិតក្នុង​ភូមិ​ព្រៃ​តា​ព្រិច ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត ក្នុង គោលបំណង ធ្វើការ កម្ទេច​ទំនិញ​ល្មើសច្បាប់ និង​ទំនិញ​ខូច​គុណភាព ប្រកប ដោយ សុវត្ថិភាព និង មិន​ប៉ះពាល់ ដល់ បរិស្ថាន ។​

​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា (​អគរ​) ជា​អង្គភាព​ជំនាញ​ស្ថិត​ក្រោម​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ហើយ មាន​មុខងារ​ស្នូល​ក្នុង​ការគ្រប់គ្រង​លើ​ទំនិញ​នាំចេញ​-​នាំចូល និង​ការប្រមូល​ពន្ធ និង​អាករ​ចូល​ថវិកា​ជាតិ​។

​បន្ថែម​ពីលើ​មុខងារ​ចម្បង​នេះ អគរ ក៏​មាន​តួនាទី និង​ភារកិច្ច​សំខាន់ៗ​មួយចំនួន​ទៀត​ដូចជា ផ្តល់​កិច្ច​សម្រួល​ពាណិជ្ជកម្ម ទប់ស្កាត់​និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ និង​ការការពារ​សង្គម​។​

​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អគរ បង្ក្រាប​បាន​ទំនិញ​ល្មើស​ច្បាប់​ស្តីពី​គយ និង​ច្បាប់​ផ្សេង​ទៀត​ជាច្រើន​មុខ ក្នុងនោះ​មាន​ទំនិញ​មួយចំនួន ត្រូវបាន​ម្ចាស់​សម្រេច​ប្រគល់ជូន​រដ្ឋ មាន​សាលក្រម​សម្រេច​រឹបអូស​ជា​ទ្រព្យសម្បត្តិ​រដ្ឋ ឬ​ត្រូវ​បាន​ម្ចាស់​បោះបង់ចោល​ពុំ​ចូលខ្លួន​មក​ដោះស្រាយ និង​ទំនិញ​ផ្សេងទៀត ដែល​រក្សាទុក​ក្នុង​ទីតាំង​សន្និធិ​គយ​បណ្តោះអាសន្ន​ហួស​រយៈពេល​សំចត​ដែល​បាន​កំណត់ រហូត​ដល់​ទំនិញ​ទាំងនោះ​ត្រូវបាន​ចាត់​ចូល​ជា​ទំនិញ​គ្មាន​ការទាមទារ​ស្រប​តាម​បទ​ប្បញ្ញត្តិ​មានចែង​ក្នុង​ច្បាប់​ស្តីពី​គយ និង​ប្រកាស​លេខ ១០៩ សហវ​.​ប្រក ចុះ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០០៨ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្តីពី​ការគ្រប់គ្រង​ទំនិញ​គ្មាន​ការទាមទារ​។ បន្ថែម​លើ​នេះ អគរ ក៏​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការបង្ក្រាប​ទំនិញ​ក្លែងក្លាយ ទំនិញ​រំលោភ​កម្មសិទ្ធិបញ្ញា និង​រំលោភ​សិទ្ធិ​នាំចូល​ចែកចាយ​ផ្តាច់មុខ​ទំនិញ​មួយចំនួន​ផងដែរ​។​

​ការបំផ្លាញ និង​ដុត​ចោល​ទំនិញ​ល្មើសច្បាប់ ទំនិញ​ខូច​គុណភាព និង​ទំនិញ​ហាមឃាត់​នានា ដែល អគរ បង្ក្រាបបាន តែងតែ​ធ្វើឡើង​ជា​បន្តបន្ទាប់​ក្នុង​ទ្រង់ទ្រាយ​ដាច់ដោយឡែក​ពីគ្នា ដូច​ជា​ការ​កិន​បំផ្លាញ​កាប៊ីន​រថយន្ត ការដុត​បំផ្លាញ​សាច់​និង​គ្រឿងក្នុង​សត្វ​ខូចគុណភាព បំណែក​សាច់​ហាមឃាត់ (​ដែល​ជាប់​បម្រាម​) និង​ការចូលរួម​ដុត​បំផ្លាញ​គ្រឿងញៀន​ជាដើម​។​

​ថ្លែង​ក្នុង ពិធី នេះ ឯកឧត្តម បណ្ឌិត គុណ ញឹម បាន​លើកឡើង​ថា ការរៀបចំ​ពិធី​កម្ទេច​ទំនិញ​ល្មើសច្បាប់ និង​ទំនិញ​ខូច​គុណភាព គឺជា​ការអនុវត្ត​បន្ត​នូវ​លទ្ធផល​នៃ​ការទប់ស្កាត់​និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ និង​ការការពារ​សង្គម​។ ការដុត​បំផ្លាញ​ទំនិញ​ល្មើសច្បាប់ ទំនិញ​ខូច​គុណភាព និង​ទំនិញ​គ្រោះថ្នាក់ ដែលគ​រពូន​ក្នុងបរិ​មាណច្រើ​ន ហើយ​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​ជា​លើក​ទី​មួយ​ក្នុង​ទ្រង់ទ្រាយ​ធំ​បែបនេះ ដែល​មិន​ធ្លាប់​មាន​ពីមុនមក​។​

​អគរ បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អគ្គនាយកដ្ឋាន ក​.​ប​.​ប នៃ​ក្រសួង​ពាណិជ្ជកម្ម និង​អគ្គនាយកដ្ឋាន​គ្រប់គ្រង​សារធាតុ​គ្រោះថ្នាក់​នៃ​ក្រសួង​បរិស្ថាន ដោយ​យក​សំណាក​ទំនិញ​មួយចំនួន​មក​ធ្វើការ​វិភាគ ដើម្បី​កំណត់​វិធីសាស្ត្រ​កម្ទេច​បំផ្លាញ ជាពិសេស​ទំនិញ​ជា​ប្រភេទ​សារធាតុ​គីមី​គ្រោះថ្នាក់ និង​បាន​ជ្រើស​យក ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប ភើ​រេ​សិន (​ផ្នែក​អេកូ សា​យខ​ល​) ដែល​មាន​ឡ​ដុត​បំពាក់​នូវ​បច្ចេកវិទ្យា​មេត្រីភាព​បរិស្ថាន និង​សុវត្ថិភាព​ខ្ពស់​ក្នុង​ការកម្ទេច​ទំនិញ​ខាងលើ ដើម្បី​ធានា​ថា​មិន​មាន​ផលប៉ះពាល់​ដល់​សុខភាព​មនុស្ស សត្វ និង​បរិស្ថាន​ជុំវិញ​។​

​ក្នុងចំណោម​ទំនិញ​ដែល អគរ ទទួលបាន​គោលការណ៍​ឯកភាព​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្នុង​ការកម្ទេច​ចោល​នាពេលនេះ មាន​ចំនួន ១០៧ មុខ និង​មាន​ទម្ងន់​ប្រមាណ ៥០៧ តោន រួម​មាន​ដូចខាងក្រោម​៖
១. ទំនិញ​ល្មើស​កម្មសិទ្ធិបញ្ញា ទម្ងន់ ២ ៣១៥ គីឡូក្រាម ដែល​ត្រូវបាន​ក្រុមហ៊ុន​ទទួល​សិទ្ធិ​នាំចូល​ផ្តាច់មុខ បញ្ជាក់​ថា​រំលោភ​សិទ្ធិ​នាំ​ចូល​របស់​ខ្លួន និង​ជា​ទំនិញ​ក្លែងក្លាយ និង​បាន​ប្រគល់ជូន អគរ ធ្វើការ​កម្ទេចចោល​។​
២. ទំនិញ​ល្មើសច្បាប់ ចំនួន ៤៨ មុខ ទម្ងន់ ១៥១ តោន រួម​មាន​ក្រដាស​វេច​ខ្ចប់​បារី កន្ទុយ​ស្នោ​បារី និង​បារី​ចម្រុះ​ម៉ាក​ដែល​ពុំ​មាន​បិទ​តែមប្រិ៍ ពុំ​មាន​សារ​ព្រមាន​សុខភាព និង​ពុំ​មាន​ឯកសារ​នាំចូល​និង​ប្រភព​ច្បាស់លាស់​។ ហើយ​ក្នុងនេះ ក៏​មាន​បារី​អេឡិចត្រូនិក ដែល​ជា​ប្រភេទ​ទំនិញ​ហាមឃាត់ ចំនួន ៣៥ ៩៤៣ ដើម និង​បារី​ចំ​ម្រុះ​ម៉ាក ចំនួន ៥៨ ០៤១ ២០០ ដើម​ផង​ដែរ​។​
៣.​ទំនិញ​ខូច​គុណភាព ចំនួន ៣៣ មុខ ទម្ងន់ ៩៣ តោន ជា​ប្រភេទ​គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ ដែល​ត្រូវ​បាន​បង្ក្រាប និង​ភាគច្រើន​ជា​ទំនិញ​ដែល​ត្រូវ​បាន​រក្សាទុក​ក្នុង​សន្និធិ​គយ​បណ្តោះអាសន្ន​ហួស​រយៈពេល​សំចត​ដែល​បាន​ក្លាយជា​ទំនិញ​ខូច​គុណភាព​។​
៤. សារធាតុ​គីមី និង​សារធាតុ​គ្រោះថ្នាក់ ចំនួន ២៤ មុខ ទម្ងន់ ២៦១​តោន ។​

​សមិទ្ធផល​នេះ កើតឡើង​ដោយ​ការខិតខំ​ប្រឹងប្រែង របស់​មន្ត្រី​គយ​និង​រដ្ឋាករ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ក្នុ ង ការ អនុវត្ត ការងា រ យ៉ាង សកម្ម​ក្នុងការ​បង្ការ​បង្ក្រាប​ទំនិញ ខូច គុណភាព ទំនិញ ល្មើស កម្មសិទ្ធិបញ្ញា ដែល ជា ការចូលរួម ចំណែក ក្នុងការ ការពារ​អ្នកប្រើប្រាស់ ប្រជាពលរដ្ឋ បរិស្ថាន និង សង្គមជាតិ​។​

​ឯកឧត្តម​បណ្ឌិត គុណ ញឹម បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ចសហការ​ពី មន្ត្រី​គយ និងរ ដ្ឋា​ករ ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប ភើ​រេ​សិន និង​ការចូលរួម​ពី តំណាង ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​អង្គទូត ដៃគូ អភិវឌ្ឍន៍ នានា និង​សាធារណជន​៕​