រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​៖ EIA មិនមែនជា​អង្គភាព​រកប្រាក់ តែ​ជា​អង្គភាព​អនុវត្ត​ច្បាប់ និង​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​សុខភាព​បរិស្ថាន និង​ប្រជាជន​កម្ពុជា​

«EIA មិនមែន​ជា​អង្គភាព​ធ្វើ​អាជីវកម្ម រក​ប្រាក់​ចំណូល​នោះទេ តែ​ជា​អង្គភាព​អនុវត្ត​ច្បាប់​ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ទៅលើ​ហេតុ​ប៉ះពាល់​បរិស្ថាន ដើម្បី​ធានា​ការពារ​សុខភាព​បរិស្ថាន និង​សុខភាព​របស់​ប្រជាជន​កម្ពុជា​» នេះ​ជា​ប្រសាសន៍​របស់​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុងឱកាស​អញ្ជើញ​បើក សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ស្តីពី «​គោលការណ៍​ណែនាំ​ទូទៅ ការវាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​» និង «​ការវាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ សម្រាប់​ការវិនិយោគ​អាជីវកម្ម​ខ្សាច់ តាម​ដង​ទន្លេមេគង្គ​កម្ពុជា​» កាលពី​ថ្ងៃ​២៥ ខែម​កុម្ភៈ ឆ្នាំ​២០២៥ នៅ​រាជធានី​ភ្នំពេញ​។​

​នៅ​ចំពោះមុខ​មន្ត្រី​រាជការ តំណាង​ក្រុមហ៊ុន វិស័យ​ឯកជន និង​អង្គការ​ដៃគូ​មកពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន បាន​ថ្លែង​អំពី​តួនាទី និង​ការអនុវត្ត​ការងារ​របស់​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​(EIA) នៃ​ក្រសួង​បរិស្ថាន ដែល​ចាំបាច់​ត្រូវតែ​អនុវត្ត​តាម​ច្បាប់ ដើម្បី​ភាព​ស្អាត​លើដី ភាព​ស្អាត​ក្នុង​ទឹក និង​ភាព​ស្អាត​ក្នុង​ផ្ទៃមេឃ​។ និយាយ​ជា​រួម ប្រសិន​យើង​ជា​តំណាងឱ្យ​ប្រជាពលរដ្ឋ​ជាង ១៧​លាន​នាក់ មិន​អនុវត្ត​ច្បាប់​ផង ធ្វើ​ដូចម្តេច​នឹង​ឱ្យ​ក្រុមហ៊ុន​អនុវត្ត​ច្បាប់​បាន ហើយ​កត្តា​ផល​ជះ​ពី​ការបញ្ចេញ​កាកសំណល់ រឹង រាវ​ដែល​កើតចេញ​ពី​សកម្មភាព​មិន​ទទួលខុសត្រូវ និង​គិតតែ​ពី​ផលចំណេញ​១​មុខ​របស់​អាជីវកម្ម​មួយចំនួន ហើយ​វា​នឹង​បង្ក​ជា​ផល​អវិជ្ជមាន​ទៅ​ដល់​បរិស្ថាន ធនធានធម្មជាតិ និង​ជាពិសេស​សុខភាព​របស់​ប្រជាពលរដ្ឋ​។

​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ផ្ទាល់ សុខភាព​របស់​ប្រជាពលរដ្ឋ​គឺ​សំខាន់​ណាស់ ហើយ​មាន​តម្លៃ​ជាង​ប្រាក់​កាក់ ដែល​ក្រុមហ៊ុន​ត្រូវ​បង់​សង​មក​ក្រសួង​បរិស្ថាន នៅពេល​ដែល​ក្រសួង​បាន​រកឃើញ​ករណី​ល្មើស​ច្បាប់​នោះ​ទៅទៀត​។​

​ជាមួយគ្នា ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បានលើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​អវិជ្ជមាន ផលប៉ះពាល់​នានា ក្នុង​វិស័យ​បរិស្ថាន​ម្ដង​មួយ​ជំហានៗ ដើម្បី​ធានា​ដល់​ស្ថិរភាព​សង្គម ស្ថិរភាព​សេដ្ឋកិច្ច និង​ស្ថិរភាព​នយោបាយ មិន​ឱ្យ​ប៉ះពាល់​អ្នកវិនិយោគ​ឡើយ​។ ចំណែក​ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​(EIA)​ក៏​ប្រព្រឹត្ត​ទៅ​សមស្រប​តាម​ច្បាប់​ជា​ធរមាន ត្រឹមត្រូវ និង​មាន​តម្លាភាព​។​

​សូមបញ្ជាក់​ថា ការសិក្សា​ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន គឺ​ធ្វើឡើង​ស្រប​ជាមួយ​លើ​ការសិក្សា​លើ​ការប៉ះពាល់​បរិស្ថាន​លើ​មេឃ ក្នុង​ផ្ទៃ​ទឹក និង​នៅលើ​ដី​។

​ការសិក្សា​ឆ្លើយតប​នឹង​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ដែល​បាន​ដាក់ចេញ​ក្នុង​អាណត្តិ​ទី​៧ របស់​រាជរដ្ឋាភិបាល ដែល​មាន​សសរស្តម្ភ​ចំនួន​៣ គឺ​ភាព​ស្អាត ភាព​បៃតង និង​ចីរភាព ក្នុង​នោះ​ភាព​ស្អាត គឺ​បាន​ចង្អុលបង្ហាញ​ពី​ការអនុវត្ត​យុទ្ធសាស្ត្រ​ធ្វើឱ្យ​មាន​ភាព​ស្អាត​លើដី លើ​មេឃ និង​ទឹក​ស្អាត​។

​ជាមួយគ្នា​នេះ​ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន នៅពេល​រកឃើញថា​មាន​ផលប៉ះពាល់ គឺ​ក្រុមហ៊ុន​វិនយោ​គ អាច​ចៀសផុត​ពី​ការប៉ះពាល់ និង​ផលវិបាក​ដល់​សង្គម សេដ្ឋកិច្ច និង​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​។ សំខាន់​ជាង​នេះ​ទៀត គឺ​នាំមក​នូវ​ការវិនិយោគ​មួយ​មាន​ចីរភាព និង និរន្តរភាព​ការងារ របស់​ប្រជាពលរដ្ឋ ដែល​បម្រើ​ឱ្យ​ការវិនិយោគ​នោះ​៕​