អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រសួង​អប់រំ និង​ខេត្ត​សៀមរាប​រួម​គ្នា​បង្ការ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន អេដស៍ ចរាច​រណ៍ បារី​អេឡិចត្រូនិក និង​App NoDrug ដល់​សិស្ស និង​គរុ​សិស្ស​

​ខេត្តសៀមរាប​៖ នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភ​: ឆ្នាំ​២០២៥ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រសួង​អប់រំ យុវជន និង​កីឡា និង​ខេត្ត​សៀមរាប​បាន​រួមគ្នា​បង្ការ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន អេដស៍ ចរាច​រណ៍ បារី​អេឡិចត្រូនិច និង​App NoDrug តាមរយៈ​សិក្ខាសាលា​អប់រំ​ផ្សព្វផ្សាយ​ស្តី​ពី​ផលប៉ះពាល់​ដល់​សុខភាព​បណ្តាលមកពី​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ បារី​អេឡិចត្រូនិច ការបង្ការ​មេរោគ​អេដស៍ ជំងឺអេដស៍ និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​គរុ​សិស្ស សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ចំនួន ២១៨ នាក់​។​

​ថ្លែង​ក្នុង​នាម​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ ក្នុងឱកាស​នោះ ឧត្តមសេនីយ៍ឯក លឹម តុង​ហួត ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ អប់រំ និង​ទំនាក់ទំនង​សាធារណៈ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ថ្លែងអំណរគុណ និង​លើកឡើង​ថា បញ្ហា​គ្រឿងញៀន​គឺជា​បញ្ហា​រួម​របស់​យើងទាំងអស់គ្នា​ដែល​តម្រូវឲ្យ​មាន​ការចូល​រួម​ពី​គ្រប់​សមាសភាព បង្ការ​ទប់ស្កាត់​កុំឲ្យ​រីក​រាលដាល​ក្នុង​សហគមន៍​ដែល​ក្នុងនោះ​យុវជន​គឺ​ជា​កម្លាំង​សំខាន់​មុត​ស្រួច​ជួយ​ទៅ​ដល់​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ដល់​ក្រុមគ្រួសារ​ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​សហគមន៍ មិន​ជក់ មិន​ជួញ​គ្រឿងញៀន​ដែល​នាំទុក្ខ​ដល់​ខ្លួនឯង ក្រុមគ្រួសារ​និង​សង្គមជាតិ និង​បាន​សំនូមពរ​ដល់​អ្នកចូលរួម​ទាំងអស់​ត្រូវ​ជួយ​ផ្សព្វផ្សាយ​និង​ទាញយក App NoDrug ដើម្បី​ចូលរួម​កម្ម​ភាព​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ពិសេស​គឺ​រាយការណ៍​ដើម្បី​យក​បញ្ហា​គ្រឿងញៀន​ចេញ​ពី​សហគមន៍​។​

​ក្នុងនាម​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល ក្នុងឱកាស​នោះ ឯកឧត្តម សំកុល​សុចិ​ត្រា អភិបាលរង ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តសៀមរាប បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក៏ដូចជា​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គ្រប់​សមាសភាព​ទាំងអស់​ដែល​បានរួម​គ្នា​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន អេដស៍ គ្រោះថ្នាក់​ចរាចរណ៍ បារី​អេឡិចត្រូនិច និង​App NoDrug ជាមួយ​នេះ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​សៀមរាប​បាន​អនុវត្ត​នូវ​រាល់​វិធានការ បទដ្ឋាន​គតិយុត្តិ​នានា រាជរដ្ឋាភិបាល អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ធ្វើ​ឱ្យក្លាយ​ទៅ​ចលនា​ជាតិ​មួយ​ដែល​មាន​ការចូលរួម​គ្រប់​សមាសភាព​ទាំងអ​ស់ ការបង្ការ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​គឺ​ពិត​ជា​សំខាន់​បំផុត​សម្រាប់​ការពារ​យុវជន​ធនធាន​របស់​យើង​ក៏ដូចជា​ដល់​នូវ​ទំនុកចិត្ត​ដល់​អ្នក​ទេសចរណ៍​ឲ្យមក​កំសាន្ត​នៅ​ទឹកដី​ខេត្ត​សៀមរាប​បវរ​នៃ​យើង​ផង​ដែរ​។​

​វាគ្មិន​របស់​យើង​គឺ សាស្ត្រាចារ្យ មហា​ប​រិញ្ញា ហោ ប៊ុន​ឡេង ឧត្តមសេនីយ៍ត្រី​យិន យឿ​ត លោក ឈឹម​វិបុល បាន​ផ្ដល់​ចំណេះដឹង​ដល់​អ្នក​ចូលរួម​ពី​វិធីសាស្ត្រ បច្ចេកទេស​សំខាន់ៗ ក្នុង​ការបង្ការ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន បញ្ហា​មេរោគ​អេដស៍ ជំងឺអេដស៍ គ្រោះថ្នាក់​ចរាចរណ៍​និង​សុវត្ថិភាព​នៅលើ​ដងផ្លូវ បារី​អេឡិចត្រូនិច អត្ថប្រយោជន៍​ជំរុញ​ការទាញយក​ប្រើប្រាស់ App NoDrug របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​សំដៅ​ចូលរួម​ទាំងអស់គ្នា ក្នុង​គោលបំណង​រួម​គ្នា​ឱ្យ​អ្នកចូលរួម​ទាំងអស់​អា​ច​ក្លាយ​ជា​ជន​បង្គោល​សម្រាប់​ក្រុមគ្រួសារ​និង​សហគមន៍​របស់​ពួកគេ​៕