
គណៈមេធាវី រៀបចំវេទិកា ការផ្លាស់ប្តូរបទពិសោធន៍ ជាមួយមេធាវីវ័យក្មេង ពីបណ្តាលប្រទេស ក្នុងតំបន់អាស៊ី
គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំ នូវការជួបជុំ អ្នកប្រកបវិជ្ជាជីវៈ ឯកទេស ផ្នែកមជ្ឈត្តការ ដើម្បីពិភាក្សា ក្រោមប្រធានបទ ស្តីពី ការផ្លាស់ប្តូរបទពិសោធន៍ ជាមួយមេធាវីវ័យក្មេង ពីបណ្តាលប្រទេស ក្នុងតំបន់អាស៊ី ។
ថ្លែងបិទកិច្ចពិភាក្សា ក្រោមប្រធានបទ ស្តីពី ការផ្លាស់ប្តូរបទពិសោធន៍ ជាមួយមេធាវីវ័យក្មេង មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កិច្ចពិភាក្សានេះ គឺមានសារៈសំខាន់ណាស់ ជាពិសេស សម្រាប់សមាជិក មេធាវី កម្មសិក្សា និងមេធាវី ទើបចេញប្រកបវិជ្ជាជីវៈថ្មីៗ។ តាមរយៈការចែករំលែកបទពិសោធន៍ ពីតាមបណ្តា ប្រទេសនានា សហភាតា នឹងបានជ្រាប អំពីដំណើរវិវត្តន៍ថ្មីៗ ក្នុងវិស័យច្បាប់ ក៏ដូចជាការ ប្រកបវិជ្ជាជីវៈមេធាវី ការត្រៀមខ្លួន ការពង្រីកទំនាក់ទំនង នៅក្នុងសហគមវិជ្ជាជីវៈ ជាដើម។
ឯកឧត្តម ប្រធានគណៈមេធាវី បានបញ្ជាក់ថា ប្រធានបទនេះគឺស្របទៅនឹងសន្និសីទអន្តរជាតិ ដែលគណៈមេធាវី បានរៀបចំ កាលពីម្សិលមិញ ដែលស្តីពី ការផ្តល់ជំនួយផ្នែកច្បាប់ ក្រោមប្រធានបទ ការចែករំលែក ឧត្តមានុវត្តន៍ ដើម្បីឱ្យការផ្តល់ជំនួយផ្នែកច្បាប់ កាន់តែមានប្រសិទ្ធភាព នៅអាស៊ី។ មិនខុសគ្នាពី សន្និសីទអន្តរជាតិនោះទេ នាឱកាសនេះ វាគ្មិនកិត្តិយស និងពិភាក្សា អំពីការផ្តល់ជំនួយផ្នែកច្បាប់ផងដែរ តែនៅក្នុង បរិបទមជ្ឈត្តការអន្តរជាតិ។
ឯកឧត្តម លី ច័ន្ទតុលា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះវត្តមាន លោកស្រី ចៅក្រម Dato Mary Lim Thiam Suan លោកស្រី Karen Cheah Yee Lynn អតីតប្រធានគណៈមេធាវីម៉ាឡេស៊ី លោក Christopher Campbell-Holt ថ្នាក់ដឹកនាំ និងតំណាងគណៈមេធាវីម៉ាឡេស៊ី ប្រតិភូមេធាវី និងមជ្ឈត្តករវ័យក្មេងដែលជាអ្នកសម្រប សម្រួល និងវាគ្មិនកិត្តយស ដែលបាន ចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកកាន់ ព្រះរាជាណាចក្រកម្ពុជា និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា៕