
ប្រទេសប៉ាគីស្ថាននិយាយថា ការវាយប្រហារដែលបានសម្លាប់វិស្វករចិន០៥នាក់ ត្រូវបានគ្រោងទុកដោយជននៅប្រទេសអាហ្វហ្គានីស្ថាន
(Reuters)៖ កាលពីថ្ងៃអង្គារ យោធាប៉ាគីស្ថានបាននិយាយថា ការវាយប្រហារដោយគ្រាប់បែកអត្តឃាត ដែលបានសម្លាប់វិស្វករចិន ០៥នាក់ ត្រូវបានគ្រោងទុកដោយជននៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលជាប្រទេសជិតខាង ហើយអ្នកបំផ្ទុះគ្រាប់បែកក៏ជាជនជាតិអាហ្វហ្គានីស្ថានផងដែរ។
អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានបើករថយន្តបុកចូលទៅក្នុងក្បួនរថយន្តដឹកជញ្ជូនរបស់វិស្វករចិន ដែលកំពុងធ្វើការលើគម្រោងទំនប់វារីអគ្គិសនីនៅភាគពាយព្យ ប្រទេសប៉ាគីស្ថានកាលពីខែមីនា ដោយបានសម្លាប់មនុស្ស ០៦នាក់ ។
អ្នកនាំពាក្យយោធាប៉ាគីស្ថាន លោកឧត្តមសេនីយ៍ទោ Ahmed Sharif បានប្រាប់សន្និសីទសារព័ត៌មាននៅរដ្ឋធានី Islamabad ថា “ការវាយប្រហារទាំងនោះត្រូវបានគ្រោងទុកដោយជនក្នុងប្រទេសអាហ្វហ្គានីស្ថាន រថយន្តដែលប្រើក្នុងការវាយប្រហារនេះត្រូវបានរៀបចំនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតក៏ជាជនជាតិអាហ្វហ្គានីស្ថានផងដែរ”។
រដ្ឋបាលគ្រប់គ្រងដោយក្រុមតាលីបង់នៅប្រទេសអាហ្វហ្គានីស្ថានមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។
រដ្ឋធានីកាប៊ុលធ្លាប់បាននិយាយថា ការកើនឡើងនៃអំពើហិង្សានៅក្នុងប្រទេសប៉ាគីស្ថាន គឺជាបញ្ហាក្នុងស្រុកសម្រាប់រដ្ឋធានី Islamabad ហើយបានបដិសេធមិនអនុញ្ញាតឲ្យពួកសកម្មប្រយុទ្ធប្រើប្រាស់ទឹកដីរបស់ខ្លួនឡើយ៕