​អាជ្ញាធរ​ខេត្ត​រតនគិរី បើក​កិច្ចប្រជុំ​ពិភាក្សា និង​វាយតម្លៃ​អចលនទ្រព្យ​សម្រាប់​ជា​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា នៅ​ខេត្ត​រតនគិរី​

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្ត​រតនគិរី​បាន​រៀបចំ​កិច្ចប្រជុំ ពិភាក្សា និង​វាយតម្លៃ​អចលនទ្រព្យ​សម្រាប់​ជា​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា នៅ​ខេត្ត​រតនគិរី​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាខេត្ត អាគារ​C ក្រោម​អធិបតីភាព​ឯកឧត្តម ញ៉ែម សំអឿន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី និង​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អភិបាលរង​ខេត្ត អភិបាល​ក្រុង​ស្រុក ប្រធាន​មន្ទីរ​និង​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​រូប​ផង​ដែរ​។​

​ជាមួយគ្នានេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី មានប្រសាសន៍ថា​កិច្ចប្រជុំ​នា​ឱកាស​នេះ ដើម្បី​ពិនិត្យ ពិភាក្សា វាយតម្លៃ និង​ផ្ដល់​ជា​មតិ​យោបល់​កែតម្រូវ​ទាំងអស់គ្នា សម្រាប់​ជា​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ក្នុង​ខេត្ត​រតនគិរី អោយ​កាន់តែ​មាន​ភាពត្រឹមត្រូវ និង​តម្លៃ​សមស្រប​សម្រាប់​ម្ចាស់​អចលនទ្រព្យ ។​

​ក្នុង​កិច្ចប្រជុំ​នេះ​មន្ដ្រី​ជំនាញ​ពន្ធដារ​បានធ្វើ​បទ​បង្ហាញ ស្ដីពី ការបែងចែក​ភូមិសាស្ដ្រ និង​តម្លៃ​ថ្មី ក៏ដូចជា​បន្ថែម​ទីតាំង​មួយចំនួន​ដែល​មិនទាន់​មាន​ដាក់​តម្លៃ នៃ​ការគិត​ពន្ធ​ប្រថាប់ត្រា លើ​អចលនទ្រព្យ តាម​ភូមិសាស្ដ្រ​មួយចំនួន ទាំង​ក្នុង​ក្រុង​បាន​លុង និង​តាម​ស្រុក​នីមួយៗ ជូន​អង្គប្រជុំ​ពិនិត្យ ពិភាក្សា និង​កែតម្រូវ​ជាថ្មី ឡើងវិញ ។​

​ក្នុងនោះ ឯកឧត្ត ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី ក៏បាន​ផ្ដល់​អនុសាសន៍​អោយ​មន្ដ្រី​ជំនាញ និង​អភិបាល​ក្រុង​ស្រុក​ពាក់ព័ន្ធ​ត្រូវ​ពិភាក្សា និង​វាយតម្លៃ​អោយបាន​ម៉ត់ចត់​ទៅលើ​តម្លៃ​នីមួយៗ ដើម្បី​ធ្វើ​យ៉ាងណា​អោយមាន​ភាពសមស្រប​សម្រាប់​ម្ចាស់​អចលនទ្រព្យ ក៏ដូចជា​សមស្រប​សម្រាប់​រដ្ឋ ដើម្បី​ធ្វើអោយ​ការប្រមូល​ពន្ធ​មាន​ប្រសិទ្ធិភាព​៕