គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួង​អធិការកិច្ច នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​ដោយ ឯកឧត្តម​រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក​ឧត្តមសេនីយ៍ទោ Do Minh Phuong អនុប្រធាន​ក្រុមហ៊ុន Viettel

​រដ្ឋធានី​ហាណូយ​៖ ថ្ងៃ​ចន្ទ ទី​១០ ខែមិថុនា ឆ្នាំ​២០២៤ ឯកឧត្តម​រដ្ឋមន្ត្រី ហួត ហាក់ បាន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួង​អធិការកិច្ច នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជួបពិភាក្សា​ការងារ លោក​ឧត្តមសេនីយ៍ទោ Do Minh Phuong អនុប្រធាន​ក្រុមហ៊ុន Viettel នៅ​ទី​ស្នាក់​កណ្តាល​ក្រុមហ៊ុន ដែល​ស្ថិត​នៅ​រដ្ឋធានី​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​ក្នុងឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ អនុប្រធាន​ក្រុមហ៊ុន Viettel បាន​ជម្រាប​ជូន​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួង​អធិការកិច្ច​កម្ពុជា អំពី​សាវតា បេសកម្ម និង​សមិទ្ធផល​នានា​របស់​ក្រុមហ៊ុន​ដែល​សម្រេចបាន​នា​ពេលកន្លងមក ហើយ​បាន​ប្រែក្លាយ​ជា​ក្រុមហ៊ុន​ដ៏​ធំ ឈាន​មុខ​គេ​នៅ​ប្រទេស​វៀតណាម និង​បាន​ចូលរួមចំណែក​យ៉ាង​ច្រើន​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេស​វៀតណាម ព្រមទាំង​បាន​ពង្រីក​សក្ដានុពល​តា​ម​រយៈ​ការធ្វើសមាហរណកម្ម​ទៅ​ក្នុង​ទីផ្សា​អន្តរជាតិ​យ៉ាង​ខ្លាំងក្លា ជាពិសេស​ការបង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៅក្នុង​បណ្ដា​ប្រទេស​ជា​មិត្ត​នៅក្នុង​អាស៊ី ក៏ដូចជា​នៅ​ប្រទេស​កម្ពុជា គឺ​ក្រុមហ៊ុន​មិត្ត​ហ្វូន (Metfone) ជា​បុត្រ​សម្ព័ន្ធ​របស់ ក្រុមហ៊ុន​Viettel ដែល​បាន​វិនិយោគ​ចាប់តាំងពី​ខែ​កុម្ភៈ ឆ្នាំ​២០០៩​មក​ម្លេះ​។​

​ជា​ការឆ្លើយតប ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ ដែល​បាន​មក​ជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ក្រុមហ៊ុន Viettel នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុមហ៊ុន និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​របស់ លោក​ឧត្តមសេនីយ៍ទោ និង​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន ចំពោះ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួង​អធិការកិច្ច ព្រមទាំង​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នានា​របស់​ក្រុមហ៊ុន ជាពិសេស​នៅ​កម្ពុជា ក្រុមហ៊ុន Metfone បាន​ចូលរួម​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា ក៏ដូចជា​ការចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៅ​កម្ពុជា តួ​យ៉ាង​ក្រុមហ៊ុន Metfone បាន​ផ្ដល់​ឱកាស​ការងា​រ​ពេញ​ម៉ោង​ដល់​ប្រជាជន​កម្ពុជា​ប្រមាណ​ជា ៣,០០០​នាក់ ការងារ​ក្រៅ​ម៉ោង​ប្រមាណ ១០,០០០​នាក់ និង​មាន​ការិយាល័យ​លក់ ចំនួន ៣០,០០០​កន្លែង មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​នេះ​បាននិងកំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការអភិវឌ្ឍ​ឌី​ជី​ថ​លូ​ប​នីយកម្ម​នៅ​កម្ពុជា មាន​ជាអាទិ៍ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល វេទិកា និង​សេវាកម្ម ក្នុង​ការបង្កើត​សង្គម​ឌីជីថល​។​ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី កត់សម្គាល់ឃើញ​ថា ក្រុមហ៊ុន Metfone តែងតែ​បង្ហាញ​នូវ​ភាព​សកម្ម​ក្នុង​ការទទួលខុសត្រូវ​សង្គម (Corporate Social Responsibility) និង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​របស់​វៀតណាម​នៅ​កម្ពុជា ដែល​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​ទុនវិនិយោគ​ផ្ទាល់​ពី​ប្រទេស​វៀតណាម​មក​កម្ពុជា​។

​ក្រុមហ៊ុន Viettel និង Metfone តែងតែ​បង្ហាញ​នូវ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ យកចិត្តទុកដាក់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា រួមចំណែក​ជា​ជំនួយ​ថវិកា​យ៉ាងច្រើន​ដល់​សកម្មភាព​សង្គមកិច្ច និង​មនុស្សធម៌​។ មុន​នឹង​បញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជូនពរ​ដល់​ក្រុមហ៊ុន Viettel នៅ​ប្រទេស​វៀតណាម ក៏​ដូចជា​ក្រុមហ៊ុន Metfone នៅ​កម្ពុជា​សូម​ទទួលបាន​ការអភិវឌ្ឍ​រយៈពេល​វែង និង​ទទួលបាន​ជោគជ័យ​ក្នុង​មុខ​ជំនួញ​ដែល​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម របស់​ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា​ឈាន​ឆ្ពោះ​ទៅរ​ការរីកចម្រើន​ជឿនលឿន​ទៅ​មុខ​ជា​និច្ច​និរន្ត​ន៍​៕